កីឡាអន្តរជាតិ
អន្តរជាតិ
Rooney និង Ibrahimovic មានឈ្មោះ​ប្រជែង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ MLS អាមេរិក​
01, Nov 2018 , 2:37 pm        
រូបភាព
​អតីត​កីឡាករ​របស់ Manchester United ពីររូប Wayne Rooney និង Zlatan Ibrahimovic សុទ្ធតែ​ជាប់​ឈ្មោះ ប្រជែង​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល (Most Valuable Player) នៃ​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​អាមេរិក Major League Soccer ប្រចាំឆ្នាំ​២០១៨​។​



Rooney ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម DC United រួមជាមួយ​ខ្សែប្រយុទ្ធ Los Angeles Galaxy កីឡាករ Ibrahimovic មានឈ្មោះ​ក្នុង​បញ្ជី​៥​នាក់​ចុងក្រោយ​ក្នុងការ​ដណ្តើមពាន MVP បន្ទាប់ពី​បង្ហាញខ្លួន ក្នុង​រដូវ​កាល​ដំបូង​ដូចគ្នា​នៅ​ទឹកដី​អាមេរិក​។​
 
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៣​ឆ្នាំ អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​១២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​៧​លើក ក្នុងការ​បង្ហាញខ្លួន​២០​ប្រកួត និង​រួមចំណែក​យ៉ាងសកម្ម​ដើម្បី​ជួយ​ឲ្យ DC United ឈានទៅ​កាន់​វគ្គ​ជម្រុះ Play-offs ពានរង្វាន់ MLS រដូវ​កាល​២០១៨​នេះ​។​


 
Rooney ដែលជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ក្រុម​បិសាច​ក្រហម បាន​ចាក​ចេញពី​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester បន្ទាប់ពី​ស្នាក់នៅ​រយៈពេល​១៣​ឆ្នាំ ដើម្បី​ត្រឡប់​ទៅ​ក្រុម​ចាស់ Everton នៅ​ឆ្នាំ ២០១៧ មុន​ផ្លាស់​ទៅ​ទឹកដី​អាមេរិក កាលពី​ខែមិថុនា​ឆ្នាំ ២០១៨​។​
 
​ចំណែក Ibrahimovic ដែលជា​អតីត​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ស៊ុត​បាន ២២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​១០​លើក ក្នុងការ​បង្ហាញខ្លួន ២៧​ប្រកួត​ឲ្យ LA Galaxy បន្ទាប់ពី​ចាកចេញ​ពី​ទឹកដី Old Trafford កាលពី​ខែមីនា​ឆ្នាំ​២០១៨ ក្រោយ​រួមរស់​ជាមួយ Man Utd ២​រដូវ​កាល​។ Rooney និង Ibrahimovic ដែល​មិត្ត​រួម​ក្រុម​ចាស់ ក៏ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ចំណូល​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​
 
​ក្រៅពី Rooney និង Ibrahimovic មាន​សមាជិក​ក្រុម Atlanta United ពីររូប​រួមមាន​ខ្សែបម្រើ Miguel Almiron និង​ខ្សែប្រយុទ្ធ Josef Martinez រួមទាំង Carlos Vela ខ្សែប្រយុទ្ធ​ក្រុម Los Angeles Football Club ស្ថិតក្នុង​បញ្ជី​៥​នាក់​ចុងក្រោយ​ដើម្បី​ប្រជែង​យកពាន Most Valuable Player ប្រចាំឆ្នាំ​២០១៨​នេះ​៕

Tag:
 ​បាល់ទាត់​
  Wayne Rooney
  Zlatan Ibrahimovic
  Most Valuable Player
© រក្សាសិទ្ធិដោយ thmeythmey.com