ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! បំបាត់ និង​បង្ការ​បញ្ហា​ទល់លាមក តាមបែប​ធម្មជាតិ ដោយ​គ្រាន់តែ​ធ្វើ​ដូចនេះ​
01, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា អាកា​រៈ​ទល់លាមក គឺ​កើតមានឡើង​នៅពេល​ចលនា​ពោះវៀន​ជួប​ការពិបាក ហើយ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់ ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិ​ពុ​ល​នានា​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ទល់លាមក ឬ​ចង់​បង្ការ​បញ្ហា​នេះ​កុំ​ឲ្យ​កើតឡើង ចូរ​បន្ត​អាន​ដោយ​យកចិត្តទុកដាក់​។



អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ទប់ទល់ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក តាមរយៈ​ការទទួល​ទាន និង​ទម្លាប់​ប្រចាំថ្ងៃ ៖

១. ក្រូចឆ្មារ​
 
​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ និង​សកម្ម​។​
 
២. កាហ្វេ​

​ការ​ទទួលទាន​កាហ្វេ គឺ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកមាន​ថាមពល​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​ការរំលាយ​អាហារ​មាន​ចលនា​សកម្ម​ប្រសើរ​ផងដែរ​។ គ្រាន់តែ​ត្រូវ​ប្រាកដថា អ្នក​មិន​ទទួលទាន​ច្រើន​ហួស​កម្រិត​ពេក ក៏​ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បង្ក​អាកា​រៈ​ទល់លាមក​។​
 
៣. ផ្លែ​ចេក
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ប៉ូ​តា​ស្យូ​ម ដែល​សម្រួល​ដល់​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយបាន ១ ក្នុង​មួយថ្ងៃ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក​។​
 
៤. ផ្លែ​ព្រូន​
 
​មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អប្រសើរ​ចំពោះ​ការដោះស្រាយ​បញ្ហា​ពិបាក​ក្នុងការ​បត់ជើងធំ​។ ផ្លែឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស​សៃ និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេលយប់​។​
 
៥. យ៉ា​អ៊ួ​រ
 
Gut flora ឬ​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន និង​ជួយ​រំលាយ​អាហារ គឺ​ត្រូវតែមាន​សុខភាព​ល្អ ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក ឬ​រាក​។ នៅពេល​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​គ្មាន​តុល្យភាព នោះ​បញ្ហា​ទាក់ទង​ការរំលាយ​អាហារ​ប្រាកដជា​កើតឡើង​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​នាំយក​នូវ​តុល្យភាព​នៃ Gut flora ត្រឡប់​ទៅ​ដូច​ប្រក្រតី​វិញ​បាន គឺ​ការ​ទទួលទាន​យ៉ា​អ៊ួ​រ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ឲ្យ​បាន​ពី ១ ទៅ ៣ ពែង ក្នុង​មួយថ្ងៃ​។ ទទួលទាន ១ នៅពេល​ព្រឹក ហើយ​នៅសល់​ទុក​ទទួលទាន​ជា​អាហារសម្រន់​។​

៦. ប្រកាន់ខ្ជាប់​ទម្លាប់​ល្អ​មួយ​
 
​ប្រសិនបើ​អ្នក​ចង់​សម្រាល​អាកា​រៈ ឬ​បង្ការ​បញ្ហា​ទល់លាមក​កុំ​ឲ្យ​កើតឡើង ការប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​មួយ គឺជា​វិធី​ដ៏​ងាយ ហើយ​មាន​ប្រសិទ្ធិភាព​បំផុត​។ អ្នក​ត្រូវ​កំណត់ពេល​សម្រាប់​ពោះវៀន​របស់​អ្នក​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយថ្ងៃ ទោះបីជា​នៅពេល​គ្មានអ្វី​ចេញមក​ក៏ដោយ​។ អ្នក​គ្រាន់តែ​ស្ងប់​អារម្មណ៍​ផ្ដល់​ភាព​ធូរស្រាល​ដល់​ខ្លួនឯង ហើយ​រាងកាយ​របស់​អ្នក​ក៏​នឹង​យល់​ធ្វើបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com