ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ គាំទ្រ​ឲ្យ​ទូទាត់​«​ប្រាក់​យ៉​ន់​»​តាម​ធនាគារ តែ​មិនមែន​ចាយ​ជា​ក្រដាសប្រាក់​ទេ​!
31, Oct 2018 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) គាំទ្រ​ឲ្យ​មានការ​ទូទាត់​ប្រាក់​យ៉​ន់​របស់​ចិន និង​ប្រាក់រៀល​កម្ពុជា ក្នុង​ប្រព័ន្ធ​ធនាគារ សម្រាប់​ការដោះដូរ​ទំនិញ​របស់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ​។ រីឯ​ការយក​សាច់ប្រាក់​យន់​មក​ចាយ​នៅ​កម្ពុជា គឺ​ធនាគារជាតិ​គ្មាន​គោលដៅ​នេះឡើយ​។ នេះ​ជាការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ធនាគារជាតិ​។

 
NBC បានរៀបចំ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃទី​៣០​ខែតុលា ក្នុង​បំណង​ពន្យល់​ដល់​សាធារណជន ឲ្យ​ចៀសវាង​ការ​យល់ថា ស្ថាប័ន​ខ្លួន​គាំទ្រ​ឲ្យ​មានការ​ចរាចរ​សាច់ប្រាក់​យ៉​ន់​នៅ​កម្ពុជា​។ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ លើកឡើងថា ធនាគារជាតិ​គាំទ្រ​ឲ្យ​មានការ​ទូទាត់​ទៅវិញទៅមក​រវាង​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល​របស់​ពាណិជ្ជករ​ប្រទេស​ទាំងពីរ ជាជាង​ការពឹងផ្អែក​តែ​ទៅលើ​ដុល្លារ​។ 
 
«​យើង​ចង់​ឲ្យ​ពា​ណិ​ករ​កម្ពុជា​ទូទាត់​ឲ្យ​ចិន​ជា​ប្រាក់​យ៉​ន់ ហើយ​យើង​ចង់​ឲ្យ​ចិន​ទូទាត់​ឲ្យ​ពា​ណិ​ករ​យើង​វិញ​ជា​ប្រាក់រៀល​។ នេះ​ជា​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ ដែល​យើង​កំពុង​ដើរ​តាម​កន្លង​និន្នាការ​អន្តរជាតិ ហើយ​ម្យ៉ាងទៀត​យើង​ក៏​កំពុង​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ដោយ​ប្រយោល​ផងដែរ​»​។ នេះ​ជាការ​ពន្យល់​របស់លោក​ស្រី ជា សិរិ​។​
 
​មិនមែន​តែ​ចិន​នោះទេ កម្ពុជា​ចង់​ធ្វើការ​ទូទាត់​ផ្ទាល់​រវាង​រូបិយ​បណ្ណ​ទ្វេភាគី​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ ដោយ​មិនចាំបាច់​ទូទាត់​ជា​លុយ​ដុល្លារ​អាមេរិក​ឡើយ​។ លោកស្រី ជា សិរី ថ្លែង​ដូច្នេះ​ថា​៖«​កិច្ចសហការ​នេះ យើង​មិន​ចង់​ធ្វើ​តែ​ជាមួយ​ចិន​នោះទេ បច្ចុប្បន្ន​ក្នុង​តំបន់​អាស៊ាន គឺ​គេ​ចង់​ទូទាត់​ជា​រូបិយវត្ថុ​ជាតិ​រៀងៗ​ខ្លួន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដោយ​ប្រទេស​ទាំងនេះ​មិន​ចង់​ពឹងផ្អែក​ខ្លាំង​ទៅលើ​ដុល្លារ​អាមេរិក​ជាដើម​នោះទេ​។ បើ​ពឹង​លុយ​ដុល្លារ​អាមេរិក​ច្រើន​ដូច​សព្វថ្ងៃនេះ ពេល​អាមេរិក​មាន​បញ្ហា​អ្វី នោះ​យើង​នឹងរង​ផលប៉ះពាល់​»​។​
 
