ជាតិ
សង្គមជាតិ
ការពង្រឹង​សមត្ថភាព​គ្រូ និង​មន្ត្រី​អប់រំ ជា​កំណែទម្រង់​ថ្មី ដើម្បី​គុណភាព​អប់រំ​ខ្ពស់ នៅ​អាណត្តិ​ទី​៦
02, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការពង្រឹង​សមត្ថភាព​គ្រូ និង​មន្ត្រី​អប់រំ ជា​កំណែទម្រង់​ថ្មី ដើម្បី​ទទួលបាន​គុណភាព​អប់រំ​ខ្ពស់ នៅក្នុង​គោលនយោបាយ​អប់រំ នៅក្នុង​អាណត្តិ​ទី​៦ ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​លោក ឌី ខាំ​បូ​លី បាន​និយាយថា ក្រសួង​អប់រំ​មាន​ផែនការ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​អនុវត្ត​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ក្នុងការ​ពង្រឹង​លើ​គុណភាព​អប់រំ ដោយ​ផ្ដោតលើ​គ្រូបង្រៀន និង​មន្ត្រី​អប់រំ​។ ចំណែក​កំណែទម្រង់​ដែល​នៅសល់​កន្លងមក ក៏​នឹង​អនុវត្ត​បន្តទៀត សម្រាប់​អាណត្តិ​ថ្មី​នេះ​ផងដែរ​។​


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ​នឹង​កំណត់​គោលដៅ​ធំៗ ដើម្បី​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង គោលដៅ​ទី​១​គឺ ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន ទី​២ ការពង្រឹង​សមត្ថភាព​មន្ត្រីរាជការ​ដែល​បម្រើ​នៅក្នុង​វិស័យ​អប់រំ ទី​៣ ការពង្រឹង​វិស័យ​អប់រំ ទី​៤ ការពង្រីក​ការគ្រប់គ្រង​ផ្នែក​ហរិញ្ញវត្ថុ ទី​៥ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​។ ត្រង់ចំណុច​សំខាន់​ទាំងនេះ ក្រសួង​អប់រំ​នឹង​អនុវត្ដ​នៅ​ឆ្នាំ​សិក្សា​ថ្មី ២០១៨ រហូតដល់​ឆ្នាំ​២០២៣ ខាងមុខនេះ​»​។ 


 
​បើតាម​លោក ឌី ខាំ​បូ​លី ក្រសួង​អប់រំ​នឹង​បង្កើត​សាលា​ជំនាន់​ថ្មី​បន្ថែមទៀត ទោះបី​ការបង្កើត​នេះ មិនទាន់​ពេញលេញ​នៅ​គ្រប់​សាលារៀន​ក្តី ។​«​ក្រសួង​អប់រំ​នឹងធ្វើ​វា​បន្តិច​ម្តងៗ​ដើម្បី​ឲ្យ​ការអប់រំ​មាន​ប្រសិទ្ធភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខាំ​បូ​លី​។ 
 
​ទាក់ទង​សមត្ថភាព​គ្រូបង្រៀន សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​គ្រូបង្រៀន​ទាំងអស់ ត្រូវ​ពង្រឹង​ទាំង​ផ្នែក​ចំណេះដឹង​ថ្មី តាមបែប​បច្ចេកវិទ្យា​ព័ត៌មាន និង​វិធី​បង្រៀន រួមទាំង​ភាសាបរទេស​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​បង្រៀន​សិស្ស​ឲ្យ​មានគុណ​ភាព​។​


 
​ក្រសួង​អប់រំ​យុវជន និង​កីឡា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យឡើងវិញ នូវ​គោលនយោបាយ​ក្របខណ្ឌ​ច្បាប់​បទដ្ឋាន និង​យន្តការ​ចាំបាច់ ដើម្បី​យកទៅអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព សមត្ថភាព និង​បរិ​យា​ប័ន្ន សម្រាប់​សិស្សានុសិស្ស​គ្រប់រូប ស្របទៅនឹង​បរិការណ៍​ថ្មី​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នេះ​ជាការ​អំពាវនាវ​របស់​សម្ដេច ហ៊ុន សែន​៕
​ 

Tag:
 ​ក្រសួង​អប់រំ​
 ​គ្រូ​
 ​សិស្ស​
  លោក ឌី ខាំ​បូ​លី​
© រក្សាសិទ្ធិដោយ thmeythmey.com