ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី ស្មី​ត សុំ​ឲ្យ​រដ្ឋមន្ត្រី​ដែនដី ជួយ​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​
01, Nov 2018 , 10:15 am        
រូបភាព
លោក ជា សុផារ៉ា ទទួលស្វាគមន៍ចំពោះលោកស្រី ស្មីត នៅទីស្តីការក្រសួងដែនដី។ រូបពីក្រសួងដែនដី
លោក ជា សុផារ៉ា ទទួលស្វាគមន៍ចំពោះលោកស្រី ស្មីត នៅទីស្តីការក្រសួងដែនដី។ រូបពីក្រសួងដែនដី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មកដល់​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​សុំ​ជួប​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ មុនគេ ដើម្បី​ពិភាក្សា​ពី​បញ្ហាដីធ្លី​នៅ​កម្ពុជា​។


 
​ក្រោយ​ចប់​កិច្ចប្រជុំ ក្រសួង​ដែនដី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​គាំទ្រ​ចំពោះ​វិស័យ​ដីធ្លី​និង​សំណង់ រួមទាំង​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​និង​លំនៅដ្ឋាន​។ 
 
​នៅ​ចំពោះមុខ​លោក ជា សុផារ៉ា លោកស្រី រ៉ូ​ណា ស្មី​ត បានស្នើ​ឲ្យ​មានការ​ចុះបញ្ជី​ដីធ្លី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ប​ញ្ឆៀ​ស​ការចូល​ទន្ទ្រាន​កាន់កាប់ ពី​បុគ្គល​ឬ​ក្រុម​ណាមួយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដោយបាន​សរសេរ​ទៀតថា លោកស្រី ក៏​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ដីធ្លី​នៅ​ទូទាំងប្រទេស​ផងដែរ ដែលជា​បញ្ហា​ស្នូល​អំពី​សិទ្ធិមនុស្ស ដោយ​ការប្រើប្រាស់​ដី​ជា​មូលដ្ឋាន​សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព លុបបំបាត់​ភាពក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង​។ 
 
​លោក ជា សុផារ៉ា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖«​លោកស្រី រ៉ូ​ណា ស្មី​ត សម្តែង​ការគាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេចបាន ជាពិសេស​ក្នុង​វិស័យ​ដីធ្លី​និង​លំ​ដ្ឋា​ន​មានតម្លៃ​សមរម្យ​»​។​
 
«​លោកស្រី រ៉ូ​ណា ស្មី​ត បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់លោក​រដ្ឋមន្ត្រី ក្នុង​ការធានា​សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដើម្បី​លុបបំបាត់​ភាពក្រីក្រ​»​។ នេះ​ជា​សំណេរ​ដែល​បង្ហោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (United Nations Human Rights in Cambodia)​។ 
 
​តាម​កម្មវិធី​ដែល​គ្រោងទុក អ្នករាយការណ៍​ពិសេស​រូប​នះ ត្រូវ​ជួប​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី នៅ​កម្ពុជា​លើក​ទី​៥​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។  
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកស្រី នៅតែ​សុំ​ជួប​លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​។ ប៉ុន្តែ សំណើរ​របស់​លោកស្រី ត្រូវបាន​ច្រានចោល ដូច​កាលពី​លោកស្រី ស្នើសុំ ពេល​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៧​ដែរ​៕ 

Tag:
 រ៉ូ​ណា ស្មី​ត​
  ជា សុផារ៉ា​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com