ក្លិបជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ ណាហ្គាវើល បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីចែករំលែកបទពិសោធ និងយុទ្ធសាស្ត្រពីការបង្វឹកសិស្ស ដល់គ្រូបង្វឹកមកពីតាមអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោយប្រកាសដាក់ឲ្យដំណើរការកម្មវិធី«អភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ» កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ណាហ្គាវើល ដែលពុំមានទីលានផ្ទាល់ខ្លួន បានប្រកាសយកខេត្តកំពង់ស្ពឺធ្វើជាមូលដ្ឋាន។
ក្រោយដាក់ឲ្យដំណើរការកម្មវិធី«អភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ»ដែលជាការសហការរវាងក្លិបបាល់ទាត់ណាហ្គាវើលជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្លិបណាហ្គាវើលបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានជាលើកដំបូង។ ការរៀបចំនេះ គឺដើម្បីបង្ហាត់បង្ហាញពីយុទ្ធសាស្ត្រ និងបច្ចេកទេសបង្វឹកសិស្ស ដល់គ្រូបង្វឹកក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជួយអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា ពិសេសក្នុងខេត្តនេះតែម្តង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំពីថ្ងៃទី១-៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមជាគ្រូបង្វឹកមកពីអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តចំនួន១២០នាក់ចូលរួម។ សិក្ខាកាមទាំងនេះទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញ កីឡាករ និងគ្រូបង្វឹករបស់ក្លិបណាហ្គាវើល ដែលជាម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨។
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល និងជាគ្រូឧទ្ទេសបាននិយាយថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការរៀបចំផែនការក្នុងការបង្វឹក ការរៀបចំទីលាន និងវិធីសាស្ត្រក្នុងការបង្វឹក។ ការផ្តោតបែបនេះ ដោយសារលោកយល់ថា សិក្ខាកាមទាំងនេះនៅខ្សោយផ្នែកបទពិសោធក្នុងការរៀបចំផែនការ ទីលាន និងដំណើរការក្នុងការហ្វឹកហាត់។ សម្រាប់លោក មាស ចាន់ណា ការបណ្តុះបណ្តាលក្នុងរយៈពេលជាង៣ថ្ងៃនេះ គឺមិនគ្រប់គ្រាន់នោះទេ ដោយលោកប្រៀបធៀបការបង្វឹកបាល់ទាត់ត្រូវការពេលដូចការរៀនសូត្រដែរ។
«រយៈពេលជាង៣ថ្ងៃ គឺខ្លីមែនទែន យើងនឹងព្យាយាមឲ្យវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត។ ព្រោះខ្ញុំគិតថា ពួកគាត់មិនអាចក្រេបជញ្ជក់បានទាំងអស់នោះទេក្នុងរយៈពេលដ៏ខ្លីនេះ តែរំពឹងថា ពួកគាត់នឹងយល់ហើយអាចយកទៅអនុវត្ត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត»។ នេះជាការបញ្ជាក់របស់លោក មាស ចាន់ណា ដែលរំពឹងថា ការបណ្តុះបណ្តាលនេះនឹងទទួលលទ្ធផលល្អ តាមរយៈការតាមដានរបស់លោកក្រោយវគ្គបណ្តុះបណ្តាលនេះ។
ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានលើកដំបូងក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីក្លិបនេះ មានគម្រោងយកខេត្តនេះធ្វើជាមូលដ្ឋានហ្វឹកហាត់ និងប្រកួតនាថ្ងៃអនាគត។ ក្នុងន័យនេះ ក្លិបណាហ្គាវើលក្រោមការសហការជាមួយរដ្ឋបាលខេត្ត នឹងសាងសង់ទីលានមួយនៅលើទឹកដីខេត្តកំពង់ស្ពឺ។ តាមរយៈគម្រោងសាងសង់ទីលាននេះដែរ លោក មាស ចាន់ណា ជឿជាក់ថា ណាហ្គាវើលនឹងទទួលបានគាំទ្រកាន់តែច្រើនពីទស្សនិកជន និងទាក់ទាញយុវជនកាន់តែច្រើនឲ្យលេងកីឡានេះ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានចាត់ទុកកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ខាងលើថា ជាជំហាននិងជាឱកាសថ្មីសម្រាប់យុវជនក្នុងការប្រែមុខមាត់ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកំពង់ស្ពឺឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកជំរុញយុវជនក្នុងខេត្តកំពង់ស្ពឺ ខិតខំព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីចាប់យកឱកាសធ្វើជាកីឡាករជម្រើសជាតិ ដែលតំណាងឲ្យជាតិនៅលើឆាកអន្តរជាតិ។
«យើងនឹងជំរុញការសហការឲ្យមានការសាងសង់ទីលានបាល់ទាត់កម្រិតអន្តរជាតិ មិនឲ្យចាញ់ខេត្តដទៃៗនោះទេ ណាមួយវាជាការឈរជើងរបស់ក្លិបណាហ្គាវើលផ្ទាល់ផងដែរ។ ដូច្នេះចំពោះយើងជាប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ត្រូវតែសហការរួមគ្នាឲ្យបានល្អ ពិសេសអ្នកគ្រូនិងលោកគ្រូ និងសិស្សានុសិស្សក្នុងការលើកមុខមាត់ខេត្តលើផ្នែកវិស័យកីឡាបាល់ទាត់»។ ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី ពេលលោកធ្វើជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន និងប្រកាសដាក់ឲ្យដំណើរកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់នេះមានរយៈពេល២ឆ្នាំ៕