ជាតិ
ពីនេះ ពីនោះ
លោក ខៀវ កាញារីទ្ធ ចំអក​ឲ្យ​មន្ត្រី​ម្នាក់ ដែល​មិន​ប្រឹង​ធ្វើការ ហើយ​ចាំ​រិះគន់​គេ​ថា «​អែបអប​»
03, Nov 2018 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចំអក​ឲ្យ​មន្ត្រី​ម្នាក់ ដែល​មិន​ប្រឹង​ធ្វើការ ហើយ​ចាំ​រិះគន់​អ្នកដទៃ​ថា ជា​«​មន្ត្រី​អែបអប​»​ថ្នាក់ដឹកនាំ​ទៅវិញ​។ វា​ជា​រឿង​ហួសចិត្ត​មួយ សម្រាប់​លោក ខៀវ កាញារីទ្ធ ដែល​ឃើញ​បុគ្គល​រូបនោះ ហ៊ាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​រិះគន់​ដទៃ ទាំង​ខ្លួន​មិន​ប្រឹងប្រែង​ធ្វើការ​ឲ្យ​ល្អ​។

 
​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ព្រឹក​មិញ​នេះ មុន​ចេញ​ធ្វើការ​ឃើញ​មន្ត្រី​ម្នាក់​បង្ហោះ​ថា «​មន្ត្រី​ធ្វើការ​ចាញ់​មន្ត្រី​អែបអប​» ហើយ​ឃើញ​អ្នកគាំទ្រ​ជិត​កន្លះ​ពាន់​នាក់ ។ ដល់​បើក​រកមើល​តួអង្គ​ឃើញថា​មន្ត្រី​បង្ហោះ​នេះ មួយខែ​មក​ធ្វើការ​តិចជាង​មួយខែ មាន​អាទិត្យ​ប៉ុន្មាន​ថ្ងៃ​ផង តែ​គាត់​ច្រណែន​គេ​មក​ធ្វើការ​ច្រើនជាង​គាត់ ហើយ​គាត់​ហៅ​អ្នក​មក​ធ្វើ​ការងារ​ទាំងនោះ​ជា​ពួក​អែបអប មិន​ដូច​គាត់​មិនចេះ​អែបអប​អាណា​ទាំងអស់ ចាំតែ​បើកប្រាក់​ខែ​អញ​មិន​ថោកទាប​ដូច​ពួក​អា​ប្រឹង​ធ្វើការ​ទេ ។ គិត​ទៅ​សម័យ​ហ្វេ​ស​ប៊ុ​ក ឲ្យ​តែ​និយាយ​ពិ​រោះ​គឺ​ត្រូវ​ទាំងអស់ ។ អាណិត​ជាងគេ គឺ​ក្រុម​មិនសូវ​មានមុខ​កន្លែងធ្វើកា​រ​ប្រឹង​ចុច​គាំទ្រ ឯ​អ្នក​រវល់​ការងារ​អត់​មាន​ពេល​បើក​សំដែង​មតិ​» ។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ និយាយ​ពី​ភាពអវិជ្ជមាន និង​អសកម្ម​ការងារ​របស់​មន្ត្រី នៅក្នុង​ក្រសួង​។​
 
«​មន្ត្រី​អែបអប​» ជា​បុគ្គល​ម្នាក់ ដែល​មិនសូវ​ប្រឹង​ធ្វើការ ឬធ្វើការដែរ ប៉ុន្តែ​ពូកែ​យកចិត្ត និង​អែបអប​ថ្នាក់ដឹកនាំ ដើម្បី​ទទួលបាន​តំណែង និង​តួនាទី​អ្វីមួយ ។ ពិតណាស់​មជ្ឈដ្ឋាន​ទូទៅ ទាំង​នៅក្នុង​ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន ប្រាកដជា​មិន​ចូលចិត្ត​«​មន្ត្រី​អែបអប​» នេះឡើយ​។ ប៉ុន្តែ​បុគ្គល​គ្រប់រូប មុននឹង​រិះគន់​អ្នកដទៃ​ថា ជា​មន្ត្រី​អែបអប​នោះ លុះត្រាតែ​ខ្លួនឯង​ជា​មន្ត្រី​អនុវត្ត​ការងារ​ឲ្យ​បានល្អ​ជាមុនសិន​៕

Tag:
 ខៀវ កាញារិទ្ធ​
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com