នាយកផ្នែកបច្ចេកទេស និងអ្នកបច្ចេកទេសជាច្រើននាក់ក្នុងក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវបានបណ្តេញចេញនៅថ្ងៃពុធទី ៣១ ខែតុលានេះ បន្ទាប់ពីមានករណីធ្លាក់យន្តហោះប៊ូអ៊ីង 737 (Max8) ដឹកមនុស្ស ១៨៩ នាក់ជាមួយផងនោះ។
រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya Sumadi ជាអ្នកចេញបញ្ជាឲ្យមានការបណ្តេញចេញមន្ត្រីទទួលបន្ទុកកិច្ចការបច្ចេកទេស និងបណ្តាអ្នកពាក់ព័ន្ធនឹងការត្រួតពិនិត្យបច្ចេកទេសយន្តហោះក្នុងក្រុមហ៊ុនអាកាសចរណ៍ Lion Air នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី Antara។
ទីភ្នាកងារដដែលនេះបានស្រង់សម្តីរដ្ឋមន្ត្រីដូច្នេះ៖ «ថ្ងៃនេះខ្ញុំនឹងបណ្តេញប្រធានផ្នែកបច្ចេកទេសដោយដាក់មនុស្សផ្សេងទៀតជំនួស។ មន្ត្រីបច្ចេកទេសផ្សេងទៀតដែលពាក់ព័ន្ធនឹងការពិនិត្យយន្តហោះ និងអនុញ្ញតឲ្យហោះហើរដោយធានាថា គ្មានបញ្ហានោះក៏ត្រូវបណ្តេញចេញដូចគ្នាដែរ»។
ការឈានទៅបណ្តេញនាយកគ្រប់គ្រងបច្ចេកទេសនិងអ្នកជំនាញនេះធ្វើឡើងដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Lion Air កាលពីថ្ងៃចន្ទទី ២៩ ខែតុលា ពេលចាកចេញពីរដ្ឋធានីហ្សាការតាទៅកាន់កោះ Bangka Balitung។
យន្តហោះម៉ាកប៊ូអ៊ីង 737 (Max 8) ដែលបានធ្លាក់ពេលហោះបានត្រឹម ១៣នាទីពីហ្សាការតានេះបានដឹកអ្នកដំណើរ និងអ្នកបម្រើការងារនៅលើយន្តហោះចំនួនសរុប ១៨៩ នាក់។
មកដល់ពេលបច្ចុប្បន្ននេះក្រុមការងារប្រហែល ៨១២នាក់ត្រូវបានគេពង្រាយទៅកាន់ទីតាំងកើតហេតុដើម្បីជួយដល់ប្រតិបត្តិការក្នុងនោះមានខ្លះជាអ្នកស្ម័គ្រចិត្ត, ក្រុមកាកបាទក្រហម និងទីភ្នាក់ងាររដ្ឋាភិបាលផង។ ចំណែកអ្នកមុជទឹក ១០០នាក់កំពុងបន្តប្រតិបត្តិការរបស់ខ្លួននៅឡើយ ដើម្បីស្វែងតួយន្តហោះទាំងមូល និងសាកសពជនរងគ្រោះ។
CNN ឥណ្ឌូណេស៊ីផ្សាយដោយស្រង់សម្តីអាជ្ញាធរសង្គ្រោះឥណ្ឌូណេស៊ីថា គ្មានអ្នកនៅមានជីវិតណាមួយត្រូវបានគេរកឃើញឡើយ។ ផ្ទុយទៅវិញ ក្រុមស្វែងរកប្រមូលបានបំណែកសាកសព ៤៩ ស្បោងរួចទៅហើយ ហើយវាត្រូវបានបញ្ជូនឲ្យអ្នកជំនាញធ្វើកោសល្យវិច្ច័យ និងកំណត់អត្តសញ្ញាណផងដែរ។ ប៉ុន្តែអាជ្ញាធរនេះបានសង្កត់ធ្ងន់ថា បំណែកសាកសពអាចលាយឡំគ្នាក្នុងស្បោងនីមួយៗ ហើយគេក៏ប្រហែលជាមិនអាចស្វែងរកឃើញសាកសពរបស់ជនរងគ្រោះទាំង ១៨៩ នាក់ដែរ។
យ៉ាងណាក៏ដោយចុះ មូលហេតុនៃការធ្លាក់នេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈក្រុមស៊ើបអង្កេតរបស់ក្រុមហ៊ុន ប៊ូអ៊ីងបានមកដល់ឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះតាមការស្នើសុំរបស់អាជ្ញាធរឥណ្ឌូណេស៊ីដើម្បីជួយបំបែកសំណុំរឿងនេះ។ វាជារឿងដែលចម្លែកបំផុតមួយ ព្រោះបើតាមក្រុមហ៊ុនប៊ូអ៊ីង យន្តហោះដែលធ្លាក់ជាប្រភេទយន្តោះថ្មីបំផុត និងទំនើបបំផុតដែរ។ យន្តហោះប្រភេទនេះមានត្រឹម ១១គ្រឿងប៉ុណ្ណោះក្នុងក្រុមហ៊ុន Lion Air។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីពឹងផ្អែកសំខាន់លើការធ្វើដំណើរតាមផ្លូវអាកាសដើម្បីភ្ជាប់ទៅកាន់កោះផ្សេងទៀតរាប់ពាន់ទូទាំងប្រទេស។ ប៉ុន្តែទោះជាបែបនេះក្តី សុវត្ថិភាពអាកាសចរណ៍ឥណ្ឌូណេស៊ីស្ថិតនៅកម្រិតទាបណាស់ ហើយកន្លងមកប្រទេសនេះរងគ្រោះច្រើនដងដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះនេះ៕