ជាតិ
សេដ្ឋកិច្ច
អនុប្រធានរដ្ឋសភា​ចិន​៖ កម្ពុជា គួរតែ​រក​ទីផ្សារ​នាំចេញ​ទំនិញ​បន្ថែម ទៅ​ជប៉ុន និង​រុស្ស៊ី
04, Nov 2018 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើទោះជា​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ក្តី ក៏​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា នៅតែ​បន្ត​កើនឡើង​លើសពី​៧​ភាគរយ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោក  ចាង ឈុន​ហ្ស៊ា​ន អនុប្រធានរដ្ឋសភា​តំណាង​ប្រជាជន​ចិន កាលពី​ថ្ងៃទី​២ វិច្ឆិកា​។​


 
​សម្ដេច ហ៊ុន សែន បាន​និយាយប្រាប់​ភាគី​ចិន​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨​នេះ នឹងមាន​ក្នុង​រង្វង់​៧,៣​ភាគរយ ដែលជា​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់  ហើយ​កំណើនសេដ្ឋកិច្ច​នេះ នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០១៩​។ ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា​៖«​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩​ខាងមុខ កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​នឹងមាន​លើសពី​៧​ភាគរយ​ផងដែរ បើទោះបីជា​មានការ​គំរាមកំហែង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប (EBA) ក៏ដោយ​»​។​
 
​ទោះ​ជាមាន​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្តី ក៏​ចិន​នៅតែ​រង់ចាំ​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ជានិច្ច​។  លោក ចាង ឈុន​ហ្ស៊ា​ន សន្យាថា ចិន​នឹង​ជួយ​ជំរុញ​ទីផ្សារ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន បន្ថែមទៀត​។ ប៉ុន្តែ​កម្ពុជា ក៏ត្រូវ​តែ​រក​ទីផ្សារ​សេដ្ឋកិច្ច​បន្ថែម ដូចជា​ជប៉ុន និង​រុស្ស៊ី​ជាដើម​។​
 
«​ទីផ្សារ​ចិន​ធំ​ណាស់ ដូច្នេះហើយ លោក​នឹង​ប្រាប់​ទៅកាន់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន ឲ្យ​ខិតខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន សម្រាប់​ទំនិញ​កម្ពុជា​។ កម្ពុជា​គួរតែ​រក​ទីផ្សារ​បន្ថែមទៀត ដូចជា​ទីផ្សារ​ជប៉ុន ទីផ្សារ​រុស្ស៊ី ព្រោះថា​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា គឺមាន​គុណភាព​ខ្ពស់​»​។ នេះ​ជាការ​ជំរុញ​របស់​អនុប្រធានរដ្ឋសភា​ចិន​។​
 
​បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន មាន​ជាង​១.៥​ពាន់​លា​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ជប៉ុន មាន​ជាង ១,២ ពាន់​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​របស់​ជប៉ុន​មក​កម្ពុជា មានតែ​ជាង ៣០០ លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។​
 
​ទំនិញ​នាំចូល​នាំចេញ​សំខាន់ៗ រួមមាន ស្បៀងអាហារ វត្ថុធាតុដើម ឥន្ទ​នៈ​មិនទាន់​កែច្នៃ គីមី (​សម្ភារ​ប្លា​ស្ទិ​ក ផលិតផល​ពេទ្យ គីមីសរីរាង្គ​) ទំនិញ​ឧស្សាហកម្ម (​ដែក វាយនភ័ណ្ឌ សរសៃអំបោះ កៅស៊ូ ក្រដាស​) គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី ឧបករណ៍​ដឹកជញ្ជូន និង​មុខទំនិញ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម បញ្ជាក់​កន្លងមក​។​
 
​កម្ពុជា និង​ជប៉ុន បាន​សន្យាថា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់ ២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាងមុខ​។ ការសន្យា​នេះ​ធ្វើឡើង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ជប៉ុន ស៊ីន​ហ្សូ អា​បេ ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ដេច​ទៅ​ជប៉ុន កាលពី​ខែសីហា ឆ្នាំ​២០១៧ ។​
 
​ចំណែកឯ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​រុស្ស៊ី នៅមានកម្រិត​ទាប​នៅឡើយ​។ រុស្សី គឺជា​សមាជិក​មួយ​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEU) ទាំង ៥​ប្រទេស ដែល​កម្ពុជា​កំពុង​សហការ និង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សេរី​ជាមួយ​សហភាព​មួយ​នេះ​នៅពេល​ខាងមុខ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ប្រទេស​សមាជិក EEU កន្លងមក​មាន​ជិត ១៤០​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ការជួញដូរ​ភាគច្រើន គឺធ្វើឡើង​រវាង​កម្ពុជា និង​រុស្ស៊ី ។ រុស្ស៊ី​បាន​សន្យា​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ពី​កម្ពុជា​ចំនួន ៣០០០​មុខ កាលពី​រុស្ស៊ី​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ។ ទំនិញ​ដែល​រុស្ស៊ី ចង់​ទិញ​ពី​កម្ពុជា​នោះ ជា​ផលិតផល​កសិកម្ម ដូចជា អង្ករ កៅស៊ូ និង​ស្វាយចន្ទី​ជាដើម​។ នេះ​ជាការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​។​

Tag:
 ​ហ៊ុន សែន​
  ចិន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com