អន្តរជាតិ
អាមេរិក​៖ «​ស្ត្រី​មូស្លីម​ពីររូប​»​នឹង​ឈាន​ឈ្នះឆ្នោត​ជា​តំណាងរាស្ត្រ​អាមេរិក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
31, Oct 2018 , 6:10 pm        
រូបភាព
លោកស្រី Ilhan Omar បេក្ខជនតំណាងរាស្ត្របក្សប្រជាធិបតេយ្យនៅរដ្ឋមីនីសូតា
លោកស្រី Ilhan Omar បេក្ខជនតំណាងរាស្ត្របក្សប្រជាធិបតេយ្យនៅរដ្ឋមីនីសូតា
ដោយ: ថ្មីៗ
​អ្នកនយោបាយ​ជា​ស្ត្រី​មូស្លីម​ពីររូប​នឹង​ឈាន​ឆ្ពោះទៅ​ការផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ធ្វើជា​សមាជិកសភា​តំណាងរាស្ត្រ (House of Representatives) លើកដំបូង​បំផុត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ (Midterm Election) ថ្ងៃ ៦​ខែវិច្ឆិកា​នេះ​។ វា​ក្លាយជា​រឿង​ប្រវត្តិសាស្ត្រ​មួយ ហើយ​សភា​អាមេរិក​នឹង​ឈានទៅ​មាន​តំណាងរាស្ត្រ​មូស្លីម​សរុប​បីនាក់​ដែរ​។


 
​ស្ត្រី​ទាំងពីរ​រូបនោះ​សុទ្ធតែជា​បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ ហើយ​អ្នក​ទាំងពីរ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​មណ្ឌល​ដែល​ខ្លួន​ឈរឈ្មោះ​ដែរ​។ ការប្រកួតប្រជែង​តំណាង​តំណាងរាស្ត្រ​របស់​អ្នកនយោបាយ​ទាំងពីរ​ក៏​កើតឡើង ស្របពេល​ដែល​និ​ន្ន​ការប្រឆាំង​មូស្លីម​កើនឡើង​នៅ​សហរដ្ឋអាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ដែរ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្ត្រី​ទីមួយ​គឺ​លោកស្រី Ilhan Omar ដែលជា​ជនភៀសខ្លួន​ជនជាតិ​សូ​ម៉ាលី​។ ត្រូវបាន​គេ​ស្នើ​តែ​តាំង​ជា​បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​មី​នី​សូ​តា​ដែល​សម្បូរ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ ភាគរយ​ខ្ពស់​ណាស់​ដែល​លោកស្រី​នឹងត្រូវ​គេ​បោះឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃ ៦ ខែវិច្ឆិកា​ខាងមុខ​ឲ្យ​ធ្វើជា​តំណាងរាស្ត្រ​។​
 
 លោកស្រី Omar ដែល​បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​កំណើត​ពេល​មាន​សង្គ្រាមស៊ីវិល​ក្នុងពេល​ខ្លួន​មាន​អាយុ​ប្រាំបី​ឆ្នាំ​នោះ   មាន​ប្រជាប្រិយភាព​ដោយសារ​ខ្លួន​ជា​អ្នកមាន​និ​ន្ន​ការ​នយោបាយ​ជឿនលឿន​ដែល​គាំទ្រ​ការអប់រំ​ថ្នាក់​សាកលវិទ្យាល័យ និង​ផ្តល់​លំនៅដ្ឋាន​មិន​គិត​ថៃ្ល និង​កែទម្រង់​ប្រព័ន្ធ​យុ​ត្តិ​ធ៌​ជាដើម​។ ម្យ៉ាងទៀត លោកស្រី​ក៏​នឹង​ក្លាយជា​តំណាងរាស្ត្រ​ជនជាតិ​អាមេរិក​ដើមកំណើត​សូ​ម៉ាលី​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។  
 
