អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ លោក គីម ជុង​អ៊ុន នឹង​មកកាន់​សេ​អ៊ូ​ល​ឆាប់ៗ
01, Nov 2018 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១ ខែវិច្ឆិកា បានប្រកាសថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​ក្នុងពេល​ឆាប់ៗ​នេះ​។ លោក មូ​ន មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វី​ឡើយ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម តែ​លោក​បាន​បង្ហើប​ថា លោក គីម ក៏ត្រូវ​ជួប​មេដឹកនាំ​រុស្ស៊ី ចិន ឬ​ជប៉ុន​ថែមទៀត​។ មេដឹកនាំ​កូរ៉េខាងជើង​បាន​សន្យា​ធ្វើដំណើរ​ទៅកាន់​សេ​អ៊ូ​ល​អំឡុង​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​នៅ​ព្យុងយ៉ាង​ក្នុង​ខែកញ្ញា​។​

 
​ខណៈ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​នៅជាប់​គាំង​នោះ ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​កំពុងតែ​ស្រស់ញញឹម​ខ្លាំង​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​របស់​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជួបគ្នា​បី​លើក​រួចហើយ​ក្នុងឆ្នាំនេះ ដែលជា​រឿង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ជំនួប​រវាង​មេដឹកនាំ​អន្តរ​កូរ៉េ បានធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ធ្លាប់​តានតឹង​ខ្លាំង ប្រែជា​ធូរស្រាល​ទៅវិញ​។​
 
​ជំនួប​លើក​ទី​បួន​រវាង​លោក មូ​ន និង​លោក គីម ក៏​នឹង​កើត​នៅពេល​ខ្លីៗ​ខាងមុខនេះ​។ លោក មូ​ន បាន​ប្រាប់​សមាជិកសភា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ថា ទស្សនកិច្ច​របស់លោក គីម ទៅ​រុស្ស៊ី និង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​កូរ៉េខាងជើង នឹង​កើតឡើង​ឆាប់ៗ ខណៈ​លទ្ធភាព​នៅតែមាន​សម្រាប់​ជំនួប​រវាង​លោក គីម និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បន្ថែមថា ទស្សនកិច្ច​របស់លោក គីម នៅ​សេ​អ៊ូ​ល ក៏​នឹង​កើតមាន​ឆាប់ៗ​នេះដែរ​។​
 
​ជា​ប្រធានាធិបតី​មាន​និន្នាការ​សេរីនិយម លោក មូ​ន ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ លោក​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅឯ​សិង្ហ​បុរី​។ នៅ​ទីនោះ លោក គីម ក៏​ប្រកាស​ការប្ដេជ្ញាចិត្ត​ក្នុងការ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​។ ប៉ុន្តែ​ក្រោយមក ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​ក៏​ជួប​បញ្ហា​រដាក់រដុបរ​ហូត​មក​។​
 
​ការចរចា​ជាប់គាំង ព្រោះ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុង​យ៉ា​មិន​យល់​ស្របគ្នា​លើ​លក្ខខណ្ឌ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​។ ក្រុង​ព្យុងយ៉ាង​ដែល​បាន​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​ត្រៀម​បិទ​មជ្ឈមណ្ឌល​បាញ់​មី​ស៊ី​ល​មួយទៀត​នោះ ចង់​បានការ​តបស្នង​ខ្លះ​ពី​អាមេរិក​មុន ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ព្យុងយ៉ាង​ធ្វើ​សកម្មភាព​ឲ្យ​ជាក់លាក់​ជាង​នេះ​សំដៅ​លុបបំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង មុននឹង​ខ្លួន​អាច​ផ្ដល់​ការលើកទឹកចិត្ត​បាន​ដូចជា​ការព្យួរ​ទណ្ឌកម្ម ឬ​ឈានដល់​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​តែម្ដង​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បង្ហើប​ដែរ​ថា ជំនួប​លើក​ទី​២ រវាង​លោក គីម និង​លោក ត្រាំ ស្ថិតនៅ​នឹង​មុខតែ​ម្ដង ខណៈ​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធ្លាប់​លើកឡើងថា ជំនួប​នេះ​អាច​កើតឡើង​នៅ​ដើម​ឆ្នាំក្រោយ​។ លោក មូ​ន ចាត់ទុក​កិច្ចសន្ទនា​ក្នុងចំណោម​កូរ៉េខាងត្បូង កូរ៉េខាងជើង និង​អាមេរិក នឹង​ជួយ​សម្រេច​ឲ្យ​បានការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង និង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ម​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com