ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន ប្រើ​សមត្ថភាព​សំដែង​ភាពយន្ត​ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់គុន​ខ្មែរ​ទៅកាន់​ពិភពលោក​
03, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
អតីត​អ្នក​ប្រដាល់​ល្បុក្កតោ​របស់ One Championship កញ្ញា សំ ថារ​ត្ន័ ដែលមាន​រហស្សនាម​ថា «​កូន​កង្កែប​» កំពុង​មមាញឹក​ខ្លាំងណាស់​ក្នុង​វិស័យ​ភាពយន្ត​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។​

 
​កញ្ញា​ល្បុក្កតោ​រូបនេះ មិន​ត្រឹម​តែមាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​អាជីព​ជា​អ្នក​ហាត់​ក្បាច់គុន​ខ្មែរ​ប៉ុណ្ណោះ​ទេ គាត់​ក៏បាន​ពង្រីក​អាជីព​ក្លាយ​មុខមាត់​ជា​តារាភាពយន្ត​ផងដែរ​។​
 
​កាលពី​ឆ្នាំ ២០១៧ នាង​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្មែរ រឿង «​ការពារ​ឧក្រិដ្ឋជន​» (Jailbreak) ហើយ​ឥឡូវនេះ​នាង​កំពុង​មមាញឹក​ក្នុង​រឿងភាពយន្ត​ឯកសារ​ថ្មី​មួយទៀត​ដែលមាន​ចំណងជើង​ថា «Surviving Bokator»​។​
 
 
​ខ្សែភាពយន្ត​មួយ​នេះ​ប្រាប់​ពី​ប្រវត្តិ​អំពី​ការតស៊ូ​របស់លោក​គ្រូ​ល្បុក្កតោ សាន គីម​ស៊ាន ពី​ប្រវត្តិ​នានា​ក្នុងការ​អភិរក្ស​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ  ក្រោយ​បាន​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍ ដោយ​គាត់​បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ ហើយ​ចាប់យក​អាជីប​ជា​លោកគ្រូ​ល្បុក្កតោ​ដើម្បី​បង្ហា​ត់ដល់​ក្មេងៗ​ជំនាន់​ថ្មី​។​
 
​ក្នុងចំណោម​តារា​សម្តែង​ផ្សេងៗ ថារ​ត្ន័ ត្រូវបាន​អ្នកដឹកនាំ​រឿង​ជ្រើសរើស​។​
 
​កញ្ញា​ខ្មៅ​ស្រអែម​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​និយាយ​ទាំង​រំភើប​ថា​៖ «​វា​មានន័យ​ខ្លាំងណាស់​សំរាប់​ខ្ញុំ ដែល​ខ្ញុំ​អាច​តំណាងឱ្យ​ប្រទេស​កម្ពុជា​»​។ « ប្រជាជន​ទូទាំងប្រទេស​នឹង​ស្គាល់​ពី​ក្បាច់គុន​របស់​ខ្មែរ​យើង​»​។ 
 
 
​សព្វថ្ងៃនេះ កញ្ញា​កំពុង​រវល់​ខ្លាំង​ពី​ការងារ​អ្នក​សម្តែង​កុន​អន្តជាតិ​ផង និង​ជា​អ្នក​ប្រដាល់​ផង មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សំរាប់​កញ្ញា​។ មុនពេល​ចាកចេញ​ពី​កម្ពុជា​ដើម្បី​ចូលរួម​មហោស្រព​ភាពយន្ត ក្នុងការ​បញ្ចាំង​រឿង​របស់​នាង Surviving Bokator នៅ​អាមេរិក​ខាងជើង កញ្ញា​ក៏បាន​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា​៖ « សព្វថ្ងៃ​នាង​រត់​ចុះឡើងៗ​ដូចជា​មាន់​អញ្ចឹង​»​។​
 
​គំរោង​ដំបូង​ឡើយ​របស់​កញ្ញា​គឺ​ចូលរួម​សម្ដែង​ក្នុងពេល​បញ្ចាំងភាពយន្ត​នៅ​រដ្ឋ Texas សហរដ្ឋ​អា​មេ​រិច បន្ទាប់មក​ហោះ​ទៅកាន់ ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ធ្វើការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី FMD 16: Big Trouble In Little​។ បន្ទាប់ពី​ប្រកួត​នៅ​ទីនោះ​ហើយ នាង​នឹង​ឡើង​យន្តហោះ​ម្តងទៀត​ទៅកាន់​មហោស្រព​ភាពយន្ត​នៅ​ប្រទេស​កាណាដា​។​
 
​ដោយសារ​មើលទៅ​មិនមាន​ពេល​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​នៅ​បាងកក នាង​ក៏ត្រូវ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត ដែល​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែវិច្ឆិកា​។​
 