​ចំណែក​បេក្ខជន​ម្នាក់ទៀត​គឺ លោកស្រី Rashida Tlaib​។ មាន​ឪពុកម្តាយ​ជា​ជនអន្តោប្រវេសន៍​ប៉ា​ឡេ​ស្ទី​ន និង​កើត​នៅ​ក្រុង Detroit លោកស្រី​បានធ្វើ​កិច្ចការងារ​សង្គម​យ៉ាង​កម្ម​ម្នាក់ និង​ធ្លាប់ធ្វើ​រដ្ឋអាជ្ញា​ផង​។ នៅ​ឆ្នាំ ២០០៨ លោកស្រី​ក្លាយជា​ស្ត្រី​មូស្លីម​ដំបូង​គេ​បង្អស់​ដែល​ជាប់ឆ្នោត​ជា​សមាជិកសភា​ប្រចាំ​រដ្ឋ Michigan ដែរ  ហើយ​បច្ចុប្បន្ន លោកស្រី​ឈរឈ្មោះ​ជា​សមាជិកសភា​សហព័ន្ធ​តំណាង​រដ្ឋ Michigan ហើយ​ការ​ឈ្មោះ​លើក​នេះ​គ្មាន​បេក្ខជន​ប្រកួតប្រជែង​ជាមួយ​ឡើយ​។ ក្រោយ​ការបោះឆ្នោត​សប្តាហ៍​ក្រោយ លោកស្រី​នឹង​ជំនួស​លោក John Conyers តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ចុះ​ចេញពី​តំណែង​ដោយសារ​ពាក់ព័ន្ធ​រឿងអាស្រូវ​ផ្លូវភេទ​។​
 
​ត្រឡប់មកវិញ អ្នក​ទាំងពីរ​នឹង​ក្លាយជា​ស្ត្រី​មូស្លីម​ដំបូង​បំផុត​ដែល​នឹង​បំពេញការងារ​ជា​សមាជិកសភា​អាមេរិក​នោះ ហើយ​ចំនួន​តំណាងរាស្ត្រ​មូស្លីម​នៅក្នុង​សភា​អាមេរិក​នឹង​កើនឡើង​ដល់ បី​រូប​នៅពេល​ខាងមុខ​។ សមាជិកភាប​ក្ស​ប្រជាធិបតេយ្យ​លោក Andre Carson ប្រចាំ​រដ្ឋ Indiana និង ជា​ប្រជាជន​មូស្លីម​ដែល​នោះ នឹង​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការទទួល​បានការ​បោះឆ្នោត​ឲ្យ​បន្ត​កាន់តំណែង​ជាថ្មីទៀត​ដែរ​។​
 
​តាមពិតទៅ​តំណាងរាស្ត្រ​ស្ត្រី​ទាំងពីរ​ខាងលើ មាន​គោលជំហរ​ប្រឆាំងនឹង​គោលនយោបាយ​ប្រធានាធិបតី ត្រាំ  និង​បក្ស​សាធារណរដ្ឋ​ដែល​រឹតត្បិត​លើ​ជនអន្តោប្រវេសន៍​ជាពិសេស​ដាក់​គោលដៅ​លើ​ប្រជាជន​មូស្លីម ក៏ដូចជា​គោលនយោបាយ​សុខ​ភិ​បាល​ដែល​មិន​សមប្រកប​។ គួរបញ្ជាក់​បន្តិច​ដែរ​ថា ស្ថិតក្រោម​អាណត្តិ​លោក ត្រាំ វា​មានការ​កើនឡើង​នៃ​និន្នាការ​ស្អប់ និង​រើសអើង​ប្រជាជន​មូស្លីម​នៅក្នុង​សង្គម​អាមេរិក​ខ្លាំង​ផងដែរ​៕ 
 

Tag:
 អាមេរិក​
  មូស្លីម​
  បោះឆ្នោត​សភា
© រក្សាសិទ្ធិដោយ thmeythmey.com