អន្តរជាតិ
លោក ស៊ី ជិនភីង៖ ប្រទេសខ្លះគួរដោះស្រាយបញ្ហាក្នុងស្រុកខ្លួនឯង ជាងរិះគន់ចំណុចខ្សោយអ្នកផ្សេង លោក ស៊ី ជិនភីង ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ (រូបភាព AFP)
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៥ ខែវិច្ឆិកា បានបើកសម្ពោធពិព័រណ៍នាំចូលអន្តរជាតិដ៏ធំមួយនៅទីក្រុងសៀងហៃ។ ពិព័រណ៍អន្តរជាតិលើកទីមួយនេះ មានគោលដៅបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុងប៉េកាំងក្នុងការបន្តបើកចំហទីផ្សាររបស់ខ្លួនសម្រាប់ការវិនិយោគពីបរទេស និងការគាំទ្រចរន្តពាណិជ្ជកម្មសាកលក្នុងយុគសម័យដែលគំនិតគាំពារនិយមកំពុងលេចជារូបរាង។ លោក ស៊ី ក៏ឆ្លៀតនិយាយដៀមដាមដាក់អាមេរិកដែលកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនផង។
ចិន នឹងមិនបិទទ្វារឡើយ តែនឹងបើកចំហកាន់តែធំសម្រាប់ពិភពលោក។ នេះជាការលើកឡើងរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយនៅទីក្រុងសៀងហៃ នៅថ្ងៃទី៥ ខែវិច្ឆិកា។ មេដឹកនាំប្រទេសជាច្រើន រួមទាំងក្រុមហ៊ុនអន្តរជាតិធំៗផងនោះ បានចូលរួមក្នុងកម្មវិធីដែលក្រុងប៉េកាំងអះអាងថា ជាពិព័រណ៍រៀបចំដោយចិន តែជារបស់ពិភពលោកទាំងមូល ប៉ុន្តែគេមិនឃើញមានប្រតិភូរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឡើយ។
ចំពោះមុខអ្នកចូលរួមជាច្រើន លោក ស៊ី បានប្រកាសពីវិធានការក្នុងការបង្កើនការប្រើប្រាស់ទំនិញនាំចូលពីសំណាក់អ្នកប្រើក្នុងស្រុក បន្ទាបរបាំងពន្ធគយ បង្កលក្ខណៈងាយស្រួលសម្រាប់ការឆ្លងកាត់គយ និងដាក់ពិន័យឲ្យធ្ងន់ធ្ងរលើករណីលួចកម្មសិទ្ធិបញ្ញា និងជំរុញបរិយាកាសធុរកិច្ចស្តង់ដាពិភពលោកទៀតផង។ បើតាមការផ្សាយរបស់ទីភ្នាក់ងាររដ្ឋចិន Xinhua លោក ស៊ី ចាត់ទុកសេដ្ឋកិច្ចចិន ជាសមុទ្រ មិនមែនត្រពាំងឡើយ ព្រោះព្យុះអាចបង្កបញ្ហាក្នុងត្រពាំង តែសមុទ្រក្នុងមិនអាចឡើយ។
ដោយមិនសំដៅចំឈ្មោះអាមេរិក មេដឹកនាំចិនរូបនេះក៏រិះគន់ចរន្តគាំពារនិយម ឯកោនិយម និង នយោបាយប្រឈមមុខគ្នា។ លោក ស៊ី បានប្រាប់ឲ្យប្រទេសខ្លះត្រូវដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួន និងជំរុញបរិយាកាសរកស៊ីរបស់ខ្លួន ជាជាងរិះគន់អ្នកដទៃ។ ត្រង់ចំណុចនេះ ប្រធានាធិបតីចិនអះអាងថា ប្រទេសទាំងអស់មិនគួរចង្អុលមុខគេដើម្បីបិទបាំងកំហុសខ្លួនឡើយ ហើយក៏មិនធ្វើអ្វីសោះ ក្រៅពីរិះគន់ចំណុចខ្សោយគេ និងភ្លេចកំហុសខ្លួនឯងដែរ។
តាមអ្នករៀបចំកម្មវិធីនេះ ក្រុមហ៊ុនចូលរួមក្នុងពិព័រណ៍នេះមានច្រើនជាង៣ពាន់ មកពីប្រទេស១៣០មកអាមេរិក អឺរ៉ុប និងប្រទេសនានារបស់អាស៊ី។ ទោះជាគ្មានមន្ត្រីអាមេរិកចូលរួម ក្រុមហ៊ុនយក្សអាមេរិកជាច្រើនសុទ្ធតែបានបង្ហាញផលិតផលរបស់ខ្លួនដើម្បីទាក់ទាញអតិថិជនចិនដូចជា General Motors, Ford, Microsoft, Walmart និង Tesla ជាដើម។ លោក ស៊ី បានហៅពិព័រណ៍នេះ ជាឆន្ទៈរបស់ចិនក្នុងការកាត់បន្ថយតុល្យភាពពាណិជ្ជកម្មលើសជាមួយប្រទេសផ្សេងដែរ។
ពាក្យសន្យារបស់លោក ស៊ី ធ្វើឡើងស្របគ្នានឹងការកើនឡើងពាក្យរិះគន់របស់ធុរកិច្ចអន្តរជាតិដែលកំពុងរកស៊ីនៅចិនជុំវិញនយោបាយលម្អៀងរបស់មហាអំណាចសេដ្ឋកិច្ចទីពីរ។ ក្រុមហ៊ុនបរទេសជាច្រើនតវ៉ាខ្លាំងពាក់ព័ន្ធនយោបាយរបស់ក្រុងប៉េកាំងដូចជាការតម្រូវឲ្យក្រុមហ៊ុនបរទេសចូលហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុក ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា និងការបំពានកម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរជាដើម។ គេមិនដឹងថា សម្ដីរបស់លោក ស៊ី ពេលនេះ អាចរំងាប់ពាក្យរិះគន់បានឬយ៉ាងណាឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com