អន្តរជាតិ
សិង្ហ​បុរី រក​ដំណោះស្រាយ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ ខណៈ​ទឹកសមុទ្រ​ឡើង​ខ្ពស់​គួរ​ឲ្យ​បារម្ភ​
06, Nov 2018 , 8:39 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ឲ្យ​ដឹងថា សិង្ហ​បុរី កំពុងតែ​រក​មធ្យោបាយ និង​ចាត់វិធានការ​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែលជា​ក្តីបារម្ភ​ធំ​សម្រាប់​គ្រប់គ្នា​មិន​ត្រឹមតែ​សម្រាប់​សិង្ហ​បុរី​ឡើយ​។ ប៉ុន្តែ​វា​ជា​បញ្ហា​ធំ​សម្រាប់​រដ្ឋ​ដែលមាន​អធិបតេយ្យ​ជា​ដែនទឹក​ច្រើនជាង​ដែន​គោក​។


 
​នាឱកាស​នៃ​ការបើក​កម្មវិធី​«​ធ្វើ​ឲ្យ​សិង្ហ​បុរី​មាន​អនាម័យ និង​បៃតង​»​នៅ​ថ្ងៃ​៣ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​លើកឡើងថា ប្រទេស​អាស៊ីអាគ្នេយ៍​ភាគច្រើន ដែល​រួមទាំង​សិង្ហ​បុរី​ផង​នោះ គឺជា​ប្រទេស​ងាយ​រងគ្រោះ​ដោយសា​តែ​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ ដ្បិត​ប្រទេស​ទាំងនេះ មាន​ជាប់​នឹង​ឆ្នេរសមុទ្រ​វែង និង​ស្ថិតក្នុង​តំបន់​ទំនាប​ទៀតផង​។ 
​លោក លើកយក​របាយការណ៍​វេទិកា​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាស​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ព្រមាន​ពី​ការកើនឡើង​នៃ​សីតុណ្ហភាព​។ លោក​បន្តថា ការកើនឡើង​នៃ​សីតុណ្ហភាព​នៅក្នុង​តំបន់ អាច​នឹង​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ត្រូ​ពិ​ក​, ផលប៉ះពាល់​ដល់​ដំណាំ​កសិកម្ម និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សិង្ហ​បុរី​អន់ថយ​ទៀត​។ 
 
​លោកនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាស​អា​ធាតុ​រយៈ​វែង សិង្ហ​បុរី​ត្រូវតែ​គិតគូរ​ពី​ផលប៉ះពាល់​ឲ្យ​បាន​វែងឆ្ងាយ​សម្រាប់​ប្រទេស សេដ្ឋកិច្ច និង​ប្រជាជន ហើយ​ពេលនេះ ដែល​សិង្ហ​បុរី បានចាប់ផ្តើម​ជំហាន​ជា​បន្តបន្ទាប់​រួចហើយ​ដើម្បី​ការពារ​ប្រទេស​របស់ខ្លួន​ពី​បញ្ហា​ទាំងនេះ​។​
 
​លោក​អះអាងថា សិង្ហ​បុរី បាន​វិនិយោគ​ច្រើន​លើសលប់​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជា​មធ្យោបាយ​មួយ​សម្រាប់​ធានា​ពី​ការផ្គត់ផ្គង់​ទឹក ដែលជា​ធាតុ​កម្រ និង​ចាំបាច់​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​។ មួយវិញទៀត​នោះ សិង្ហ​បុរី ក៏បាន​សាងសង់​ផ្លូវ​ដែល​ស្ថិតនៅ​តំបន់​ទំនាប ដើម្បី​ទប់ស្កាត់​ទឹក​ទំនន់ ដែល​អាច​បង្កឡើង​ដោយ​ការ​ហក់​ឡើង​ខ្ពស់​នៃ​កម្រិត​ទឹកសមុទ្រ​៕ 

Tag:
 សិង្ហ​បុរី​
  បម្រែបម្រួល​អាកាសធាតុ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com