ជាតិ
សង្គមជាតិ
ភាពយន្ត​ចម្រុះ​១១​រឿង​នឹង​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៨​នេះ​
05, Nov 2018 , 8:30 am        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​។ ភាពយន្ត​ចម្រុះ​ចំនួន​១១ រឿង ដែល​ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន នឹងត្រូវ​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​នេះ ដោយ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex AEON 1 និង​រោងភាពយន្ត Legend សាខា​ទួ​ក​គោ​កនៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត Major Cineplex ខេត្តសៀមរាប​។​

 
​ភាពយន្ត​ជាច្រើន​ដែល​បាន​សម្រិតសម្រាំង​សម្រាប់​ការដាក់​បញ្ចាំង​រួមមាន ភាពយន្ត​បែប​មនោសញ្ចេតនា ស្រមើល​ស្រមៃ អាថ៌កំបាំង ភាពយន្ត​ប្រឌិត​បែប​បច្ចេកវិទ្យា ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​រន្ធត់ និង​កំប្លែង​ជាដើម​។ ក្នុងនោះ​មាន​ខ្សែភាពយន្ត​ខ្លះ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ផងដែរ​។ ភាពយន្ត​ទាំងនោះ​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex AEON 1 និង​រោងភាពយន្ត Legend Cineplex ខេត្តសៀមរាប​។ 
 
​ភាពយន្ត​ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ទាំងនោះ ឆ្លុះបញ្ចាំង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន​។ មហោស្រព​នេះ​ក៏​ផ្ដល់ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកទស្សនា អាច​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​ផងដែរ​។ 
 
​សម្រាប់​ឆ្នាំនេះ ភាពយន្ត​ជប៉ុន​ចំនួន​១១​រឿង  ដែល​នឹង​ចាក់​បញ្ចាំង អមដោយ​ចំណងជើង​រង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ សម្រាប់​កម្មវិធី​លម្អិត នៃ​ការចាក់​បញ្ចាំង​មាន​ផ្សព្វផ្សាយ នៅលើ​គេហទំព័រ​នៃ​មហោស្រព​ភាពយន្ត​ជប៉ុន​៖ http://kh.japanesefilmfest.org/ ។ ការចូលរួម​ដោយ​សេរី និង​មិន​គិតថ្លៃ​។​
 
​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ដោយ​រួមគ្នា​ជាមួយ​ការផ្លាស់ប្ដូរ​រវាង​ផលិតករ​ភាពយន្ត​កម្ពុជា និង​ជប៉ុន​។ អំឡុង​មហោស្រព​ឆ្នាំនេះ មូលនិធិ​ជប៉ុន​បាន​អញ្ជើញលោក Koji ICHIHASHI ដែលជា​ផលិតករ​ភាពយន្ត​បែប​រន្ធត់ និង​កំប្លែង ក្រោម​ចំណងជើង «One Cut of the Dead» ចូលរួម និង​រៀបចំ​សិក្ខាសាលា​សម្រាប់​ផលិតករ​ភាពយន្ត ព្រមទាំង​ចាក់​បញ្ចាំងភាពយន្ត ជា​លក្ខណៈពិសេស ដោយមាន​វគ្គ​សំណួរ​- ចម្លើយ​ជាមួយនឹង​ផលិតករ​ក្រោយ​ការចាក់​បញ្ចាំង​ផងដែរ​។​
 
​សម្រាប់​សំណួរ​ផ្សេងៗ សូម​ទាក់ទង​ទៅកាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ២១៧ ១៦១(​ភ្ជាប់​បន្ត ១១២១ ឬក៏​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅកាន់​អាស័យដ្ឋាន [email protected]

Tag:
 មហោស្រព​ភាពយន្ត​ជប៉ុន​
  សិល្បៈ
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com