កីឡាជាតិ
ជាតិ
រថយន្ត
រថយន្តដឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិ «គោព្រៃកម្ពុជា» ប្រភពរូបថត FFC
× ៣ឆ្នាំកន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រើប្រាស់រថយន្តដឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ដែលមានការរចនាផ្ទៃក្រហមលាយខៀវ អមដោយគោព្រៃពណ៌ក្រមៅក្បែរកង់រថយន្តផ្នែកខាងក្រោយ។ FFC បានប្រើប្រាស់រចនាប័ទ្ម គិតចាប់តាំងពីការប្រកួតវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី ជាមួយជប៉ុន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រោយជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ FFC បានផ្លាស់ប្តូរការរចនាថ្មីនៅលើរថយន្តដឹកក្រុមជម្រើសជាតិ ពោលគឺនៅពេលដែលលោក Keisuke Honda អតីតកីឡាករជម្រើសជាតិជប៉ុន បានកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។
រថយន្តជាមួយនឹងការរចនាថ្មី បង្ហាញខ្លួនជាបន្តបន្ទាប់ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយទីម័រខាងកើត និងសិង្ហបុរី។ រចនាប័ទ្មថ្មីនេះ ប្រើប្រាស់ពណ៌ខៀវ ដែលស្របតាមឯកសណ្ឋានប្រកួតក្នុងដីរបស់ក្រុមជម្រើសជាតិ។
នៅលើកង់រថយន្តផ្នែកខាងក្រោយ មានបង្កប់នូវទង់ជាតិកម្ពុជា ទាំងសងខាង។ នៅផ្នែកពាក់កណ្តាលរហូតដល់លើកង់ខាងមុខ ម្ខាងមានរូបក្បាលគោព្រៃពណ៌ស អមដោយសរសេរ «គោព្រៃកម្ពុជា» រីឯម្ខាងទៀត មាននិមិត្តសញ្ញារបស់ FFC ជាមួយនឹងសំណរពេញជាភាសាខ្មែរ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
រថយន្តថ្មីនេះ ភ្ជាប់ជាមួយពណ៌គោលគឺខៀវ ដែលជាពណ៌ឯកសណ្ឋានប្រកួតក្នុងដីរបស់កម្ពុជា។ វាក៏មានស្រមោលទង់ជាតិខ្មែរនៅផ្នែកខាងក្រោយ ខណៈតំបន់បណ្តាលម្ខាងមានរូបគោព្រៃ និងអក្សរគោព្រៃកម្ពុជា ស្របពេលម្ខាងទៀតមានរូបតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
នៅផ្នែកខាងមុខរថយន្ត មានសំណេរថា «ដើម្បីកម្ពុជា» និងផ្នែកខាងក្រោយ មានសំណេរ «ម្នាក់សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ម្នាក់» រួមទាំងភាសាអង់គ្លេស «One for all, All for one»។ ឡូហ្គូរបស់ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗ ក៏មានភ្ជាប់នៅលើរថយន្តផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com