អន្តរជាតិ
អារ៉ាប់​រួម​រកឃើញ​ប្រភព​ប្រេង​ថ្មី ស្របពេល​អ៊ីរ៉ង់​រង​ទណ្ឌកម្ម​អាមេរិក​លើ​ការនាំចេញ​ប្រេង​
05, Nov 2018 , 9:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ដ៏​ធំ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា បានប្រកាស​រកឃើញ​ប្រភព​ប្រេង និង​ឧស្ម័ន​ថ្មី ដោយ​សង្ឃឹមថា នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​សម្រាប់​ខ្លួនឯង​គ្រប់គ្រាន់ ខណៈ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំងនឹង​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​។

 
​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ  ADNOC ដែល​ស្ថិតនៅក្នុង​រាជធានី Abu Dhabi បានប្រកាស​នៅ​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​រកឃើញ​ទីតាំង​រុករក​ប្រេង​ថ្មី ដែលមាន​ផ្ទុក​ប្រេង​រាប់ពាន់​លាន​ប៉ា​រែ​ល និង​ទីតាំង​ចម្រាញ់​ឧស្ម័ន​ថ្មី​ផ្សេងទៀត ដែលមាន​ផ្ទុក​ឧស្ម័ន​សរុប​ជាង​១៥​ទ្រី​លាន​ម៉ែត្រគូប​ឯណោះ​។ 
 
​បើតាម​ទីភ្នាក់ងារ AFP  ក្រុមហ៊ុន​ផលិត​ប្រេង​ដដែល​នេះ ក៏បាន​ប្រកាស​គម្រោង​ពង្រីក​ទំហំ​ទិន្នផល​ប្រេង​ដល់​ទៅ ៤​លាន​ប៉ា​រែ​ល​ក្នុង​មួយថ្ងៃ គិត​ត្រឹម​ឆ្នាំ​២០២០ និង​៥​លាន​ប៉ា​រែ​ល​ក្នុង​មួយថ្ងៃ គិត​ត្រឹម​ឆ្នាំ​២០៣០​។ សម្រាប់​គម្រោង​បង្កើន​ទំហំ​ផលិតកម្ម​ប្រេង​ថ្មី​នេះ មន្ត្រី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​លើកឡើងថា គោលបំណង​របស់​វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ មាន​សមត្ថភាព​ផ្គត់ផ្គង់​ប្រេង​សម្រាប់​ខ្លួនឯង​ឲ្យ​បាន​គ្រប់គ្រាន់​ទាំងស្រុង​តែម្តង​។ 
 
​ទន្ទឹមនឹងនេះ រាជទាយាទ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រះអង្គម្ចាស់ Mohammed bin Zayed ក៏​បញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម Twitter ថា ក្រុមប្រឹក្សា​ប្រេងឥន្ធនៈ​កំពូល​បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន ១៣២​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​គម្រោង​៥​ឆ្នាំ​មួយ​នេះ​។ ក្នុង​គម្រោង​នោះ​គឺ​រួមបញ្ចូល យុទ្ធសាស្ត្រ​ឧស្ម័ន​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ ADNOC ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​បាន​គ្រប់​គ្រាប់​សម្រាប់​ខ្លួនឯង និង​ដើម្បី​នាំចេញ​។ តួយ៉ាង​ប​ច្ចប្ប​ន្ន​នេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅតែ​ពឹង​ផ្អែកលើ​កាតា​សម្រាប់​ការនាំ​ចូល​ឧស្ម័ន​តាម​បំពង់ Dolphin​។​
 
​តាមពិតទៅ ការប្រកាស​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ ADNOC របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ​គឺធ្វើឡើង ក្រោយពី​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់​។ ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ​គឺ​សំដៅទៅ​ម៉ូយ​ដុំ​ទិញ​ប្រេង​របស់​អ៊ីរ៉ង់ ជាមួយ​គោលបំណង​កាត់ផ្តាច់​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ក្រុង​តេ​អេ​រ៉ង់​តែម្តង​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់ខ្លួន អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​គាំទ្រ​នូវ​ការ​ទណ្ឌកម្ម​របស់​អាមេរិក​ថ្មី​នេះ​។ 
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លំដាប់​ទី​៤​ប្រចាំ​អង្គការ OPEC  សព្វថ្ងៃនេះ មាន​សមត្ថភាព​ផលិត​ប្រេង​ដល់​ទៅ ៣,៥​លាន​ប៉ា​រែ​ល​ក្នុង​មួយថ្ងៃ​៕ 
 

Tag:
 អេ​មី​រ៉ា​ត​អារ៉ាប់​រួម​
  ប្រេង​និង​ឧស្ម័ន​
© រក្សាសិទ្ធិដោយ thmeythmey.com