ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ​៖ បក្ស​កាន់អំណាច មិនដែល​ទុក​ខ្ញុំ ជាស​ត្រូវ​ទេ
05, Nov 2018 , 2:25 pm        
រូបភាព
លោក គង់ គាំ ថ្លែងសារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីអបអរសាទរខួបលើកទី២៦នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ
លោក គង់ គាំ ថ្លែងសារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីអបអរសាទរខួបលើកទី២៦នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គង់ គាំ ដែល​ធ្លាប់ជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង និង​ជាម​នុស្ស​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី មិន​ផ្តល់​ចម្លើយ​ឲ្យ​ច្បាស់លាស់​និង​ដាច់ស្រេច​នោះទេ​ថា លោក ជា​រនុកក្នុង​ឬ​មិនមែនជា​រនុកក្នុង​រប​ស់​គណបក្សកាន់អំណាច​។ លោក គ្រាន់តែ​បង្ហើប​ថា មេដឹកនាំ​និង​មន្ត្រី​គណបក្សកាន់អំណាច មិនដែល​រើសអើង​លោក​ឡើយ​។  

 
 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ លោក គង់ គាំ បកស្រាយ​ថា កាលពី​១០-២០​ឆ្នាំមុន ពេល​លោក ចេញពី​គណបក្សកាន់អំណាច ទៅ​ចូល​គណបក្សប្រឆាំង គឺប្រធាន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ពុំដែល​ដាក់​ការសង្ស័យថា លោក ជា​រនុកក្នុង​របស់​គ​ណ​បក្ស​កាន់អំណាច​នោះទេ​។ ហើយ​មកដល់ពេលនេះ បើទោះបីជា​លោក លែង​ស្ថិតក្នុង​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្សប្រឆាំង ហើយ​ហាក់ដូចជា​និយាយ​និង​ធ្វើ​អ្វីៗ​ខុសពី​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​បន្តិច​ក្តី ក៏​មេដឹកនាំ​នៃ​គណបក្សប្រឆាំង ពុំដែល​គិត​អាក្រក់​ទៅលើ​រូបលោក ថា​ជា​រនុកក្នុង​របស់​គណ​បក្ស​កាន់អំណាច​ដែរ​។  
 
​លោក គង់ គាំ អតីត​សមាជិក​ព្រឹទ្ធសភា និង​ធ្លាប់ជា​ប្រធាន​គណបក្ស​ភ្លើងទៀន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មេដឹកនាំ​កំពូល​នៃ​អតីត​គណបក្សប្រឆាំង និង មេដឹកនាំ​កំពូល​នៃ​គណបក្សកាន់អំណាច មិនដែល​សង្ស័យថា ខ្ញុំ​ភ្ជាប់​ខ្លួន​ជា​ភ្នាក់ងារ​សម្ងាត់​របស់​អ្នកណា​ឡើយ​។ ហើយ​ខ្ញុំ​គិតថា ថ្នាក់ដឹកនាំ​នៃ​គណបក្សកាន់អំណាច នៅតែ​ចាត់ទុក​ខ្ញុំ​ជា​គ្នាឯង មិន​យក​ខ្ញុំ​ធ្វើជា​សត្រូវ​ទេ​»​។ 
 
​លោក គង់ គាំ បន្តថា អ្វីដែល​លោក លើកឡើង​ជុំវិញ​ដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា និង ការបោះឆ្នោត គឺ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ធម្ម​តា មិនមែន​ក្នុងនាម​ជា​អ្នកនយោបាយ​ខាង​ណា​ឡើយ​។ លោក បន្ថែម​បែបនេះ​ថា​៖«​ខ្ញុំ បញ្ចប់​សមាជិកភាពរ​បស់​ខ្ញុំ និង​តំណែង​ជា​ប្រធាន​គណបក្ស​ភ្លើងទៀន យូរហើយ ហើយក៏​មិនមែនជា​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទៀត​ដែរ ដូច្នេះ មិនអាច​និយាយថា​ខ្ញុំ​ប្តូរ​ជំហរ​នយោបាយ​នោះទេ​។ ឥឡូវ​ខ្ញុំ ក្លាយជា​ប្រជាពលរដ្ឋ​ធម្មតា​។ ខ្ញុំ គ្រាន់តែ​ប្រើ​សិទ្ធិសេរីភាព​ជា​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ក្នុងការ​ទៅ​បោះឆ្នោត​កន្លងមក ឬ​ការបញ្ចេញមតិ​»​។​
 
​លោក គង់ គាំ ជា​នយោបាយ​ម្នាក់​ក្នុង​ចំ​ណោ​យ​អ្នកនយោបាយ​ទាំង​១០៨​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោម​អំណាច​នៃ​សាលដីកា​របស់​តុលាការ​កំពូល​។ កូនប្រុស​របស់លោក​ពីរ​នាក់ គឺ​លោក គង់ បូរ៉ា និង លោក គង់ សភា ដែលជា​អតីត​តំណាងរាស្ត្រ ក៏​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​ទាំង​១០៨​នាក់​នោះដែរ​។

លោក គង់ គាំ ធ្វើ​ឲ្យ​គេ​សង្ស័យថា លោក ជា​រនុកក្នុង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដោយសារតែ​ថ្មីៗ លោក បានផ្តល់​បទ​សម្ភាស​ដ​ល់​វិទ្យុ​វាយោ ដែល​ស្តាប់ទៅ​ហាក់ដូចជា​ចង់​រិះគន់​បែប​បញ្ឆិតបញ្ឆៀង​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ដែល​សម្តែង​ក្តីបារម្ភ​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ខណៈ​កម្ពុជា មិនមាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​។ លើសពីនេះ លោក ថែមទាំង​គាំទ្រ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​ថែមទៀត ទាំង​ដែល​អតីត​គណបក្សប្រឆាំង​របស់លោក ពុំបាន​ចូលរួម​។ 
 
​ក្រោយ​លោក គង់ គាំ បញ្ចេញមតិ​ទាំងនេះហើយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​តេ​ឡេ​ក្រាម ដោយ​ចោទ​ជា​សំណួរ​ថា «​តើ​លោក គង់ គាំ ជា​រនុកក្នុង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ឬទេ​?»​។ 
 
​ទំនងជា​ខ្លាច​មហាជន​យល់ច្រឡំ​ថា លោក គង់ គាំ ជា​រនុកក្នុង​របស់​គ​ណ​បក្ស​កាន់អំណាច ដូច​ការ​ចោទសួរ​របស់លោក សុខ ឥសាន សម្តេច ហ៊ុន សែន ក៏​ចេញមក​បំភ្លឺ​ខ្លួនឯង​តែម្តង តាមរយៈ​សារព័ត៌មាន​ហ្វ្រេស​ញូ​។ ប្រធាន​គណបក្សកាន់អំណាច បកស្រាយ​ថា ការលើកឡើង​របស់លោក គង់ គាំ គឺ​ចេញពី​ឆន្ទៈ​ផ្ទាល់​របស់លោក ដោយ​មិន​ពាក់ព័ន្ធ​នឹង​គណបក្សកាន់អំណាច​ឡើយ​៕  

Tag:
 គង់ គាំ​
© រក្សាសិទ្ធិដោយ thmeythmey.com