​លោកស្រី ជា សិរី អះអាងថា NBC មិន​គាំទ្រ​ឲ្យ​ចាយ​ក្រដាសប្រាក់​យ៉​ន់​នៅ​កម្ពុជា​ឡើយ​។ «​មិនមែន​បានន័យថា ឲ្យ​ចិន​ដឹក​លុយ​យ៉​ន់​យកមកប្រើ​ប្រាស់​នៅ​កម្ពុជា​នោះទេ យើង​អត់​ចង់បាន​ដូច​ករណី​ដុល្លារ​សព្វថ្ងៃនេះ​ទេ​»​។​តាមពិត​អ្វីដែល​យើង​ធ្វើ​នេះ គឺ​តែ​លុយ​ក្នុង​ប្រព័ន្ធ​ធនាគារ​ទេ គឺ​មានតែ​តួលេខ​ទេ​។ ឧទាហរណ៍​ពាណិជ្ជករ​កម្ពុជា​នាំ​ឥដ្ឋការ៉ូ​ពី​ចិន ដូចនេះ​ត្រូវ​យកលុយ​រៀល ឬ​ដុល្លារ​របស់ខ្លួន ដូរ​យកលុយ​យ៉​ន់ ក្នុង​ប្រព័ន្ធ​ធនាគារ ហើយ​ទូទាត់​ឲ្យ​ភាគី​ចិន​។ ផ្ទុយ​មកវិញ​ក្នុងករណី​ចិន​ទិញ​អង្ករ​ពី​ពាណិជ្ជករ​កម្ពុជា ដែល​ពីមុន​ទូទាត់​ជា​ដុល្លារ បានន័យថា​ចិន​ត្រូវ​ដូរ​លុយ​យ៉​ន់​មក​ដុល្លារ​ហើយ​ឲ្យ​មក​ពាណិជ្ជករ​យើង​។ តែ​អ្វីដែល​យើង​ចង់​ជំរុញ គឺ​ឲ្យ​អាជីវករ​ចិន យកលុយ​យ៉​ន់​របស់ខ្លួន ដូរ​យកលុយ​រៀល ហើយ​ទូទាត់​មក​អាជីវករ​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ជា សិរិ​។​
 
​ទោះ​មានការ​បកស្រាយ​ដូចខាងលើ​នេះ​ក៏ដោយ ប៉ុន្តែ​មិន​មានន័យថា​នឹង​គ្មាន​ក្រដាស​លុយ​យ៉​ន់​នៅ​កម្ពុជា​នោះដែរ​។ កន្លងមក គេ​បាន​ប្រទះឃើញ​លុយ​យ៉​ន់​ចាយវាយ​នៅ​ខេត្ត​ព្រះសីហនុ​។ លោកស្រី ជា សិរី បកស្រាយ​ដូច្នេះ​ថា​៖«​កម្ពុជា គឺ​ប្រទេស​សេរី យើង​អត់​បិទ​មូលធន​ទេ ទាំង​ចេញ ទាំង​ចូលក្នុង​ប្រទេស​។ ហើយ​លុយ​ដែល​ប្រើប្រាស់ យើង​ក៏​អត់​មានការ​ហាមឃាត់​ដែរ​។ តែ​យើង​ចង់​ឲ្យ​ប្រជាជន​ទុកចិត្ត​ប្រាក់រៀល ពេលនោះ ពួកគាត់​នឹង​យកតែ​លុយ​រៀល​»​។​
 
​តួលេខ​ក្នុងពេល​ថ្មីៗ​នេះ បង្ហាញថា ការទូទាត់​ប្រាក់​យ៉​ន់​ក្នុងការ​ជួញដូរ​ធំៗ មានការ​កើនឡើង​។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​នាំចូល​ទំនិញ​ពី​ចិន ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​ទូទាត់​ជា​ប្រាក់​យ៉​ន់​ឲ្យ​ចិន ដែល​គិត​ជា​ដុល្លារ​ស្មើ ១៣០​លាន​ដុល្លារ​។ ដោយឡែក​កម្ពុជា​នាំចេញ​ទៅ​ចិញ​វិញ មាន​ចំនួន ៧៥៣​លាន​ដុល្លារ ហើយ​ទូទាត់​ជា​ប្រាក់​យ៉​ន់​មកវិញ​ប្រមាណ ៩​ភាគរយ​។ មន្ត្រីជាន់ខ្ពស់ NBC ចាត់ទុក​ទំហំ​ទូទាត់​នេះ​ថា​នៅ​តិច​នៅឡើយ​។​
 
​ប៉ុន្តែ​យោងតាម​តួលេខ​ខាងលើនេះ ការទូទាត់​ជា​ប្រាក់​យ៉​ន់​ក្នុងការ​ដោះដូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា និង​ចិន ត្រូវបាន​ធ្វើជា​បណ្ដើរៗ​ហើយ រីឯ​ការទូទាត់​ជា​ប្រាក់រៀល ដូច​ការចង់បាន​រប​ស់ NBC នោះ ហាក់​មិន​ជាក់ស្ដែង​នោះទេ​៕
 

Tag:
 ប្រាក់​យ៉​ន់​
  ជា សិរី​
  ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com