នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន ណេតាន់យ៉ាហ៊ូ នៅថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកាបានលើកសរសើរពីជំហររបស់ប្រធានាធិបតីជាប់ឆ្នោតប្រេស៊ីលលោក Jair Bolsonaro ដែលចង់ប្តូរស្ថានទូតរបស់ខ្លួនពីក្រុង Tel Aviv ទៅកាន់ហ្សេរ៊ុយសាឡិមនោះ។ បើប្រេស៊ីលរើស្ថានទូតមែននោះ វានឹងក្លាយជារដ្ឋធំជាងគេបន្ទាប់ពីអាមេរិកដែលធ្វើបែបនេះ។
ការរុះរើស្ថានទូតទៅតាំងនៅទីក្រុងពិសិដ្ឋហ្សេរ៊ុយសាឡិមជាការសន្យារបស់លោក Jair Bolsonaro ក្នុងការឃោសនាបោះឆ្នោត ហើយនៅសប្តាហ៍នេះលោកក៏បានប្រកាសឡើងវិញថា រដ្ឋាភិបាលលោកនឹងធ្វើតាមការសន្យា។
លោកបានប្រកាសដូច្នេះ៖« ដូចបានលើកឡើងក្នុងការឃោសនារបស់យើងកន្លងមកដូច្នេះដែរ យើងចង់ប្តូរស្ថានទូតប្រេស៊ីលពីក្រុង Tel Aviv ទៅកាន់ហ្សេរ៊ុយសាឡិម។ អ៊ីស្រាអែលជារដ្ឋអធិបតេយ្យមួយ ហើយយើងត្រូវគោរពគោលការណ៍នេះ»។
គ្រាន់តែបានលឺការអះអាងរបស់ប្រធានាធិបតីជាប់ឆ្នោតប្រេស៊ីលភ្លាម លោក ណេតាន់យ៉ាហ៊ូ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានចេញមុខសាទរ និងកោតសរសើរជំហររបស់មេដឹកនាំប្រេស៊ីលលើករណីហ្សេរ៊ុយសាឡិមភ្លែត។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ណេតាន់យ៉ាហ៊ូ បាននិយាយដូច្នេះថា៖« ខ្ញុំសូមអបអរសាទរដល់មិត្តភក្តិខ្ញុំប្រធានាធិបតីទើបជាប់ឆ្នោត Bolsonaro ដែលមានបំណងចង់រើសស្ថានទូតទៅកាន់ហ្សេរ៊ុយសាឡិម ហើយវាជារឿងប្រវត្តិសាស្ត្រ, ត្រឹមត្រូវ និងគួរឲរីករាយ»។
ក្នុងករណីដែលប្រេស៊ីលប្តូរទីតាំងស្ថានទូតទៅកាន់ហ្ស៊េរុយសាឡិមមែននោះ វានឹងក្លាយជាប្រទេសធំបំផុតទីពីរបន្ទាប់ពីអាមេរិកដែលបង្កើតរឿងចម្រូងចម្រាសនិងធ្វើឲ្យពិភពលោកថ្កោលទោសនោះ។ គេកំពុងរង់ចាំមើលថាតើការសម្រេចចិត្តនេះនឹងក្លាយជាការពិតឬអត់បន្ទាប់ពីលោក Bolsonaro ស្បថចូលកាន់តំណែងនៅថ្ងៃទី១ ខែមករាឆ្នាំ ២០១៩។
តាមពិតទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសប្តូរទីតាំងស្ថានទូតអាមេរិកទៅហ្សេរ៊ុយសាឡិមកាលពីចុងឆ្នាំមុននេះ ហើយស្ថានទូតត្រូវបានសម្ភោធដាក់ដំណើរការជាផ្លូវការកាលពីខែឧសភា។ ទង្វើរបស់អាមេរិកបានធ្វើឲ្យបណ្តាប្រទេស ១២៨ នាំគ្នាថ្កោលទោសតាមរយៈដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិ។
តាមពិតទៅ ក្រៅពីភាពពិសិដ្ឋ ហ្សរ៊ុយសាឡិមជាទីក្រុងមួយដ៏ចម្រូងចម្រាសដែលគេមិនទាន់កំណត់ដាច់ស្រេចថាជារបស់ភាគីណា ទោះជាវាស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលក៏ដោយ។ ហើយវាក៏ជាចំណុចស្នូលនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ។
តាមពិតទៅ អ៊ីស្រាអែល បានវាយដណ្តើមកាន់កាប់តំបន់នៅភាគខាងកើតហ្ស៊េរុយសាឡិមនៅក្នុងសង្គ្រាម ៦ថ្ងៃ រវាងអារ៉ាប់-អ៊ីស្រាអែលនៅក្នុងឆ្នាំ ១៩៦៧។ ហើយអាជ្ញាធរអ៊ីស្រាអែលក៏បានភ្ជាប់ទឹកដីនេះ និងដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយបង្រួបបង្រួមទីក្រុងហ្សេរ៊ុយសាឡិមទាំងមូលជាផ្លូវការក្នុងឆ្នាំ ១៩៨០ តែម្តង។ ចាប់ពីពេលនោះមក ទឹកដីហ្ស៊េរុយសាឡិមស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល ប៉ុន្តែប៉ាឡេស្ទីនចង់បានហ្សេរ៊ុយសាឡិមខាងកើតជារដ្ឋធានីរបស់ខ្លួននាពេលអនាគត៕