កីឡាអន្តរជាតិ
អន្តរជាតិ
Cavani នាំមុខ Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Golden Foot ឆ្នាំ​២០១៨
31, Oct 2018 , 5:23 pm        
រូបភាព
Edinson Cavani ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain បាន​នាំ​មុន​គូប្រជែង Cristiano Ronaldo និង Lionel Messi ដើម្បី​ឈ្នះ​ពានរង្វាន់ Golden Foot ដែល​ធ្វើឡើង​ក្នុងប្រទេស Monaco នៅ​រាត្រី​ថ្ងៃទី ៣០ ខែតុលា​។​


 
​ពានរង្វាន់ Golden Foot រៀបចំ​ដោយ World Champions Club ដើម្បី​ផ្តល់ជូន​ដល់​កីឡាករ​រូប​ណា​ដែល​លេង​បានល្អ​ជាងគេ​ប្រចាំឆ្នាំ ដែលមាន​អាយុ​ចាប់ពី​២៨​ឆ្នាំ​ឡើងទៅ ដោយ​ផ្អែកលើ​ការបោះឆ្នោត​ពី​សំណាក់​អ្នកសារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​។​
 
 ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ ៣១​ឆ្នាំនេះ បាន​នាំមុខ​ពិន្ទុ Ronaldo ខ្សែប្រយុទ្ធ​ក្រុម Juvenuts និង Messi កីឡាករ​ឆ្នើម​របស់ Barcelona រួមទាំង​មិត្ត​រួម​ជាតិ​របស់គេ Luis Suarez ដើម្បី​ទទួលបាន​ពាន​នេះ​។ ពាន Golden Foot កីឡាករ​បាល់ទាត់​ម្នាក់​ឈ្នះ​បានតែ​១​លើក​ប៉ុណ្ណោះ​។


Cavani បាន​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​នៅក្នុង​ទឹកដី​កំណើត​របស់​ជាមួយ​ក្លិប Danubio មុនពេល​ផ្លាស់​ទៅ​អឺរ៉ុប​ជាមួយនឹង​ក្រុម​នៅ​អ៊ីតាលី Palermo ក្នុង​ឆ្នាំ ២០០៧​។​
​ចាប់តាំងពី​រដូវ​កាល ២០០៨-០៩ រូបគេ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ប្រើប្រាស់​ទាំង​ជើង​ស្តាំ និង​ឆ្វេង​នៅ​គ្រប់​រដូវ​កាល​អំឡុងពេល​លេង​ឲ្យ Palermo, Napoli និង​ក្រុម​ម្ចាស់​ជើងឯក Ligue 1 របស់​បារាំង PSG ផងដែរ​។​
 
​សម្រាប់​ក្រុម​ជម្រើសជាតិ​វិញ Cavani រក​គ្រាប់​បាល់​បាន ៤៦​គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ១០៦​ប្រកួត និង​ជួយ​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ​ជើងឯក Copa America ក្នុង​ឆ្នាំ ២០១១​ទៀតផង​៕
 


 
 
​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន Golden Foot មានដូចជា​៖
 
២០០៣  Roberto Baggio  (​អ៊ីតាលី​, Brescia)​
២០០៤  Pavel Nedvěd  (​សាធារណរដ្ឋ​ឆេ​ក​, Juventus)
២០០៥  Andriy Shevchenko (​អ៊ុ​គ្រែ​ន​, AC Milan)​
២០០៦  Ronaldo  (​ប្រេ​ស៊ី​ល​, Real Madrid)
២០០៧  Alessandro Del Piero  (​អ៊ីតាលី​, Juventus)
២០០៨  Roberto Carlos  (​ប្រេ​ស៊ី​ល​, Fenerbahçe)
២០០៩  Ronaldinho  (​ប្រេ​ស៊ី​ល​, Milan)
២០១០  Francesco Totti  (​អ៊ីតាលី​, Roma)
២០១១  Ryan Giggs  (​វេ​លស៍​, Manchester United)
២០១២  Zlatan Ibrahimović  (​ស៊ុយអែត​, PSG)
២០១៣  Didier Drogba  (​កូដ​ឌី​វ័រ​, Galatasaray)
២០១៤  Andrés Iniesta  (​អេ​ស្ប៉ា​ញ​, Barcelona)​
២០១៥  Samuel Eto'o  (​កា​មេ​រ៉ូ​ន​, Antalyaspor)​
២០១៦ Gianluigi Buffon  (​អ៊ីតាលី​, Juventus)​
២០១៧  Iker Casillas  (​អេ​ស្ប៉ា​ញ​, Porto)

Tag:
 បាល់ទាត់​
  Golden Foot
  Edinson Cavani
© រក្សាសិទ្ធិដោយ thmeythmey.com