កីឡាអន្តរជាតិ
អន្តរជាតិ
បងប្អូន​កូរ៉េ​ទាំងពីរ ផ្ញើលិខិត​រួមគ្នា​ទៅ IOC សុំ​សិទ្ធិ​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ ២០២៣
04, Nov 2018 , 7:59 pm        
រូបភាព
​កូរ៉េខាងត្បូង និង​ខាង​ជើងបាន​ព្រមព្រៀងគ្នា​នៅឯ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ដោយ​ផ្ញើលិខិត​ទៅ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដើម្បី​ដាក់​ដេញថ្លៃ​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ ២០៣២​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នាទី​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា កន្លងមក កូរ៉េខាងជើង​បាន​យល់ព្រម​លើ​សំណើ​របស់​កូរ៉េខាងត្បូង​ដើម្បី​ដេញថ្លៃ​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២​។​
 
​ក្រោយមកទៀត​មន្ត្រី​កីឡា​នៃ​ប្រទេស​បងប្អូន​ទាំងពីរ​ក៏បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ពី​វិធីសាស្ត្រ​ពង្រីក​ការផ្លាស់ប្តូរ​កីឡា​រួមគ្នា​។ ក្នុងជំនួប​នោះ​ពួកគេ​បាន​យល់ព្រម​បង្កើត​ក្រុមកីឡា​រួមគ្នា​មួយ​ដើម្បី​ចូលរួម​ប្រកួត​កីឡា Handball វិញ្ញាសា​បុរស​ក្នុង​កម្មវិធី World Championship នៅ​អាល្លឺម៉ង់​ឆ្នាំក្រោយ​ផងដែរ​។​
 
​ប្រទេស​ជាប់​របង​ទាំងពីរ ទទួលផល​វិជ្ជមាន​ច្រើន​ពី​កីឡា​អូឡាំពិក​រដូវរងា​កន្ល​ង​ទៅ​នៅ​ទីក្រុង​ព្យុង​ឆាង​ប្រទេស​កូរ៉េខាងត្បូង ដែល​ការចូលរួម​របស់​កូរ៉េខាងជើង​បាន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​
 
​ភាពល្អប្រសើរ​រវាង​កូរ៉េ​ទាំងពីរ​បានកើត​ឡើង​ផ្ទួនៗ​។ ក្នុងការ​ប្រកួត​កីឡា​អាស៊ី Asian Game នៅ​ឥណ្ឌូណេស៊ី​កន្លងទៅ ក្រុមកីឡា​ការិនី​កូរ៉េ​តែមួយ​ដែល​រួមបញ្ចូល​គ្នា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​អាច​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​១​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀតផង​។​
 
​សម្រាប់​ការ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២​នេះដែរ ឥណ្ឌូណេស៊ី​ដែល​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ​ក៏បាន​ប្រកាស​ពី​ការដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទី​១​ពិភពលោក​នេះ​ផងដែរ​៕

Tag:
 អូឡាំពិក​
  IOC
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com