ស្ថាបនិកក្រុម Cambodian Top Team លោកហ៊ុន ចាន់រាជ មានគោលបំណងធំមួយគឺបង្កើតចលនាក្បាច់គុនចម្រុះនៅក្នុងប្រទេសកម្ពុជាសម្រាប់កីឡាករក្មេងៗឲ្យមានឈ្មោះល្បីលើឆាកអន្តរជាតិ។ ៧ ឆ្នាំក្រោយត្រឡប់មកកាន់ទឹកដីកម្ពុជា ចាន់រាជ បានខិតខំប្រឹងប្រែងក្នុងការកសាងទម្រង់មួយដែលជួយកីឡាករខ្មែរជំនាន់ក្រោយជាច្រើនឲ្យចាប់ផ្តើមរះឡើងក្នុងការប្រកួតប្រដាល់គុនចម្រុះ (MMA)។
ក្នុងនាមជាអ្នកដឹកនាំក្រុម CTT ដ៏ល្បីល្បាញនិងជាអគ្គលេខាធិការនៃសហព័ន្ធសិល្បៈយុទ្ធគុនចម្រុះដែលទើបសម្ភោធឡើងថ្មីៗនេះចាន់រាជ បានផ្សាភ្ជាប់ខ្លួនទៅក្នុងវិស័យក្បាច់គុនខ្មែរដែលជាមូលដ្ឋានពោរពេញទៅដោយអ្នកមានសមត្ថភាព និងទេពកោសល្យ។
កូនសិស្សជាច្រើនរូបដែលហ្វឹកហាត់នៅក្នុងក្លិបរបស់គេសុទ្ធសឹងមានកិច្ចសន្យាជាមួយស្ថាប័នប្រដាល់ពិភពលោក ONE Championship។ ពួកគេត្រូវបានចូលរួមប្រកួតលើសង្វៀនជុំវិញពិភពលោកនិងបានយកជ័យជម្នះយ៉ាងក្រាស់ក្រែលមកឲ្យកម្ពុជាវិញដែលធ្វើអោយពិភពលោកមានការចាប់អារម្មណ៍លើប្រទេសកម្ពុជាកាន់តែខ្លាំងឡើង។
ស្ថាបនិក CTT រូបនេះរំលឹកពេលសាកល្បងនាំយកកីឡាប្រដាល់ចម្រុះដំបូងថា៖ «ពេលខ្ញុំមកទីនេះដំបូងពួកគេមិនស្គាល់ថា ប្រដាល់គុនចម្រុះ Mixed Martial Arts ជាអ្វីនោះទេ»។
«ពិតជាពិបាកណាស់ពេលព្យាយាមប្រាប់ពួកគេថាក្បាច់គុនចម្រុះគឺជាកីឡា ហើយវាមិនដូចការវៃតប់គ្នាតាមដងផ្លូវនោះទេ។ យើងខំពន្យល់ពួកគេ និងបានបង្រៀនពួកគេទាក់ទងនឹងគុនចម្រុះ MMA ថា តាមពិតវាមានសុវត្ថិភាពជាងកីឡាប្រដាល់ធម្មតា ឬការប្រដាល់គុនខ្មែរបស់យើងទៅទៀត។ និយាយទៅទំរាំពួកគាត់យល់ត្រូវចំណាយពេលយូរដែរ»។
បច្ចុប្បន្ន ចាន់រាជ មើលឃើញអនាគតដ៏ត្រចះត្រចង់មួយសម្រាប់កីឡាករនៅក្នុងតំបន់ ហើយគិតថាពេលវេលាដ៏អស្ចារ្យបំផុតនោះគឺមិនទាន់មកដល់នៅឡើយទេ។
គាត់និយាយថា៖ «អ្នកប្រដាល់ជំនាន់ក្រោយគ្រាន់បើជាងកីឡាករបច្ចុប្បន្ន ប៉ុន្តែក្នុងពេលឥឡូវនេះពួកគេនៅក្មេងនៅឡើយ» ។
«ខ្ញុំហៅពួកគេថា កូនពូជអ្នកប្រដាល់គុនចម្រុះនេះហើយជាហេតុផលដែលយើងវិនិយោគពេលវេលានិងលុយកាក់នៅពេលបច្ចុប្បន្នដើម្បីកូនចៅជំនាន់ក្រោយ» ។
កីឡាករក្មេងៗក្រោយនេះមានទេពកោសល្យ និងចរិកលក្ខណៈដែលលោក ចាន់រាជជឿជាក់ថានឹងធ្វើឲ្យពួកគេអាចឈានជើងចូលសង្វៀនបែបអន្តជាតិធំៗបានប៉ុន្តែគាត់ក៏ចង់ធ្វើយ៉ាងណាឲ្យប្រាកដថាគាត់មិនបិទផ្លូវកីឡាករណាមួយចោលឡើយ។ ធ្វើជាអ្នកដឹកនាំក្រុម CTTសំខាន់បំផុតនោះគឺត្រូវបើកចំហរផ្លូវក៏ដូចជាឱកាសផ្សេងៗទៀតដល់កីឡាកររបស់គាត់។
