រថយន្ត
អន្តរជាតិ
ចំនួន​រថយន្ត​នៅ​ផ្លូវថ្នល់​នឹង​កើន​ដល់​២​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០៤០
05, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ចំនួន​រថយន្ត និង​ចម្ងាយ​ហោះហើរ​របស់​យន្តហោះ នឹង​កើនឡើង​ទ្វេរ​នៅ​ឆ្នាំ​២០៤០ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ ។ នេះ​បើតាម​ការសិក្សា​របស់​ភ្នាក់ងារ​ស្រាវជ្រាវ​ការវិនិយោគ​អាមេរិក Bernstein​។ រថយន្ត​ដែល​បើក​នៅលើ​ផ្លូវថ្នល់​នឹង​កើន​ដល់​២​ពាន់​លាន​គ្រឿង ខណៈ​ចម្ងាយ​នៃ​ការហោះហើរ​លើ​អាកាស​នឹង​កើន​ដល់​២០​ទ្រី​លាន​គីឡូម៉ែត្រ​ផងដែរ នៅ​ឆ្នាំ​២០៤០ ។​

 
​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត និង​កំណើន​ចម្ងាយ​នៃ​ការហោះហើរ​ផ្លូវអាកាស កើតឡើង​ដោយសារតែ​សន្ទុះ​តម្រូវការ​នៅលើ​ទីផ្សារ ដូចជា​ចិន និង​ឥណ្ឌា​។ នៅ​ប្រមាណ​២២​ឆ្នាំ​ខាងមុខ ទៀត គេ​រំពឹងថា ចំនួន​មនុស្ស​សរុប​នឹង​កើនឡើង​ទៅដល់​ប្រមាណ ៩,២​ពាន់​លាន​នាក់​។​
 
Bernstein បាន​គូសបញ្ជាក់ថា កំណើន​ចំណូល​ប្រចាំថ្ងៃ​នៅតាម​តំបន់​នីមួយៗ ធ្វើ​ឲ្យ​មនុស្ស​មាន​តម្រូវ​សម្ភារ​កាន់តែ​ខ្ពស់​ផងដែរ ក្នុងនោះ​មាន យានយន្ត និង​ការហោះហើរ​ជាដើម​។ បើតាម​ការផ្សាយ​របស់ Business Insider ពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​អភិវឌ្ឍន៍ ក៏មាន​តម្រូវការ​ប្រេង​ឥន្ទ​នៈ កាន់តែ​ខ្ពស់​ផងដែរ ជាពិសេស​សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង ចក្រភព​អង់គ្លេស កូរ៉េខាងត្បូង ចិន និង​ឥណ្ឌា​។​
 
​បើតាម​ការសិក្សា​របស់ Bernstein កំណើន​រថយន្ត​កើន​ពី​១,២​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥ ដល់​១,៥​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០២៥ ហើយ​បន្ត​ដល់​២​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០៤០ ។ ប្រភេទ​រថយន្ត​ដឹកទំនិញ ក៏​នឹងមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ផងដែរ ដោយមាន​៣៧៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០២៥ កើន​ដល់​៥០៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០២៥ ហើយ​បន្ត​ឡើងដល់​៧៩០​លាន​គ្រឿង​នៅ​ឆ្នាំ​២០៤០ ។​
 
​ដោយឡែក​ចម្ងាយ​នៃ​ការហោះហើរ​វិញ កើន​ពី​៩​ទ្រី​លាន​គីឡូម៉ែត្រ នៅ​ឆ្នាំ​២០១៥ ដល់​១២​ទ្រី​លាន​គីឡូម៉ែត្រ​នៅ​ឆ្នាំ​២០២៥ និង​បន្ត​ដល់​២០​ទ្រី​លាន​គីឡូម៉ែត្រ​នៅ​ឆ្នាំ​២០៤០ ដោយ​គិត​តាម​ចំនួន​គីឡូម៉ែត្រ​របស់​អ្នកដំណើរ​ដែល​បង់ប្រាក់ (RPK)៕
 




© រក្សាសិទ្ធិដោយ thmeythmey.com