សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិ Futsal ទាំង១៦រូប ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅឥណ្ឌូណេស៊ី ចន្លោះពីថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។ កីឡាករទាំង១៦រូបនេះត្រូវបានចម្រាញ់ចេញពីកីឡាករ៥០រូប ដែលបានប្រមូលផ្តុំតាំងពីថ្ងៃទី៤ ខែតុលា។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមកីឡាករទាំងនេះ គ្មានឈ្មោះកីឡាករពីររូប ដែលលេងក្នុងក្របខណ្ឌលីគកំពូលកំពូលនោះទេ។ កីឡាករទាំងពីរនេះរួមមានកីឡាករ ឪ ភារុណ ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត និងកីឡាករ ជ័យ ចិត្រា ខ្សែបម្រើរបស់អគ្គស្នងការនគរបាលជាតិ។ នាការប្រមូលផ្តុំដំណាក់កាលដំបូង ពួកគេក៏ស្ថិតក្នុងបញ្ជីទាំង៥០នាក់នៃក្រុមជម្រើសជាតិ Futsal នេះដែរ។
សម្រាប់ព្រឹត្តិការណ៍ AFF Futsal Championship 2018 កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ខណៈពូល B មានថៃ វៀតណាម ព្រុយណេ និងទីម័រខាងកើត។
កីឡាករទាំង១៦រូបរួមមាន សឹង ចាន់វ៉ានណូ, តាត់ ផាត់ឌី, ញឹក ថាលីដា, ហូរ អាត្រា, សេដ្ឋា សច្ចៈបុត្រ, ចន្ថា ចន្ទាកា, គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ, រស់ ស៊ីចំរើន, ហេង សុខលី, រស់ រតនៈ, ឡាក់ ភីរុណ, អ៊ុក សេរីរតនៈ, គឹម ហាប់, កែវ ជាតួ និង ផុន ចាន់ឧត្តម។
គិតចាប់តាំងពីឆ្នាំ២០០១មក ព្រឹត្តិការណ៍ដណ្តើមជើងឯក Futsal ប្រចាំអាស៊ាន ប្រព្រឹត្តទៅចំនួន១៤លើក ដោយថៃឈ្នះជើងឯក១៣លើក និងឥណ្ឌូណេស៊ី ឈ្នះ១លើក ខណៈថៃអវត្តមាននាឆ្នាំ២០១០។ កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ តែបីលើកគត់ ដោយបានចំណាត់ថ្នាក់លេខ៤នៅឆ្នាំ២០០៣ និងឆ្នាំ២០០៦ និងធ្លាក់នៅវគ្គចែកពូលនាការបង្ហាញខ្លួនចុងក្រោយនាឆ្នាំ២០១២ ៕