ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធាន​សភា​ចិន​៖ មិត្តភាព​រវាង​កម្ពុជា​-​ចិន គឺ​រឹងមាំ​យូរអង្វែង​
02, Nov 2018 , 3:13 pm        
រូបភាព
ជំនួបរវាងលោក ចាង ឈុនហ៊្សាន អនុប្រធានសភាចិន និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភាកម្ពុជា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពីរដ្ឋសភា
ជំនួបរវាងលោក ចាង ឈុនហ៊្សាន អនុប្រធានសភាចិន និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភាកម្ពុជា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពីរដ្ឋសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​ចិន ប្រៀបដូចជា​ដែកថែប ដែលមាន​លក្ខណ​រឹងមាំ​និង​យូរអង្វែង​។ នេះ​ជាការ​លើកឡើង​របស់លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian)  អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន ក្នុងជំនួប​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា លោក ចាង ឈុន​ហ្ស៊ា​ន បាន​អះអាង​នៅ​ចំពោះមុខ​សម្តេច ហេង សំរិន ថា ប្រទេស​ចិន បាន​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន និង​បង្កើត​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​មាន​ប្រទេស​ខ្លះ​ជំទាស់​។ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​រូបនេះ បន្តថា គោលនយោបាយ ដែល​ប្រទេស​ចិន បាន​បង្កើតឡើង មិនបាន​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ តែ​ក៏​គិតដល់​ផលប្រយោជន៍​អាស៊ាន​និង​ពិភពលោក​ផងដែរ​។ 
 
​នាយក​រដ្ឋ​ព័ត៌មាន​នៃ​រដ្ឋសភា​កម្ពុ​ជា បាន​ស្រង់​សម្តី​របស់លោក ចាង ឈុន​ហ្ស៊ា​ន ទៅ​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែល​ទទួលបាន​ផលប្រយោជន៍​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន និង​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​ប្រទេស​ចិន​»​។ 
 
​សម្តេច ហេង សំរិន បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កិច្ចប្រឹងប្រែង​រួមគ្នា​រវាង​កម្ពុជា​និង​ចិន ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ មាន​ភាពល្អប្រសើរ​ជាង​ពេលណាៗ​ទាំងអស់​។ ប្រធានរដ្ឋសភា​ក​កម្ពុ​ជា យល់ឃើញថា ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ គឺ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ  ជាពិសេស កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​បាននិងកំពុង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​លើ​ច្រើន​វិស័យ​។​
 
​ប្រធានរដ្ឋសភា​កម្ពុជា បាន​វាយ​តំលៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន ស្តីពី គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដែលជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​។ ប្រធានរដ្ឋសភា​កម្ពុជា មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​គោលនយោបាយ​នេះ បាន​ដើរតួនាទី​សំខាន់ ក្នុង​ការផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ដោយ​សង្ឃឹមថា គម្រោង​នេះ នឹង​ជួយ​ទាក់ទាញ​វិនិយោគិន និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​មក​ប្រទេស​កម្ពុជា​បន្ថែមទៀត​»​។​
 
​ចាង ឈុន​ហ្ស៊ា​ន និង​គណៈប្រតិភូ​ចិន មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រៅពី​ប្រធានរដ្ឋសភា​កម្ពុជា គណៈប្រតិភូ​ចិន នឹងមាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេង​ទត រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕ 

Tag:
 កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com