អន្តរជាតិ
លោក ត្រាំ​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Nauert អាចជា​ទូត​អាមេរិក​ថ្មី​ប្រចាំ​UN
02, Nov 2018 , 5:59 pm        
រូបភាព
​លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អាច​នឹង​កាន់​តួនាទី​ជា​បេសកជន​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ជំនួស​លោកស្រី Nikki Haley ដែល​នឹងត្រូវ​ចាកចេញ​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើតាម​សម្តី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​


 
​លោក ត្រាំ បាន​បង្ហើប​ថា បេក្ខភាព​របស់លោក​ស្រី Nauert ដែល​បច្ចុប្បន្ន​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​នៅ​ស្ថិតក្រោម​ការពិចារណារ​បស់​រដ្ឋបាល​លោក​ក្នុងការ​តែងតាំង​ឲ្យ​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បាន​បង្ហើប​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ខែវិច្ឆិកា ពេលដែល​អ្នកសារព័ត៌មាន​សាកសួរ​លោក​ជុំវិញ​របាយការណ៍​ដែល​ផ្សាយ​ថា​លោកស្រី Nauert ស្ថិតនៅ​ក្នុងចំណោម​បេក្ខជន​នាំមុខគេ​ដែល​នឹងត្រូវ​តែងតាំង​ឲ្យ​កាន់តំណែង​សំខាន់​នេះ​។​
 
​លោក​បាន​និយាយ​ដូច្នេះ​៖  Nauert ស្ថិតក្រោម​ការពិចារណា​ហ្មត់ចត់​របស់​យើង​។ លោកស្រី​ជាម​នុស្ស​ល្អ​ណាស់​។ លោកស្រី​បម្រើ​ការងារ​ជាមួយ​យើង​យូរ​មកហើយ ហើយក៏​ជា​អ្នកគាំទ្រ​រដ្ឋបាល​យើង​យូរអង្វែង​មកហើយ​ដែរ​។ យើង​អាច​នឹង​សម្រេចចិត្ត​នៅ​សប្តាហ៍​ក្រោយ​»​។ 
 
​បើសិន​ត្រូវ​ប្រធានាធិបតី​ជ្រើសរើស​មែន​នោះ  លោកស្រី Nauert នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ជំនួស​លោកស្រី Nikki Haley ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ខែ​មុន​ដោយ​មិនបាន​ប្រាប់​ហេតុផល​ច្បាស់លាស់​ឡើយ​។​
 
​ដោយឡែក​លោកស្រី Nauert ធ្លាប់​បំពេញការងារ​ជា​ពិធីករ និង​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ Fox News មុននឹង​ចាប់ផ្តើម​ការងារ​ជា​អ្នកនាំពាក្យ​នៅ​ក្រសួងការបរទេស​នៅ​ខែមេសា​ឆ្នាំ ២០១៧​។ លោកស្រី​បាន​បំពេញការងារ​ជាម​ន្ត្រី​ក្រសួងការបរទេស​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​មន្ត្រី​ពីររូប​ក្នុងនោះ​មាន​លោក រិច ធី​ល័​រ​សិន និង​បច្ចុប្បន្ន​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ​។ លោកស្រី​ក៏ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​បំពេញការងារ​ជា​រដ្ឋលេខាធិការ​ស្តីទី​ទទួលបន្ទុក​ការទូត និង​កិច្ចការ​សាធារណៈ​ចាប់ពី​ខែមីនា​រហូតដល់​ខែតុលា​ឆ្នាំ ២០១៨​នេះដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ បើតាម​ការចុះផ្សាយ​រប​ស់កា​សែត CNN អ្នក​ផ្សេងទៀត​ដែល​អាចមាន​លទ្ធភាព​ទៅកាន់​តំណែង​ទូត​នៅ​អង្គការសហប្រជាជាតិ​នោះ​មានដូចជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អាល្លឺម៉ង់ Ric Grenell, បេសកជន​អាមេរិក​ប្រចាំ​នៅ​បារាំង  Jamie McCourt និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កាណាដា Kelly Craft៕  
 

Tag:
 Heather Nauert
  ដូ​ណា​ល់ ត្រាំ​
 Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com