ជាតិ
សេដ្ឋកិច្ច
ឃុំកំពង់ឃ្លាំងមានទូកជិត១០០សម្រាប់ដឹកភ្ញៀវទេសចរកម្សាន្តភូមិលិចទឹក
× សៀមរាប៖ ឃុំកំពង់ឃ្លាំងមានភូមិសាស្ដ្រក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប។ ឃុំនេះមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីទីរួមខេត្ត និងមានប្រជាជនជាង ២ពាន់គ្រួសារ ដែល៨៥ភាគរយ ជាអ្នកនេសាទ។ ក្រៅពីនេសាទ ពលរដ្ឋនៅកំពង់ឃ្លាំងដែលគ្របដណ្ដប់ដោយភូមិចំនួន ១០ ក៏មានរបរបើកទូកដឹកភ្ញៀវផងដែរ។ ទូកទេសចរណ៍នៅភូមិលិចទឹកនេះ មានចំនួន ជិត១០០ ដែលសរុបទាំងខ្នាតតូច និងខ្នាតធំ។
ប្រធានសមាគមទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង លោក ហ៊ូវ សាវី បានឱ្យដឹងថា នៅឃុំរបស់លោកមានទូកទេសចរណ៍ខ្នាតតូចចំនួន ៨៤ និងខ្នាតធំ ចំនួន ១៤។ ទូកតូចអាចដឹកភ្ញៀវទេសចរបានចំនួន ៩នាក់ និងមានតម្លៃ ១៩ដុល្លារ និងខ្នាតធំ អាចដឹកទេសចរបានរហូតដល់ ៤០នាក់ នឹងមានតម្លៃ ៦០ដុល្លារ សម្រាប់ដំណើរកម្សាន្តជុំវិញឃុំកំពង់ឃ្លាំង និងតំបន់ក្បែរនោះ។
ក្រៅពីក្នុងភូមិសាស្ដ្រនេះ ទូកទេសចរណ៍របស់អ្នកកំពង់ឃ្លាំង ក៏មានសេវាទៅភូមិទន្លេសាបមួយចំនួនទៀតផងដែរ ដូចជាទៅតំបន់មាត់ខ្លា ស្រុកជីក្រែង និងកំពង់ហ្លូង ខេត្តពោធិ៍សាត់។ល។ សម្រាប់អ្នកបើកបរកាណូតទូក គឺជាប្រជាពលរដ្ឋក្នុងភូមិ ១០០ភាគរយ ដោយសមាគមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩។
ក្រៅពីមានកាណូតទេសចរណ៍សម្រាប់ដឹកជញ្ជូនភ្ញៀវហើយនោះ កំពង់ឃ្លាំងក៏មានសេវាកម្មដូចជាម្ហូបអាហារ និងផ្ទះស្នាក់នៅ ដែលរៀបចំឡើងដោយអ្នកភូមិផ្ទាល់ផងដែរ។ បច្ចុប្បន្នផ្ទះស្នាក់មានចំនួន ៥ផ្ទះ ដែលទំហំនេះនៅតូចនៅឡើយ បើធៀបនឹងតំបន់ផ្សេងៗ។
ដ្បិតឃុំកំពង់ឃ្លាំង ជាភូមិលិចទឹកដ៏ស្រស់ស្អាតបែបណាក្ដី តែមានទេសចរណ៍មិនច្រើនទេដែលបានទៅទស្សនា និងកម្សាន្តតំបន់នេះ។ តាមការបញ្ជាក់ពីមេឃុំកំពង់ឃ្លាំង មានពលរដ្ឋតែ ២ ទៅ៣ភាគរយប៉ុណ្ណោះដែលទទួលផងពីវិស័យទេសចរណ៍។ តាមការមើលឃើញរបស់លោកមេឃុំ ហេតុផលគឺដោយសារភូមិសាស្ដ្ររៀងនៅឆ្ងាយពីក្រុង បើធៀបនឹងឃុំកំពង់ភ្លុក និងមួយទៀត គឺកង្វះការផ្សព្វផ្សាយជាដើម៕
Tag:
ទេសចរណ៍
ធម្មជាតិ
កំពង់ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com