ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ នឹង​ប្រណាំងទូក​«​ង​» ដើម្បី​សាទរ​ពិធីបុណ្យ​អុំទូក​
05, Nov 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ​ខាងមុខនេះ ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ រួមគ្នា​រៀបចំ​ការ​ប្រណាំងទូក​«​ង​» និង​មាន​ការតាំង​ពិ​ពរណ៍​លក់​សម្ភារ​ដែលជា​ផលិតផល​ខ្មែរ​ផងដែរ​។


​ខេត្តព្រៃវែង នឹង​ប្រារព្ធ​ពិធី​ប្រណាំង​ទូកង នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​វិ​ចិ្ឆ​កា នៅ​ទន្លេ​អ្នក​លឿង ដើម្បី​សាទរ ការ​បំបែក​ឯកទគ្គកម្ម​ទូក​ង​វែង​ជាងគេ​លើ​ពិភពលោក​។ 
 
​តាមរយៈ​រដ្ឋបាលខេត្ត​ព្រៃវែង​ដែល​បាន​ស្រង់​សម្តី​របស់​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី​ថា​៖«​ដើម្បី​លើកតម្កើង​កិត្យានុភាព​ប្រទេស​កម្ពុជា​ឲ្យ​មានមុខមាត់​នៅលើ​ឆាក​អន្តរជាតិ យើង​រៀបចំ​កម្លាំង​ទូក ឲ្យ​បានល្អ ដើម្បី​អុំ​បង្ហាញ​ទៅ​គណៈកម្មការ​ក្រុមការងារ ឯកទគ្គកម្ម​ពិភពលោក  Guinness World Records ពិនិត្យ និង​វាយតម្លៃ ដើម្បី​ដាក់បញ្ចូល​ឯកទគ្គកម្ម សម្រាប់​ទូក​«​ង​» វែង​ជាងគេ​លើ​ពិភពលោក​»​។ 
 
​នៅតាម​ដងស្ទឹង​ខេត្តសៀមរាប​ឯណោះ​វិញ ចាប់ពី​ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ រហូតដល់​ស្ពាន​វត្ត​ដំណាក់ ខេត្តសៀមរាប នឹង​មានការ​ប្រណាំងទូក​«​ង​» នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា​។ នេះ​បើតាម​ការផ្សាយ​ដំណឹង​នៅ​ថ្ងៃទី​២២ ខែតុលា របស់​រដ្ឋបាល​ខេត្តសៀមរាប​។ 
 
​រីឯ​ខេត្តស្ទឹងត្រែង ក៏​នឹង​រៀប​ចំការ​ប្រណាំងទូក​«​ង​» និង​កម្មវិធី​កីឡា សិល្បៈ​តន្ត្រី និង​ផ្ទាំងទស្សនីយភាព​ផ្សេងៗ​ផងដែរ ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត សប្បាយរីករាយ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ។ រដ្ឋបាលខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​សាធារណជន ចូល​រូ​ម​ឲ្យ​បាន​អធិកអធម ដើម្បី​រួមចំណែក​លើ​កក​ត្តិ​យស កិត្យានុភាព និង​សក្តា​នុ​ពុល​ខេត្តស្ទឹងត្រែង​។​
 
​ដោយឡែក​អភិបាលខេត្ត​រតនគីរី នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​បរិវេណ​បឹង​កន្សែង ក្រុង​បា​លុង និង​មាន​ការតាំង​បង្ហាញ​ផលិតផល​នានា ការប្រគុំ​ត​ន្រី និង​បាញ់​កាំជ្រួច ដើម្បី​ឲ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨​។ 
 
​បើ​ក្រឡេក​ទៅ​រាជធានី​ភ្នំពេញ​វិញ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ជា​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ពី​កីឡាករ​ប្រណាំងទូក​គ្រប់​បណ្តា​ខេត្ត ដែល​មក​អុំទូក​ប្រណាំង​គ្នា​នៅ​ទន្លេចតុមុខ និង​ទស្សនាការ​បណ្តែតប្រទីប បន្ទាប់ពី​ប្រណាំងទូក​រួច​។ 
 
​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា នៅមុខ​បរមរាជវាំង​នេះ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​មក​ទត​ការ​ប្រណាំងទូក​«​ង​» រូ​ម​ទាំង​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ផងដែរ​។ 
 
​ជាមួយគ្នា​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សាងសង់​បន្ទប់ទឹក​សាធារណៈ​ចំនួន​២០​បន្ទប់ រួមទាំង​បន្ទប់ទឹក​ជនពិការ​ចំនួន​១​បន្ទប់​ផងដែរ ដើម្បី​ត្រៀម​ដាក់​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី នា​ពិធី​បុណ្យអុំទូក​៕
 
 
 
 

Tag:
 បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com