ជាតិ
បោះឆ្នោត
រដ្ឋាភិបាល​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើក​ទី​៣
04, Nov 2018 , 1:39 pm        
រូបភាព
ដោយ: រួបរួម
ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី​៣ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។ នេះ​បើតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែតុលា​។

 
​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ជាការ​បោះឆ្នោត​អសកល ដែល​ជ្រើសរើស​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​មុខដំណែង​។​
 
​នា​ការបោះឆ្នោត​កាលពី​អណ​ត្តិ​ទី​ពីរ នា​ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ដ៏​ច្រើន​លើសលុប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​នៅ​លំដាប់​ទី​ពីរ និង​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​លេខ​រៀង​បន្ទាប់​។​
 
​សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​តំណែង​ប្រធាន​ទាំង​២៥​រាជធានី​-​ខេត្ត និង​បាន​កៅអី​សមាជិក​ចំនួន​២៨១ ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កៅអី​សមាជិក​ចំនួន​៨៦ និង​ហ្វ៊ុនស៊ិនប៉ិច បាន​១ ។​
 
​រីឯ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ស្រុក ខណ្ឌ វិញ គណបក្ស​ប្រជាជន​កម្ពុជា បាន​កៅអី​ប្រធាន​ចំនួន​១៩៥ និង​សមាជិក ២០៣៩​នាក់ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​តំណែង​ប្រធាន​ចំនួន​២ និង​សមាជិក​៦៧៧​នាក់ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិក ជាប់​សមាជិក​ចំនួន​១៧ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សមាជិក ១​នាក់​។​
 
​ប៉ុន្តែ​ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេចយក​អាសនៈ​សរុប​ទាំង​៧៦៥ (​ថ្នាក់​រាជធានី ខេត្ត ស្រុក ខណ្ឌ​)​របស់​បក្សប្រឆាំង​មួយ​នេះ ទៅ​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ហ្វ៊ុនស៊ិនប៉ិច ដោយ CPP បាន​៧១៧ និង ហ្វ៊ុនស៊ិនប៉ិច បាន​៤៨​អាសនៈ​បន្ថែម​៕
 
 

Tag:
 បោះឆ្នោត​
  ក្រុមប្រឹក្សា​រាជធានី​
© រក្សាសិទ្ធិដោយ thmeythmey.com