ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មិនមែន​អស់ជម្រើស​បាន​ទៅ​រៀន​កសិកម្ម​នោះទេ​! កសិកម្ម​គួរ​ជា​ជម្រើស​មួយ​ច្បាស់លាស់​
05, Nov 2018 , 10:39 pm        
រូបភាព
រូបពីមជ្ឈមណ្ឌល CE SAIN
រូបពីមជ្ឈមណ្ឌល CE SAIN
ដោយ:
​ភ្នំពេញ​៖ «​មិនដឹង​រៀន​អ្វី រៀន​កសិកម្ម​តែម្ដងទៅ​» ។ នេះ​ជាការ​គិត​របស់​យុវជន​មួយចំនួន យក​ជំនាញ​កសិកម្ម​ជា​ជម្រើស​ចុងក្រោយ​។  អ្នកខ្លះ​ចង់​រៀន​ជំនាញ​ផ្សេង​ទៅវិញ​ទេ តែដោយសារ​ខ្វះ​លទ្ធភាព ក៏​រៀន​ពេទ្យសត្វ ឬ​រៀន​ចិញ្ចឹមសត្វ​ជាដើម​។  អ្នក​ខ្លះទៀត​គិតថា ជំនាញ​កសិកម្ម មិន​ខ្ពង់ខ្ពស់​ដូច​គេ ជំនាញ​ពេទ្យ ច្បាប់ ធនាគារ​ជាដើម​ទើប​ល្អ​។​

 
​ប៉ុន្តែ​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម មិន​គាំទ្រ​ការគិត​បែបនេះ​ឡើយ​។ លោក​ថ្លែងថា បើ​សិស្ស​គិតបែបនេះ ទោះ​ទៅ​រៀន​ក៏​មិនបាន​ល្អ​ដែរ​។ លោក​បន្ថែមថា យុវជន​បើ​ជ្រើសរើស​ជំនាញ​កសិកម្ម គឺ​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា​ស្រឡាញ់​ជំនាញ​នេះ និង​ដាក់ចិត្ត​រៀន​។ លោក​បន្តថា​យុវជន​ត្រូវ​ចេះ​សម្លឹង​ទីផ្សារការងារ ថា​តើ​ទីផ្សារ​កំពុង​វិវត្តន៍​ដល់​ណា និង​ត្រូវការ​ធនធានមនុស្ស​បែ​ប​ណា​?

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដូចតទៅ​នេះ​៖




 
​បើតាម​លោក ង៉ោ ប៊ុន​ថា​ន ការងារ​ក្នុង​វិស័យ​កសិកម្ម​ដែល​រង់ចាំ​និស្សិត មានដូចជា អ្នកបច្ចេកទេស​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម តាំងពី​ការដាំដុះ រហូតដល់​វេច​ខ្ចប់​នាំចេញ​, កសិដ្ឋាន​, អាជីវកម្ម​ផ្សេងៗ​ទាក់ទង​នឹង​កសិកម្ម​, វារីវប្បកម្ម​, ការងារ​អង្គការ និង​រដ្ឋ​ជាដើម​។ 


 
​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ព្យាយាម​រៀបចំ​ផែនការ​បង្រៀន ឲ្យ​តាម​ទាន់​និន្នាការ​បច្ចុប្បន្ន ដែល​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន កំពុង​ផ្តោត​លើក​សិ​-​ឧស្សាហកម្ម និង​ទំនើបកម្ម​ផ្នែក​កសិកម្ម​ផ្សេងទៀត​។ នេះ​បើតាម​លោក ង៉ោ ប៊ុន​ថា​ន ដែល​អះអាងថា​កសិកម្ម​ក្នុង​សាលា​មួយ​នេះ ត្រូវ​បែង​ចែកជា ១០​ជំនាញ ដូចជា​៖ ផ្នែក​ដាំ​ដុះ ចិញ្ចឹមសត្វ ពេទ្យសត្វ ព្រៃឈើ ជលផល វិស្វកម្ម​កសិកម្ម កសិក​-​ឧស្សាហកម្ម កៅស៊ូ សេដ្ឋកិច្ច​កសិកម្ម​អភិវឌ្ឍន៍ជនបទ និង​សូ​រិ​យោ​ដី​៕

Tag:
 ង៉ោ ប៊ុន​ថា​ន​
  កសិកម្ម​
  អបរំ​
© រក្សាសិទ្ធិដោយ thmeythmey.com