ជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ៖ កម្ពុជា នឹង​សម្រេច​កំណើនសេដ្ឋកិច្ច​៧,១​ភាគរយ នៅ​ឆ្នាំ​២០១៩
02, Nov 2018 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (អង្គុយនៅខាងស្តាំ)។ រូបពីហ្វេសប៊ុកក្រសួង
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (អង្គុយនៅខាងស្តាំ)។ រូបពីហ្វេសប៊ុកក្រសួង
​ភ្នំពេញ​៖ កម្ពុជា នឹង​បន្ត​កំណើនសេដ្ឋកិច្ច ក្នុង​អត្រា ៧,១​ភាគរយ នៅ​ឆ្នាំ​២០១៩​ខាងមុខ​។ វិស័យ​ដែល​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នេះ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម​។​



​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​និយាយថា មូលហេតុ​ដែល​វិស័យសេដ្ឋកិច្ច​កម្ពុជា នៅ​រក្សា​កំណើន​រង្វង់​៧​ភាគរយ​នេះ ដោយសារ​មាន​វិស័យ​៣​សំខាន់ ក្នុង​ការជួយ​ទ្រទ្រង់ ក្នុងនោះ​កំណើន​វិស័យ​ឧស្សាហកម្ម នៅ​បន្ត​រក្សា​ភាពរឹងមាំ ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ ១០​ភាគរយ ដែលមាន​ជាអាទិ៍ ដូចជា វិស័យ​សំណង់ វិស័យ​កាត់ដេរ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ទាំង​សម្រាប់​ការនាំចេញ​និង​បម្រើ​ក្នុងស្រុក​ជាដើម​។​
 
​ចំណែក​វិស័យ​សេវាកម្ម នៅ​បន្ត​កំណើន​ក្នុង​អត្រា​៧​ភាគរយ ខណៈ​វិស័យ​កសិកម្ម ដែល​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់​១,៨​ភាគរយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អូន ព័ន្ធមុនីរ័ត្ន​។​
​ថ្លែង​ក្នុងជំនួប​ជាមួយ​លោក Phillippe BAUDRY ទីប្រឹក្សា​សេដ្ឋកិច្ច នៃ​ស្ថានទូត​បារាំង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​តាម​ការព្យាករណ៍​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​សម្រេចបាន​ក្នុង​អត្រា​៧,១ ភាគរយ ដែល​ប្រហាក់ប្រហែល​នឹង​កំណើន​ឆ្នាំ​២០១៨​នេះ​»​។​
 
​ផ្នែក​តាម​ការព្យាករណ៍ អត្រា​អតិផរណា​ជា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់​ស្មានថា ស្ថិតនៅក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា ៣,១​ភាគរយ សម្រាប់​ឆ្នាំ​២០១៩​។ ហើយ​បើ​ផ្អែក​តាម​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​នៅតែ​អាច​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់​៧​ភាគរយ ទៅ​៧,២​ភាគរយ​ក្នុង​មួយឆ្នាំ នៅក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ​។ នេះ​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន​។​
 
​លោក Phillippe BAUDRY បាន​និយាយថា ការអភិវឌ្ឍ និង​ការរីកចម្រើន​លឿន​របស់​កម្ពុជា ក្នុង​បរិការណ៍​បច្ចុប្បន្ន ជាពិសេស​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដែលជា​មធ្យម​៧​ភាគរយ​នេះ នាំ​ឲ្យ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន នៅលើ​ពិភពលោក​។ 
 
​ទីប្រឹក្សា​សេដ្ឋកិច្ច នៃ​ស្ថានទូត​បារាំង បានបញ្ជាក់​ដូច្នេះ​ថា​៖«​បារាំង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​គោលនយោបាយ និង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹងប្រែង​ចែករំលែក​នូវ​បទពិសោធន៍​នានា​ពី​ឆាក​អន្តរជាតិ ។ បន្ត​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ និង​វិនិយោគ ទាំង​លើ​វិស័យ​សាធារណៈ ក៏ដូចជា វិស័យ​ឯកជន​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​នៅ​កម្ពុជា​»​។​
 
អត្ថបទទាក់ទង
 
 
​បច្ចុប្បន្ននេះ កម្ពុជា កំពុង​ប្រឈមមុខ នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ពី​សំណាក់​សហភាព ដោយសារ​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ សហភាព ត្រូវការ​រយៈពេល​១​ឆ្នាំ ក្នុង​ការបន្ត​ដំណើរកា​រ​នីតិ​វិធីដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដើម្បី​ត្រួតពិនិត្យ​ស្ថានការណ៍​កម្ពុជា មុននឹង​សម្រេច​ចុងក្រោយ​។ 

Tag:
 ​អូន ព័ន្ធមុនីរ័ត្ន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com