ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីបំណងចង់លុបចោលគោលការណ៍ផ្តល់សិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើត (birthright citizenship) ប៉ុន្តែបញ្ហានេះកំពុងក្លាយជារឿង ចម្រូងចម្រាសនិងធ្វើឲ្យមានការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកសាធារណរដ្ឋថែមទៀត។
ការលើកឡើងរបស់លោក ត្រាំ កំពុងធ្វើឲ្យមានការជជែកដេញដោលខ្លាំងក្នុងចំណោមអ្នកនយោបាយអាមេរិកជាពិសេសសមាជិកបក្សសាធារណរដ្ឋផ្ទាល់។
ក្នុងបទសម្ភាសន៍ជាមួយ Axios on HBO ថ្ងៃ ៣០ ខែតុលា លោក ត្រាំ បាននិយាយថា លោកចង់ចេញបទបញ្ជាប្រតិបត្តិ (executive order) ដើម្បីបញ្ចប់ការផ្តល់សិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើតសម្រាប់ទារកដែលកើតនៅអាមេរិកពីឪពុកម្តាយដែលមិនមែនជាជនជាតិអាមេរិក ឬជនអន្តប្រវេសន៍ខុសច្បាប់។
លោកបានពន្យល់ថា ការផ្លាស់ប្តូរសិទ្ធិដើម្បីទទួលបានសញ្ជាតិពីកំណើតនេះជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋបាលលោកក្នុងការប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ហើយលោកអាចប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីបញ្ចប់សិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AP វិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិកលើកទី ១៤ បានធានាផ្តល់សិទ្ធិដល់ទារកដែលចាប់កំណើតនៅអាមេរិកក្នុងការទទួលបានទទួលបានសញ្ជាតិអាមេរិក។
ជារួម ប្រឆាំងអន្តោប្រវេសន៍ជាយុទ្ធសាស្ត្រមួយរបស់រដ្ឋបាលលោក ត្រាំ ក្នុងការទាញប្រជាប្រិយភាពបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណតិ្តមកដល់នៅសប្តាហ៍ក្រោយនេះ។
ការពិត ប្រធានាធិបតីមានអំណាចចេញបទបញ្ជាឯកតោភាគីដើម្បីធានាការអនុវត្តច្បាប់ ឬដោះស្រាយបញ្ហាប្រឈមណាមួយ ដោយមិនចាំបាច់ឆ្លងកាត់សភា។ បទបញ្ជានេះមានអនុភាពគតិយុត្តិស្មើនឹងច្បាប់ដែលចេញពីសភាដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំនាញរដ្ឋធម្មនុញ្ញបានបន្តចោទសួរជុំវិញភាពស្របច្បាប់នៃការប្រើអំណាចប្រតិបត្តិដោយគ្មានការយល់ព្រមពីសភានោះ។
មកដល់ពេលនេះសូម្បីតែសមាជិកបក្សសាធារណរដ្ឋជាមួយលោក ត្រាំ ក៏អះអាងរួចទៅហើយដែរថា បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ មិនអាចកែប្រែចំណុចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះតាមអំពើចិត្តទេ។
ប្រធានសភាតំណាងរាស្ត្រឬ រដ្ឋសភាដែលមកពីបក្សសាធារណរដ្ឋលោក Paul Ryan បានបញ្ជាក់ហើយថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចបញ្ចប់ការផ្តល់សញ្ជាតិពីកំណើតដោយគ្រាន់តែប្រើប្រាស់បទបញ្ជាប្រតិបត្តិឡើយ។
លោកពន្យល់ថា ជាអ្នកសាធារណរដ្ឋដែលមាននិន្នាការអភិក្ស គ្រប់គ្នាមានជំនឿលើច្បាប់កំពូលរបស់រដ្ឋដែលសំដៅលើរដ្ឋធម្មនុញ្ញនេះ។ លោកបន្ថែមថា កាលជំនាន់លោក បារ៉ាក់ អូបាម៉ា បណ្តាសមាជិកបក្សសាធារណរដ្ឋនាំគ្នាប្រឆាំងនឹងការព្យាយាមប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីប្តូរច្បាប់អន្តោប្រវេសន៍ដែរ៕