កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd រកឃើញ​កាំភ្លើង​ជ័រ​២​ដើម​ក្នុង​កាបូប​អ្នក​ដែល​រត់​ចូល​ទីលាន​សំដៅទៅ Ronaldo
02, Nov 2018 , 9:59 pm        
រូបភាព
​ក្លិប Manchester United នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​សកម្មភាព​សន្តិសុខ​នៅ​ទឹកដី Old Trafford ក្រោយពី​រកឃើញថា​អ្នក​ដែល​រត់​ចូល​តារាង​ដើម្បី​ជួប Cristiano Ronaldo នា​អំឡុង​ការប្រកួត Champions League ទល់នឹង​ក្រុម Juventus បាន​យក​កាំភ្លើង​ជ័រ​២​ដើម​ដាក់​ក្នុង​កាបូប​ចូលទៅក្នុង​កីឡដ្ឋាន​។​


 
​នៅក្រោយ​ការប្រកួត​ដែល Juventus យកឈ្នះ Man Ut ១-០ កាលពី​ថ្ងៃទី​២៣ ខែតុលា​កន្លងទៅ BBC បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​របស់​ក្លិប​បិសាច​ក្រហម ថា​ការ​បណ្តោយ​ឲ្យ​អ្នកគាំទ្រ​អាច​យក​កាំភ្លើង​ក្មេង​លេង​ចូលទៅក្នុង​កីឡដ្ឋាន​គឺជា​ការមិន​ទទួលខុសត្រូវ​។ សំណាងល្អ​ហើយ​ដែល​សកម្មភាព​របស់​អ្នករត់​ចូល​ទីលាន​នា​ការប្រកួត​នោះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​។​
 
«​ទោះជា​យ៉ាងណាក៏ដោយ​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នកគាំទ្រ និង​បុគ្គលិក​ទាំងអស់​គឺជា​អាទិ​ភាព​ចម្បង​ដាច់ខាត​នៅ Man Utd​។ ក្លិប​បានចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​ដែល​រួមបញ្ចូល​ទាំង​ការពិនិត្យ​ឡើងវិញ​យ៉ាង​ម៉ត់ចត់​នៃ​របៀប​ធ្វើការ​របស់​សន្តិសុខ​ដែលមាន​ការធ្វេសប្រហែស​»​។ អ្នកនាំពាក្យ​ខាងលើ​បន្ថែម​ដូច្នេះ​។​


 
​ក្រៅ​បញ្ហា​កាំភ្លើង​ជ័រ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​ចោទប្រកាន់​ក្លិប Man United ចំពោះ​ករណី​អ្នកគាំទ្រ​រត់​ចូល​ទីលាន​អំឡុង​នៅ​ទឹកដី Old Trafford នោះ​ផងដែរ​។ ការដាក់ពិន័យ​យ៉ាង​នឹងត្រូវ​សម្រេច​នៅ​ថ្ងៃទី​២២ ខែ​វិ​ច្ឆិ​ា​កា​ខាងមុខ​។​
 
​កាលពី​ឆ្នាំ ២០១៦ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​បាន​ជម្លៀស​មនុស្ស​ចេញពី​កីឡដ្ឋាន​ប៉ុន្មាន​នាទី​មុនពេល​ចាប់ផ្តើម​ការប្រកួត​ក្របខណ្ឌ Premier League បន្ទាប់ពី​ប្រទះឃើញ​កញ្ចប់​ដែល​គួរ​ឲ្យ​សង្ស័យ​មួយ ប៉ុន្តែ​កញ្ចប់​នោះ​មិនមាន​អ្វី​នោះទេ​៕ 

Tag:
 បាល់ទាត់​
  Manchester United
  Cristiano Ronaldo
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com