គាត់ចែករំលែកពីប្រវត្តិសិស្សរបស់គាត់ថា៖ «ក្មេងៗទាំងនេះចេញមកពីគ្រួសារក្រីក្រ ពួកគេស្រេកឃ្លានណាស់ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយខ្លួនឯង និងក្រុមគ្រួសារគេឲ្យមានជិវិតប្រសើជាងនេះ»។ «យើងអោយពួកគេចូលសាលារៀន ផ្តល់នូវឱកាសនិងជម្រើសផ្សេងៗនៅក្នុងជីវិតប្រសិនបើពេលពួកគេធំឡើងមិនចង់ធ្វើជាអ្នកប្រដាល់ MMA ក៏មិនអីដែរ»។
«ការរៀនសូត្រគឺជាជំរើសទី១ របស់ពួកគេ។ ធ្វើជាអ្នកប្រដាល់អាជីព ឬ ប្រដាល់គុនចម្រុះ MMA គឺគ្រាន់តែក្នុងករណីគាត់រៀនមិនចូល»។ អតីតអ្នករស់នៅក្រុង ញូវយ៉កសហរដ្ឋអាមេរិករូបនេះបានចំណាយពេលវេលាក្នុងជីវិតរបស់ខ្លួនដើម្បីកសាងគ្រួសារអ្នកប្រយុទ្ធខ្មែរមួយក្រុមហើយដែលកំពុងត្រៀមខ្លួនបង្ហាញសមត្ថភាពលើឆាកប្រដាល់ក្បាច់គុន។ បច្ចុប្បន្ននេះគាត់បានធ្វើដំណើរឆ្ងាយៗទៅក្រៅប្រទេសជាមួយកីឡាករប្រចាំ ONE Championship របស់គាត់ហើយធ្វើការប្រកួតប្រជែងលើសង្វៀនដ៏ធំៗជាច្រើនដូចជា ONE: Kingdom of HEROES នៅទីក្រុងបាងកកប្រទេសថៃជាដើម។
នាថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆាប់ៗនេះគាត់នឹងធ្វើដំណើរទៅក្រៅប្រទេសម្តងទៀតដើម្បីផ្សព្វផ្សាយអោយគេស្គាល់ថាអ្វីជាព្រលឹងខ្មែរ។ កីឡាករប្រដាល់ជើងខ្លាំងលោក មាស ម៊ើ ដែលមានប្រវត្តិឈ្នះ ៥ដង នឹងចាញ់ ២ដងនឹងឈានជើងចូលក្នុងសង្វៀនប្រដាល់ក្នុងទ្រុងនៅប្រទេសឥណ្ឌូណេស៊ីដើម្បីដណ្តើមយកជ័យជម្នះពីកីឡាករម្ចាស់ផ្ទះលោកAnthony Engelen ហៅ The Archangel" ធ្លាប់ឈ្នះ ៦ដង ចាញ់ ៤ដងក្នុងការប្រកួតប្រភេទទម្ងន់មធ្យមដែលយើងកំពុងទន្ទឹងរង់ចាំមើល។
ONE: HEART OF THE LION
ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងជួយផ្តល់ឱកាសអោយលោកបានកសាងកេរដំណែលធំធេងទៅដល់ក្រៅប្រទេសថែមទៀត។
សម្រាប់លោក ចាន់រាជ វិញមិនយូរមិនឆាប់លទ្ធផលដែលគាត់រំពឹងទុកពីវិស័យកីឡាប្រដាល់គុនចម្រុះនឹងបានសម្រេចហើយគាត់នឹងរំភើបត្រេកអរជាអនេក។
លោកនិយាយទាំងមានទំនុកចិត្តថា៖ «កម្ពុជាពិតជាអាចឡើងនៅលើឆាកពិភពលោកបាន»។ «ខ្ញុំទស្សន៍ទាយថាយើងនឹងលេចធ្លោខ្លាំងក្នុងរយៈពេលដប់ឆ្នាំខាងមុខទៀត»។