អន្តរជាតិ
អាមេរិកប្រាប់ម៉ូយអាវុធ «តៃវ៉ាន់» ឲ្យបង្កើនការចំណាយផ្នែកយោធា លោក David Helvey ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិក (រូបភាពពីក្រសួងការពារជាតិអាមេរិក)
× នៅដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក David Helvey បានប្រាប់ឲ្យតៃវ៉ាន់បង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់ចិន។ ខណៈតៃវ៉ាន់ជាម៉ូយអាវុធដ៏ធំរបស់អាមេរិកនោះ លោក Helvey អះអាងថា ការប្រឹងប្រែងរបស់តៃវ៉ាន់សព្វថ្ងៃនឹងមានបញ្ហា បើមិនមានការចំណាយច្រើនទេនោះ។ មន្ត្រីអាមេរិករូបក៏មិនភ្លេចរិះគន់ចិនដែលបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ដែរ។
ទោះគ្មានចំណងការទូតផ្លូវការមែន អាមេរិក និងតៃវ៉ាន់ មានទំនាក់ទំនងស្អិតល្មួតខ្លាំង ខណៈអាមេរិកជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់កោះមួយនេះ ប្រឈមមុខការគំរាមរបស់ចិន។ រដ្ឋសភាអាមេរិកក៏ទើបបើកភ្លើងខៀវឲ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ លក់អាវុធទៅឲ្យក្រុងតៃប៉ិដែរ។ យ៉ាងណាមិញ មន្ត្រីមន្ទីរបញ្ចកោណបានណែនាំឲ្យតៃវ៉ាន់បង្កើនបរិមាណចំណាយសម្រាប់វិស័យការពារជាតិរបស់ខ្លួនឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាព។
ក្នុងសន្និសីទស្ដីពីឧស្សាហកម្មការពារជាតិអាមេរិក-តៃវ៉ាន់នៅថ្ងៃទី៣០ ខែតុលា ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក David Helvey និយាយថា តៃវ៉ាន់ត្រូវការធនធានដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន មានបំពាក់គ្រឿងបរិក្ខារទំនើបៗ និងការហ្វឹហាត់ដើម្បីកំញើញ ឬបើចាំបាច់ត្រូវកម្ចាត់ការឈ្លានពានរបស់ចិន។ បើតាមកាសែតហុងកុង South China Morning Post លោក Helvey សង្កត់ធ្ងន់ថា សេចក្ដីព្យាយាមរបស់តៃវ៉ាន់នៅបច្ចុប្បន្ននេះ នឹងថយចុះ បើកញ្ចប់ថវិការបស់ខ្លួនមិនបង្កើនទេនោះ។
មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះបានវាយប្រហារក្រុងប៉េកាំងដែលព្យាយាមបិទដង្ហើមការទូតតៃវ៉ាន់លើឆាកអន្តរជាតិ ស្របគ្នានោះក៏បានបង្កើនសកម្មភាពយោធារបស់ខ្លួននៅតំបន់ខ្សែកោះទីមួយ (First Island Chain) ។ ខ្សែកោះទីមួយនេះលាតសន្ធឹងពីតៃវ៉ាន់រហូតដល់ជប៉ុន ពោលគឺបណ្ដាកោះដែលនៅបន្ទាប់ពីតំបន់ដីគោកនៃអាស៊ីបូព៌ា។ សម្រាប់លោក Helvey សកម្មភាពរបស់ចិនក្នុងការបង្កើនសមត្ថភាពវាយប្រហាររបស់ខ្លួន នឹងបញ្ចប់ស្ថានភាពគ្មានជម្លោះយោធានៅច្រកតៃវ៉ាន់។
ក្រោមច្បាប់ស្ដីពីទំនាក់ទំនងជាមួយតៃវ៉ាន់ អាមេរិកដែលឈប់ទទួលស្គាល់នៅឆ្នាំ១៩៧២ បានលក់អាវុធទៅឲ្យកោះមួយនេះដើម្បីរក្សាសមត្ថភាពការពារខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការការពារតៃវ៉ាន់ពីការឈ្លានពាន។ ប៉ុន្តែវាក៏ធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកមិនតិចដែរ ព្រោះអាមេរិកបានទទួលស្គាល់ប៉េកាំងជាតំណាងស្របច្បាប់តែមួយគត់របស់ចិន។
ជារឿយៗ ក្រុងប៉េកាំងបានគំរាមប្រើកម្លាំងយោធាដើម្បីវាយដណ្ដើមតៃវ៉ាន់មកត្រួតត្រា បើមេដឹកនាំតៃវ៉ាន់ហ៊ានប្រកាសផ្ដាច់ខ្លួននោះ។ ថ្មីៗនេះ ប្រមុខការពារជាតិចិន វៃ ហ្វឹងហឺ ប្រកាសថា ចិនមិនអនុញ្ញាតឲ្យមានការបាត់បង់ទឹកដីមួយចម្រៀកណាពីតៃវ៉ាន់ឡើយ ខណៈលោកប្រធានាធិបតី ស៊ី ជិនភីង វិញក៏ប្រាប់ឲ្យបញ្ជាការដ្ឋានកងទ័ពដែលទទួលខុសត្រូវតៃវ៉ាន់ត្រៀមខ្លួនធ្វើសង្គ្រាមដែលអាចកើតឡើងផងដែរ៕
Tag:
អាមេរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com