កីឡាអន្តរជាតិ
អន្តរជាតិ
Wenger ចូលកាន់ការងារបាល់ទាត់នៅដើមឆ្នាំក្រោយ តែមិនមែននៅអង់គ្លេស
× លោក Arsene Wenger បានចេញមុខអះអាងដោយផ្ទាល់ ថានឹងវិលត្រឡប់ទៅកាន់ការងាក្នុងវិស័យកីឡាបាល់ទាត់វិញនៅដើមឆ្នាំ ២០១៩ ប៉ុន្តែលោកបញ្ជាក់ថាមិនមែនទៅកាន់ក្លិបក្នុងប្រទេសអង់គ្លេសឡើយ។
អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានចំណាយពេល ២២ឆ្នាំដើម្បីដឹកនាំក្រុម Arsenal មុនប្រកាសចាកចេញពីទឹកដី Emirates នៅចុងរដូវកាលមុន បន្ទាប់ពីនាំក្រុមរហស្សនាមកាំភ្លើងធំនេះទទួលបានចំណាត់ថ្នាក់ទី៦ នៅ Premier League។
នៅពេលសួរថាតើពេលណាលោកនឹងត្រឡប់ចូលកាន់តំណែងវិញ Wenger បានប្រាប់ Sky Sports កាលពីថ្ងៃទី៣១ ខែតុលាថានៅដើមឆ្នាំក្រោយនេះឯង។ ហើយនៅពេលសួរថាលោកនឹងទៅគ្រប់គ្រងក្លិបនៅអង់គ្លេសនោះ អ្នកចាត់ការវ័យ៦៩ឆ្នាំនេះ ឆ្លើយថាមិនមែនទេ។
អតីតគ្រូ Monaco ដែលធ្លាប់នាំ Arsenal ឈ្នះជើងឯក Premier League ចំនួន៣លើក និង FA Cup ៧ដងនោះ បានរៀបរាប់ទៀតថាលោកនឹកក្រុមនេះណាស់ ហើយនៅតែជាអ្នកគាំទ្ររបស់កាំភ្លើងធំដដែល។
លោក Unai Emery ដែលជាអ្នកឡើងមកជំនួសតំណែង Wenger នៅដើមរដូវកាលនេះ បាននាំ Arsenal ទទួលលទ្ធផលគាប់ប្រសើរដោយស្ថិតនៅចំណាត់ថ្នាក់ទី៤ មាន២២ពិន្ទុក្នុងតារាងក្របខណ្ឌកំពូលអង់គ្លេស និងមិនស្គាល់ចាញ់ពីគ្រប់ការប្រកួតចំនួន ១២លើកចុងក្រោយផងដែរ។
«នៅពេលខ្ញុំមើលការប្រកួតខ្ញុំជាអ្នកគាំទ្ររបស់ Arsenal ហើយខ្ញុំសប្បាយចិត្តនៅពេល Arsenal ឈ្នះ ហើយខ្ញុំពិតជាមិនសប្បាយចិត្តទេនៅពេលពួកគេចាញ់»៕
Tag:
បាល់ទាត់
Arsene Wenger
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com