ជាតិ
នយោបាយជាតិ
អនុប្រធានសភាចិន៖ ទោះជាលោកខាងលិច និយាយបែបណាក្តី តែប្រជាជនជាង១ពាន់លាននាក់ ស្គាល់សម្ដេច ហ៊ុន សែន ច្បាស់
× ភ្នំពេញ៖ លោក ចាង ឈុនហ្ស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិន បានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គច្រើន និងគ្រប់បែបយ៉ាង ធ្វើឲ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប។ អនុប្រធានសភាតំណាងប្រជាជនចិន លើកឡើងបែបនេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនៈកិច្ចកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ។
លោក ចាង ឈុនហ្ស៊ាន បាននិយាយថា ចិនគឺតែងតែគោរព និងគាំទ្រគោលនយោបាយកម្ពុជា ដោយឥតមានលក្ខខណ្ឌ និងស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រដ្ឋាភិបាលកម្ពុជា។ អនុប្រធានសភាតំណាងប្រជាជនចិនរូបនេះ បានបញ្ជាក់ថា៖ «បើទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ប៉ុន្តែប្រជាជនចិន ជាង១ពាន់លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រសម្តេច ហ៊ុន សែន»។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បាននិយាយថា កម្ពុជាមានឯករាជ្យភាពផ្នែកនយោបាយដ៏រឹងមាំនេះ ដោយសារមានចិនជាខ្នងបង្អែក។ «ចិនមកជួយកម្ពុជា គិតចាប់តាំងពីជំនួយឥតសំណង់ សម្បទាន ពីការឧបត្ថម្ភផ្សេងៗ ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺកម្ពុជាមិនអាចកសាងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធបាននោះទេ បើគ្មានជំនួយពីចិន»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងកសាងទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងទូលំទូលាយ។
ក្រៅពីនិយាយពីរឿងទំនាក់ទំនងនេះ សម្ដេច ហ៊ុន សែន ក៏លើកពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរថា នៅក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានក្នុងរង្វង់៧,៣ភាគរយ ដែលជាកំណើនខ្ពស់បំផុត នៅក្នុងតំបន់ ។ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០១៩ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះបីជាមានការគំរាមកំហែង ដកប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប (EBA) ក៏ដោយ។
ត្រង់ចំណុចលោក ចាង ឈុនហ្ស៊ាន សន្យាថា ចិននឹងជួយជំរុញទីផ្សារផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន បន្ថែមទៀត។ «ទីផ្សារចិនធំណាស់ ដូច្នេះហើយ លោកនឹងប្រាប់ទៅកាន់ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឲ្យខិតខំជួយពង្រីកទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារជប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិតផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់»។ នេះជាការបញ្ជាក់របស់អនុប្រធានរដ្ឋសភាចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com