អន្តរជាតិ
ប្រមុខការទូតអាមេរិក៖ ចិនត្រូវធ្វើខ្លួនឲ្យដូចប្រទេសធម្មតា ហើយចេះគោរពច្បាប់អន្តរជាតិ រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងសមភាគីចិន វ៉ាង យី នាជំនួបនៅប៉េកាំង (រូបភាព AFP)
× ក្រៅតែពីការដំឡើងពន្ធលើទំនិញរបស់ចិនក្នុងជម្លោះពាណិជ្ជកម្ម រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ទើបបានចោទប្រកាន់ជនជាតិចិន៨នាក់ថា ព្យាយាមលួចបច្ចេកវិទ្យាអាកាសចរណ៍អាមេរិក និងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឈីបរបស់ចិនក្រោមហេតុផលសន្តិសុខជាតិ។ ទង្វើរបស់ចិនបែបនេះ ត្រូវបានប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាត់ទុកជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែងដ៏ធំលើសន្តិសុខជាតិរបស់អាមេរិក។
ក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Laura Ingraham Show នៅថ្ងៃទី៣១ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងជាថ្មីការតវ៉ារបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោនជុំវិញជម្លោះពាណិជ្ជកម្មជាមួយចិន។ លោក ប៉ុមប៉េអូ បានភ្ជាប់ករណីក្រសួងយុត្តិធម៌អាមេរិកចោទចារកម្មចិនថាប៉ុនប៉ងលួចបច្ចេកវិទ្យាផលិតម៉ាស៊ីនយន្តហោះចម្បាំងនៅពេលថ្មីៗនេះទៅនឹងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងរុញច្រានចិនឲ្យចេញឆ្ងាយ។
លោក ប៉ុមប៉េអូ អះអាងថា ករណីចិនលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក គឺជាសំណុំរឿងកើតឡើងរាប់សិបឆ្នាំមកហើយ ប៉ុន្តែរដ្ឋបាលលោក ត្រាំ គឺជារដ្ឋាភិបាលដំបូងគេដែលប្រឹងប្រែងតបតនឹងចិនវិញ ហើយវាយបកលើគ្រប់វិស័យទាំងអស។ សម្រាប់ប្រមុខការទូតអាមេរិក ពាណិជ្ជកម្មជាចំណុចចាប់ផ្ដើម ដោយអ្វីដែលលោក ត្រាំ ចង់បានពីចិន គឺការធ្វើពាណិជ្ជកម្មដែលមានទៅមានមកនិងមានយុត្តិធម៌ ហើយត្រូវឈប់លួចកម្មសិទ្ធិបញ្ញាពីអាមេរិក។
«វាជាការប្រឹងប្រែងគ្រប់មុខព្រួញក្នុងនាមរដ្ឋាភិបាលអាមេរិក និងតាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី ត្រាំ ក្នុងបញ្ចុះបញ្ចូលឲ្យចិនធ្វើទង្វើដូចប្រទេសធម្មតាក្នុងវិស័យពាណិជ្ជកម្ម និងចេះគោរពច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់របស់លោក ប៉ុមប៉េអូ ។ ដូចការអះអាងថា អាមេរិកប្រឆាំងចិនគ្រប់រឿងនោះ លោកក៏ឆ្លៀតរិះគន់ក្រុងប៉េកាំងលើសំណុំរឿងចាស់ គឺការផ្ដល់ជំនួយ ឬកម្ចីទៅឲ្យប្រទេសជាច្រើនជុំវិញពិភពលោក។
ជារឿងដែលអាមេរិកលើកយកមកវាយប្រហារចិនមិនចេះដាច់ លើកនេះលោករដ្ឋមន្ត្រីការបរទេសអាមេរិកបង្ហាញក្ដីបារម្ភជាថ្មីថា ចិនបានធ្វើឲ្យប្រជាជនជាច្រើនក្នុងបណ្ដាប្រទេសនៅអាហ្វ្រិក អាមេរិកកណ្ដាល និងឡាទីន ធ្លាក់ក្នុងអន្ទាក់បំណុល ដែលធ្វើឲ្យប្រទេសទាំងនោះជួបបញ្ហាឈឺចាប់រាប់ទសវត្សរ៍ឯណោះ។ អាមេរិករឹតតែបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅខេត្តស៊ីនជាំងភាគលិច ជាទីដែលក្រុមជនភាគតិចវីហ្គ័ររងការបំពានសិទ្ធិមនុស្សខ្លាំង។
ជុំវិញរឿងបំណុល ទោះជាគ្មានរបាយការណ៍ផ្លូវការក្ដី កម្ចីរបស់ចិនទៅកាន់អាហ្វ្រិកបានកើនឡើងខ្លាំងដែលអាចមានដល់ទៅ១៤៣ពាន់លានដុល្លារ ខណៈការវិនិយោគដោយផ្ទាល់របស់ចិនក៏មានច្រើនសន្ធឹកសន្ធាប់ដែរដូចជានៅកេនយ៉ា អាល់ហ្សេរី សំប៊ី និងនីហ្សេរីយ៉ាជាដើម។ នៅតំបន់ឡាទីនវិញ ស្ថាប័នគំនិតផ្ដួចផ្ដើមស្រាវជ្រាវចិននិងអាមេរិក ចិនបានបណ្ដាក់ទុនផ្ទាល់ចំនួន២៥០ពាន់លានដុល្លារចន្លោះឆ្នាំ២០១៥-២០១៩ និងថែម៥០០ពាន់លានដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្ម៕
Tag:
អាមេរិក
ចិន
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com