អន្តរជាតិ
ហ្វីលីពីន​៖ អាស៊ាន​-​ចិន​អាច​ដើរ​មិន​ដល់​ការបង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​អនុភាព​គតិយុត្តិ​
05, Nov 2018 , 10:59 pm        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​ទើប​ទទួលបាន​ការតែងតាំង​តំណែង​របស់​ហ្វីលីពីន លោក Teodoro Locsin បាន​ព្យាករ​ថា ដំណើរការ​ចរចា​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​របស់​ប្រទេស​អាស៊ាន​ទាំង​ដប់​ជាមួយនឹង​ចិន ដែលមាន​ច​រិ​ក​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់ អាច​នឹងមិន​ដល់​គោលដៅ​បានឡើយ​។

 
« យើង (​អាស៊ាន​-​ចិន​) ទំនងជា​មិនអាច​ឈានដល់​ការបង្កើត​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​មួយ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់​បាន​នោះទេ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ថ្មី​ហ្វីលីពីន លោក Teodoro Locsin ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​កាលពីពេល​ថ្មីៗ​នេះ​។ 

អត្ថបទទាក់ទង
 
 
​តាម​ភ្ងា​ក់​ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ការទូត​ហ្វីលីពីន​រូបនេះ ហាក់​បង្កប់​ជាមួយនឹង​សេណា​រី​យ៉ូ​អាថ​កំបាំង​មួយចំនួន ដ្បិត​លោក មិន​ពន្យល់​ពី​បញ្ហា ឬ​ហេតុផល​ណាមួយ​សោះ ដែល​ធ្វើ​ឲ្យ​លោក អាច​ហ៊ាន​ព្យាករ​មុន​បែបនេះ ខណៈដែល​អាស៊ាន​-​ចិន បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់​សម្រាប់​គ្រប់គ្រង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​
 
​សម្រាប់​លោក​ប្រមុខ​ការទូត​ដដែល​រូបនេះ ជឿជាក់ថា នឹងមាន​ស្តង់ដារ​មួយ​របស់​ប្រជាជន​អាស៊ាន រដ្ឋាភិបាល​អាស៊ាន ត្រូវបានប្រតិបត្តិ​ទៅកាន់​ភាគី​ពាក់ព័ន្ធ ជាមួយនឹង​ស្មារតី​យោគយល់​គ្នា ហើយ​អាស៊ាន នឹងមិន​ប្រើប្រាស់​ឥរិយាបថ​ឃោរឃៅ​ទៅកាន់​ភាគី​ណាមួយ​ដើម្បី​មធ្យោបាយ​តទល់​របស់ខ្លួន​ឡើយ​។ 
 
​សូមជម្រាបថា រយៈពេល​ច្រើន​ទសវត្សរ៍​មកហើយ ដែល​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បាន​មាន​វិវាទ​អធិបតេយ្យ​ជាមួយនឹង​ចិន​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលជា​សមុទ្រ​ដ៏​មាន​សក្តានុពល​។ ភាគី​ពាក់ព័ន្ធ កន្លងមក ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន​មាន​ត្រឹមតែ​លិខិតបទដ្ឋាន​គតិយុត្តិ ដែលមាន​ច​រិ​ក​លក្ខណៈ​ទូលាយ​ក្នុងការ​គ្រប់គ្រង​សកម្មភាព​នៅ​តំបន់​មាន​វិវាទ​ប៉ុណ្ណោះ​។​
 
​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ ហ្វីលីពីន និង​វៀតណាម កន្លងមក ធ្លាប់មាន​ការប្រឈមមុខ​គ្នា​ខ្លាំង​ទាំង​ផ្នែក​ទ័ព និង​ការទូត​ជាមួយនឹង​ចិន​។ ហ្វីលីពីន ក្រោម​អតីត​រដ្ឋបាល​មុន ថែមទាំង​បាន​ប្តឹង​ចិន​ដល់​ម​ជ្ឈ​ត្ត​ការ​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ​លើ​ការរំលោភ​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​អះអាងថា ស្ថិតក្រោម​កម្មសិទ្ធិ​រប​ស់​ខ្លួន​ផង​។ 
 
​ក៏ប៉ុន្តែ​ក្រោយពី​មាន​ភាព​តានតឹង ក៏ដូចជា​ការពិភាក្សា​ជាច្រើន​មក នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ ដែលជា​ពេល​ហ្វីលីពីន​ជា​ប្រធាន​អាស៊ាន ភាគី​ទាំងពីរ​ចិន និង​អាស៊ាន បាន​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​គ្រោងឆ្អឹង​នៃ​កិច្ចព្រមព្រៀង​។​
 
​ភាគី​ក៏​ចាប់ផ្តើម​ការចរចា​ជា​ផ្លូវការ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​សមុទ្រ ដើម្បី​កំណត់ថា​ក្រម​នេះ គួរ​ដាក់បញ្ចូល​បទបញ្ញត្តិ​បែបណា​ដើម្បី​គ្រប់គ្រង​សកម្មភាព​នៅក្នុង​តំបន់​នោះ​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​អនុវត្តបាន​ទាំងអស់គ្នា​នោះ​។ មកទល់ពេលនេះ មិនទាន់មាន​ការលេចលឺ​ថា​តើ ភាគី​ពាក់ព័ន្ធ បាន​ចរចា​ដល់​កម្រិតណា​នៅឡើយ​នោះទេ​៕ 
 

Tag:
 ហ្វីលីពីន​
  អាស៊ាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com