ជាតិ
បុណ្យអុំទូក
បេក្ខជន​៤​រូប ទទួលបាន​ជ័យលាភី នៃ​ការប្រកួត​រចនា​ខ្លោង​របារ​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨
01, Nov 2018 , 7:19 pm        
រូបភាព
រូបបានពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ (១)
រូបបានពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ (១)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​ប៊ិន សុ​បញ្ញា លោក​ឆៀង នឿន លោក​ខន រត​ថៃ និង​លោក ហេង ភីរុន ជា​បេក្ខជន​ទាំង​៤​រូប​ទទួលបាន​ជ័យលាភី នៃ​ការប្រកួត​រចនា​ខ្លោង​របារ​កាត់​ទទឹងផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨​។​

 
​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០​តុលា លោក ប៊ិន សុ​បញ្ញា ទទួលបាន​ជ័យលាភី​លេខ​១​។ ស្នាដៃ​របស់ លោក ទទួលបាន​ការគាំទ្រ​ចំនួន​៦,៦០០Like នឹងត្រូវ​រដ្ឋបាល​រាជធានី​ដាក់​ដំឡើង​នៅលើ​មហាវិថី​នរោត្តម​ចំណុច​វិមានឯករាជ្យ​។​


 
​ស្នាដៃ​របស់លោក ឆៀង នឿន ទទួលបាន​ជ័យលាភី​លេខ​២ មានការ​គាំទ្រ​ចំនួន ២៦០០Like នឹងត្រូវ​ដាក់​ដំឡើង​នៅលើ​វិថី​ព្រះស៊ីសុវត្ថិ​ចំណុច​រូបសំណាក់​តេ​ជោ​មាស​តេ​ជោ​យ៉​ត​។ ខ្លោង​របារ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ  ត្រូវដាក់​ដំឡើង​នៅ​មហាវិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្តេច​ជួន​ណាត ជា​ស្នាដៃ​របស់ លោក ខន រត​ថៃ ទទួលបាន​ការគាំទ្រ​ចំនួន ១.៨០០Like​។



ដោយឡែក ស្នាដៃ​របស់លោក ហេង ភីរុន នឹងត្រូវ​ដាក់​ដំឡើង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ចំណុច​មុខ​នាឡិកា​។ ស្នាដៃ​នេះ​ទទួលបាន​ការគាំទ្រ​ចំនួន ១.២០០Like ជា​ជ័យលាភី​លេខ​៤​។ 


 
​ស្នាដៃ​របស់​បេក្ខជន​ទាំង​៤​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​វាយតម្លៃ​ជ្រើសរើស​រូបភាព​ចំនួន ៥​រូបភាព ដើម្បី​ធ្វើ​ប្រជាមតិ​រយៈពេល​៣​ថ្ងៃ នៅក្នុង​Page​រដ្ឋបាល​រាជធានី​ភ្នំពេញ កន្លងទៅ​។​
 
​សូមបញ្ជាក់ថា ការ​រចនា​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​នេះ ផ្ដោតលើ​សោភណភាព​ស្រស់ស្អាត រួមទាំង​ការបង្ក​ប់​ទៅដោយ​រចនាប័ទ្ម​ខ្មែរ​។ បន្ថែម​លើ​នេះ ខ្លឹមសារ​អក្សរ នៅលើ​ខ្លោង​របារ​គឺ អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

Tag:
 អុំទូក​
  ជ័យលាភី​
 ​ប្រកួត​
© រក្សាសិទ្ធិដោយ thmeythmey.com