កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Leicester ទៅចូលរួមពិធីបុណ្យសព លោក Vichai នៅបាងកក
× លោក Claude Puel រួមទាំងកីឡាករមួយចំនួនរបស់ក្លិប Leicester City បានទៅចូលរួមដោយផ្ទាល់ក្នុងកម្មវិធីបុណ្យសព លោក Vichai Srivaddhanaprabha នៅទីក្រុងបាងកក ប្រទេសថៃ។ ម្ចាស់ក្លិបរូបនេះ ស្ថិតក្នុងចំណោមមនុស្ស៥នាក់ ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power កាលពីថ្ងៃទី២៧ ខែតុលា។
ប្រតិភូរបស់ក្លិប Leicester City ដែលបានទៅដល់ក្រុងបាងកក កាលពីចុងសប្តាហ៍កន្លងមកនោះ រួមមាន លោក Claude Puel ដែលជាគ្រូបង្វឹក នាយកបាល់ទាត់ លោក Jon Rudkin និងអ្នកស្រី Susan Whelan នាយិកាប្រតិបត្តិក្លិប។ ចំណែកសមាសភាពកីឡាកររួមមាន ប្រធានក្រុម Wes Morgan, Jamie Vardy, Kasper Schmeichel, Harry Maguire, Ben Chilwell, James Maddison, Marc Albrighton Shinji Okazaki, Andy King, Wilfred Ndidi និង Christian Fuchs។
កីឡាករមួយចំនួនទៀត ដែលរាប់បញ្ចូលទាំង Demarai Gray មិនមានឈ្មោះសម្រាប់ដំណើរ១៣ម៉ោងទៅកាន់បាងកក ក្រោយជ័យជម្នះលើ Cardiff ១-០ នោះឡើយ។ Gray បានស៊ុតបាល់បញ្ចូលទីនៅតង់ទីពីរ ហើយគេបានដោះអាវ ដើម្បីឧទ្ទិសគ្រាប់បាល់សម្រាប់លោក Vichai ដែលជាម្ចាស់ក្លិបរបស់ខ្លួន។
ពិធីបុណ្យសពរបស់លោក Vichai រៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ហើយបន្តរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ព្រះនាង Sirivannavari Nariratana ក៏បានយាងចូលរួមក្នុងពិធីបុណ្យសពមហាសេដ្ឋីលំដាប់ទី៥របស់ថៃរូបនេះផងដែរ៕
ប្រភពរូបថត៖ Leicester City Thailand
Tag:
បាល់ទាត់
Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com