ONE Championship
កីឡាជាតិ
ជាតិ
កែវ រំ​ចង់ ចង់​ឡើង​សង្វៀន ONE Super Series ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​ពិភពលោក​ស្គាល់​
01, Nov 2018 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​កែវ រំ​ចង់ ដែលជា​កីឡាករ​ប្រដាល់​ល្បី​នៅ​កម្ពុជា​មួយរូប កំពុងមាន​ឆន្ទៈ​ចង់​ចូល​ប្រកួត​បែប​អន្តជាតិ​ជាមួយ​ស្ថាប័ន​ប្រដាល់​ពិភពលោក ONE Championship ដើម្បី​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ​។ កែវ រំ​ចង់ បាន​វិលត្រឡប់​ចូល​សង្វៀន​ឡើងវិញ ក្រោយ​ជាសះស្បើយ​ពីរ​បួស​បង្ក​ពី​គ្រោះថ្នាក់​ចរាចរណ៍ កាលពីដើមឆ្នាំ​២០១៨ ។ ការវិល​ចូល​សង្វៀន​វិញ​របស់​កែវ រំ​ចង់ បានទទួល​ជ័យជម្នះ​ផ្ទួនៗ តាមរយៈ​ការប្រើ​ជំនាញ​ទាត់​ជើង​គូប្រកួត​ឲ្យ​បោះបង់​ការប្រកួត​។​

 
​ខណៈដែល ONE Championship កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កីឡាករ​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​នោះ អ្នកលេង​គុន​ខ្មែរ កែវ រំ​ចង់ មាន​ឆន្ទៈ​ចង់​ឡើង​វាយ​លើស​ង្វៀន ONE Super Series ដើម្បី​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ និង​កាន់​តែមាន​ភាពល្បីល្បាញ​។ ការបង្ហាញ​បំណង​បែបនេះ ព្រោះ​គេ​យល់ថា មានតែ​សង្វៀន​នេះ​ទេ ដែល​អាចជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់ និង​ធ្វើ​ឲ្យ​គេ​ជួប​គូប្រកួត​ដែលមាន​សមត្ថភាព​ខ្ពស់​។  
 
​កីឡាករ កែវ រំ​ចង់ ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​គុន​ខ្មែរ​ជាង​១០​ឆ្នាំ​បានបង្ហាញ​ពី​គោលបំណង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់បង្ហាញ​សមត្ថភាព​របស់ខ្ញុំ​ដល់​ពិភពលោក​ឲ្យ​បាន​ស្គា​ល់ពី​ក្បាច់គុន​ខ្មែរ​ដ៏​អស្ចារ្យ​របស់​យើង​»​។ 


 
​បើ​ទទួលបាន​កុងត្រា​ពី ONE មែន​នោះ កីឡាករ​កម្ពុជា​រូបនេះ នឹងត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក​ដូចជា Nieky Holzken ហៅ "The Natural&quot និង Andy Souwer ជាដើម​។ កីឡាករ​មកពី​ខេត្តបាត់ដំបង​រូបនេះ​រំពឹងថា តាមរយៈ​បទពិសោធ​ប្រកួត​ប្រដាល់សេរី​លើស​ង្វៀន​ជាង​១៦០​លើក រូបគេ​នឹង​ទទួលបាន​ដំណឹង​ល្អ​ពី​ស្ថាប័ន​ប្រដាល់ ONE​។​
 
​លក្ខណៈពិសេស​របស់​កីឡាករ​កម្ពុជា គឺមាន​ភាព​អត់ធ្មត់ ពូកែ​ស៊ូទ្រាំ​ការលំបាក និង​ជំនាញ​ប្រើ​កែង ដែល​ចំណុច​ទាំងនេះ​ធ្វើ​ឲ្យ​កីឡាករ​បរទេស​ព្រួយបារម្ភ​ពេល​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​។ «​ចំណុច​ពិសេស​របស់​អ្នក​ប្រដាល់​ខ្មែរ​គឺ​យើង​ជំនាញ​ប្រើ​កែង​។ គូប្រកួត​យើង​ភាគច្រើន​ភ័យខ្លាច​បច្ចេកទេស​ប្រើ​កែង​របស់​យើង​ណាស់​។ កីឡាករ​ប្រដាល់​ខ្មែរ​ពូកែ​អត់ធ្មត់ ហើយ​អាច​ស៊ូទ្រាំ​នឹង​ការលំបាក​បាន​គ្រប់បែបយ៉ាង​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាករ កែវ រំ​ចង់​។ 


 
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​គោលបំណង​ទៅ​អនាគត​ថា រូបគេ​ចង់​ក្លាយជា​គ្រូបង្វឹក​គុន​ខ្មែរ និង​រស់នៅក្នុង​ជីវភាព​បែប​សាមញ្ញៗ​។  បច្ចុប្បន្ន​រូបគេ និង​ឪពុក​កំពុង​ក​បង្ហាត់​សិស្ស​ក្នុង​ក្លិប​«​ដំបងក្រញូង​កីឡា​»​នៅលើ​ទឹកដី​កំណើត​ខេត្តបាត់ដំបង ដែល​ក្លិប​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​អភិរក្ស​គុន​ខ្មែរ និង​ជួយ​បណ្តុះបណ្តាល​ក្មេងៗ​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ទៅ​អនាគត​។ 
 
​រំ​ចង់ បាន​រៀបរាប់ថា​៖«​ខ្ញុំ​ចង់​បង្កើត​ក្លិប​កីឡា​មួយ​នៅ​បាត់ដំបង​សម្រាប់​យុវវ័យ​យើង​។ យើង​នឹង​ព្យាយាម​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បាន​ចូលរួម​ក្នុង​វិស័យ​កីឡា​ដើម្បី​សុខភាព និង​ឲ្យ​ពួកគាត់​អាច​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​»​។​


 
​កែវ រំ​ចង់ ជា​កីឡាករ​ប្រដាល់សេរី​ដ៏​ល្បីល្បាញ​មួយរូប​នៅ​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ជួយ​វិស័យ​សិល្បៈ​ក្បាច់គុន​ខ្មែរ​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ គេ​ជឿជាក់ថា បើ​រូបគេ​បាន​ចូលរួម​ជាមួយ ONE Super Series វិស័យ​កីឡា​គុន​ខ្មែរ​នឹងមាន​ភាពល្បីល្បាញ​កាន់តែខ្លាំង​៕ 

Tag:
 ​កែវ រំ​ចង់​
  ONE Super Series
© រក្សាសិទ្ធិដោយ thmeythmey.com