អន្តរជាតិ
ក្នុង​ថ្ងៃ​រៀបការ ព្រះ​នាង Ayako ស្លៀក​រ៉ូ​ប​ដែល​ផលិត​ចេញពី​សូត្រ​ខ្មែរ​
01, Nov 2018 , 7:39 pm        
រូបភាព
Ayako ស្លៀករ៉ូបដែលផលិតចេញពីសូត្រខ្មែរនាថ្ងៃអាពាហ៍ពិពាហ៍ជាមួយលោក Kei Moriya។ រូបថត AFP
Ayako ស្លៀករ៉ូបដែលផលិតចេញពីសូត្រខ្មែរនាថ្ងៃអាពាហ៍ពិពាហ៍ជាមួយលោក Kei Moriya។ រូបថត AFP
ដោយ: ធីតា
​ព្រះ​នាង Ayako បាន​រៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ជាមួយ​លោក Kei Moriya នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​៣០ ខែតុលា កន្លងទៅនេះ​។ ការសម្រេចចិត្ត​រៀបការ​ជាមួយ​បុរស​សាមញ្ញ បានធ្វើ​ឲ្យ​ចៅស្រី​ព្រះ​អធិរាជ​ជប៉ុន រូបនេះ លែង​ជា​សមាជិក​រាជវង្ស និង​ត្រូវបាន​ប្តូ​រថា​ជា​អ្នកស្រី Ayako Moriya​។​

 
Ayako ជា​បុត្រី​ទី​បី​របស់​ព្រះអង្គម្ចាស់ Takamado ដែល​បាន​សុគត​ក្នុង​ព្រះជន្ម​៤៧​ព្រះវស្សា​កាលពី​ឆ្នាំ​២០០២ ។ ព្រះអង្គ Takamado ជា​ប្អូនជីដូនមួយ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito​។ Ayoko អាយុ​២៨​ឆ្នាំ បានសម្រេច​ចិត្ត​លា​ចេញពី​គ្រួសារ​រាជវង្ស ដើម្បី​រស់នៅ​ជាមួយ​បុរស​ជាទី​ស្រឡាញ់​របស់ខ្លួន គឺ​លោក Kei Moriya អាយុ​៣២​ឆ្នាំ​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ដឹកទំនិញ​មួយ​។​


ប្រភពរូបថត៖ AFP

នៅក្នុង​ពិ​ធិ​អាពាហ៍ពិពាហ៍​របស់ខ្លួន អតីត​ព្រះ​នាង Ayako ដែល​ក្លាយជា​អ្នកស្រី Moriya បាន​ស្លៀក​រ៉ូ​ប​ពណ៌​ផ្កាឈូក និង​ដណ្តប់​អាវ​ស្បៃ​ពីលើ​។ យោងតាម​ការផ្សាយ​រប​ស់ The Asahi Shimbun ដោយ​ផ្អែក​តាម​ប្រភព​ផ្សេងៗ រ៉ូ​ប​ដ៏​ស្រស់ស្អាត​នោះ ផលិត​ចេញពី​សរសៃសូត្រ​នៅ​កម្ពុជា​។​

 
​អ្នកស្រី Kimie ម្តាយ​របស់លោក Moriya ជា​ម្ចាស់​ដើម​នៃ​សំពត់សូត្រ​នោះ ដោយ​កាលពី​ឆ្នាំ​២០១៤ ក្នុងនាម​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​កុមារ​គ្មាន​ព្រំដែន (Kokkyo Naki Kodomotachi) អ្នកស្រី Kimie បានប្រគល់​ដល់​គ្រួសារ​ព្រះអង្គម្ចាស់ Takamado ជា​កាដូ​អនុស្សាវរីយ៍​។​


ប្រភពរូបថត៖ AFP

​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Hotel New Otani មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៧០​នាក់ ដែល​ក្នុងនោះ​មាន​សមាជិក​រាជវង្សានុវង្ស អ្នកនយោបាយ រួមទាំង​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ផងដែរ​។​
 
​តាមពិតទៅ Ayako និង Moriya ស្គាល់គ្នា ដោយសារតែ​មានការ​ណែនាំ​ផ្ទាល់​ពី​ព្រះ​នាង Hisako ដែលជា​មាតា​របស់ Ayako​។ ព្រះ​នាង Hisako និង​អ្នកស្រី Kimie គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា​៕
 

Tag:
 Ayako
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com