​កញ្ញា​ពន្យល់ថា​៖ «​ខ្ញុំ​ត្រូវ​លុបចោល​ការប្រកួត ព្រោះ​ខ្ញុំ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហាត់​ទេ​ពេល​នៅ​អាមេរិក​» ។ «​ខ្ញុំ​ក៏​មិន​ចង់​លុបចោល​ការប្រកួត​នោះដែរ​»​។​
 
​ទោះបី​ការលុបចោល​ការប្រកួត​នៅ​បាងកក នាង​មាន​អារម្មណ៍​ខកចិត្ត​បន្តិច​មែន ប៉ុន្តែ​ក៏​រំភើប​យ៉ាងខ្លាំង​ណាស់ដែរ​ចំពោះ​ការដាក់​បញ្ចាំង​ខ្សែរ​ភាពយន្ត​ថ្មី Surviving Bokator នាពេល​ខាងមុខនេះ​។​
 
 
​នាង​បាន​និយាយ​យ៉ាង​រំភើប​ថា​៖ «​រឿង​ហ្នឹង​ប្រាកដជា​ល្អ​អស្ចារ្យ​» ។​
 
​កញ្ញា​បន្ថែមថា​៖ «​រឿងនេះ​ថត​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ ២០១៥»​។ «​អូ​..​ខ្ញុំ​រំភើបចិត្ត​ណាស់​! ខ្ញុំ​មើល​ពីរដង​រួចហើយ មើល​ហើយ​ខ្ញុំ​យំ​តែម្តង​»​។​
 
«​វា​រំឭក​ខ្ញុំ​ពី​ប្រវត្តិ​ដ៏​ពិបាក​ជូ​ចត់ និង​រឿង​ល្អៗ ពិតជា​ធ្វើ​ឲ្យ​រំជួលចិត្ត​មែនទែន សូម្បីតែ​ទស្សនិកជន​ក៏​យំ​ដែរ​»​។ 
 
​ទាំង​ត្រូវ​ប្រកួត​ក្រៅប្រទេស​ផង និង​សម្តែង​ក្នុង​រឿង Surviving Bokator ផង ហើយ​ដែល​ត្រូវ​ដើរតួ​ក្នុង​រឿង​របស់ អេ​ន​ជេ​លី​ណា​ជូ​លី រឿង ដំបូង​គេ​សំលាប់​ប៉ា​ខ្ញុំ (First They Killed My Father) ផង មើលទៅ​ជីវិត​របស់​កញ្ញា “​កូន​កង្កែប​" មិនទាន់​ស្បើយ​ឆាប់ៗ​ទេ​។ 
 
​កញ្ញា​ប្រដាល់​គុន​ចម្រុះ​នេះ មានសង្ឃឹម​ជឿជាក់​ច្បាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា កំពុង​មានដំណើរ​ឆ្ពោះទៅ​ទិសដៅ​ដ៏​ត្រឹមត្រូវ​។​
 
 
​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​កាលពីដើម​សប្ដាហ៍​នេះ កញ្ញា​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ កញ្ញា​មានការ​រំភើប​ជា​អនេក​ដោយ​ឃើញ​កីឡាប្រដាល់​នេះ​រីកចម្រើន​នៅក្នុង​ទឹកដី​កំណើត​របស់ខ្លួន​។​
 
​ថារ​ត្ន័ សង្ឃឹមថា​ខ្មែរ​នឹង​រួបរួមគ្នា​ជួយ​គ្នា​អោយ​អស់ពីដួងចិត្ត​ដើម្បី​លើក​ទង់ជាតិ​កម្ពុជា​អោយ​ខ្ពស់ និង​មាន​មោទនភាព​បំផុត​។​
 
​កញ្ញា​គិតថា មិនយូ​មិនឆាប់​ទេ​ពិភពលោក​ទាំងមូល​នឹង​ដឹង​ពី​សិល្បៈ​ក្បាច់គុន​ខ្មែរ ហើយ​កញ្ញា​ផ្ទាល់​ក៏​កំពុង​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ដែរ​។​
 
​នាង​និយាយ​យ៉ាង​មាន​ទំនុកចិត្ត​ថា​៖ «​សូមជួយ​ផ្តល់ឱកាស​ដ​ល់​អ្នក​ប្រដាល់​យើង​បន្ថែម​ទៀតផង​»​។ «​ខ្ញុំ​ដឹងថា យើង​ប្រាកដជា​បាន​ល្បី​ល្បាយ​ដូច​ប្រទេស​ដទៃទៀត​»៕
 
​អត្ថបទ​៖ Matias Andres

 

 

 

Tag:
 សំ ថា​រ័ត្ន​
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com