ជាតិ
បុណ្យអុំទូក
ខេត្តសៀមរាប​ប្រារព្វ​ពិធី​អុំទូក រយៈពេល​២​ថ្ងៃ​
04, Nov 2018 , 12:49 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​កាលបរិច្ឆេទ​នៃ​កម្មវិធី​ប្រណាំង​ទូកង ឬ​បុណ្យអុំទូក​ក្នុង​ឆ្នាំ ២០១៨​នេះ​។ តាម​សេចក្តីជូនដំណឹង កម្មវិធី​ឆ្នាំនេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ២១ និង​២២ វិច្ឆិកា នៅតាម​បណ្ដោយ​ស្ទឹង​សៀមរាប​។​

 
​ដូច​រាល់​ឆ្នាំ កម្មវិធី​បុណ្យអុំទូក​នៅ​ខេត្តសៀមរាប គឺធ្វើឡើង​ដំណាលគ្នា​ទៅនឹង​កម្មវិធី​នៅ​រាជធានី​ភ្នំពេញ​ដែរ តែត្រឹម​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ពិធី​ធំ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២១ ដល់​២៣ វិច្ឆិកា ឆ្នាំ ២០១៨​។ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ការប្រណាំង​ទូកង នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីតាំង​ចាស់ គឺ​វេទិកា​មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រៅពីនោះ កម្មវិធី​ដទៃទៀត​ដូចជា ការសម្ដែង​សិល្បៈ​ប្រពៃណី អកអំបុក សំពះ​ព្រះ​ខែ ធ្វើឡើង​នៅលើ​សួនច្បារ​មុខ​សណ្ឋាគារ មហាសណ្ឋាគារ​អង្គរ ឬ​សួនច្បារ​ព្រះរាជដំណាក់​។​
 
​ជាមួយនឹង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៧ តុលា រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​ប្រាប់​ដល់​ស្ថាប័ន​នានា​ដែលមាន​បំណង​ចង់​ចូលរួម​ប្រណាំង​ទូកង ឱ្យទៅ​ទទួល​ពាក្យ​នៅ​សាលាខេត្ត​សៀមរាប​៕
 
 
 
 

Tag:
 ​អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com