ជាតិ
និស្សិត​ផ្នែក​ទេសចរណ៍ អាច​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​៦​នៅ​កម្ពុជា បាន​៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
06, Nov 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​៦​នៅ​កម្ពុជា បាន​ត្រៀម​ជាស្រេច ក្នុង​ការផ្តល់សេវា​ប្រាក់កម្ចី​សិក្សា​ដល់​សិស្ស​-​និស្សិត ដែលមាន​បំណង​រៀន​ជំនាញ​ទេសចរណ៍ ហើយ​មិនមាន​លទ្ធភាព​បង់ថ្លៃ​សាលា​។ ស្ថាប័នហិរញ្ញវត្ថុ​ទាំង​៦​ខាងលើ នឹង​ផ្តល់​កម្ចី​សិក្សា​សម្រាប់​សិស្ស និស្សិត​ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​អត្រា​ការប្រាក់​ទាប ដោយ​ពុំ​ចាំបាច់​មានទ្រព្យ​បញ្ចាំ​អ្វី​ឡាយ​។​

 
​សិស្ស​-​និស្សិត មាន​ជម្រើស​២ ក្នុងការ​ទូទាត់​សង់​ប្រាក់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ​វិញ​។ ជម្រើស​ទី​១ នៅពេល​កំពុង​សិក្សា អ្នក​ខ្ចីប្រាក់​អាច​បង់​តែ​ការប្រាក់ ឬ​បង់ប្រាក់​ដើម​មួយខែ​។ ជម្រើស​ទី​២ ក្រោយពេល​រៀន​ចប់ និស្សិត​រក​ការងារ​បានធ្វើ ទើប​មក​បង់ប្រាក់​ដើម និង​ការ​ក៏បាន​ដែរ​។ សិស្ស​-​និស្សិត អាច​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ ៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​
 
​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​៦ ដែល​ផ្ដល់​សេវា​កម្ចី​សិក្សា​នេះ រួមមាន ធនាគារ​អេស៊ីលីដា ភី​អេ​ល​ស៊ី​, ធនាគារ​កាណាឌីយ៉ា ក​អ​, ហ្វូ​តា​បា មីក្រូហិរញ្ញវត្ថុ ភី​អេ​ល​ស៊ី​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK ដែល​អាច​ផ្តល់​កម្ចី​ដល់​សិស្ស​-​និស្សិត ក្នុង​វិស័យនេះ បាន​រហូតដល់​៧​ឆ្នាំ​។​
 
​កាលពី​ថ្ងៃទី​២១ ខែមិថុនា កន្លងមក សម្តេច ហ៊ុន សែន បាន​អំពាវ​ដល់​បណ្ដា​ធនាគារ​ឯកទេស​ទាំងឡាយ ចូលរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស តាមរយៈ​ការផ្ដល់​កម្ចី​ការប្រាក់​ទាប ដល់​សិស្ស​និស្សិត​ដែល​ចង់​រៀន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​៕ 

Tag:
 ហិរញ្ញវត្ថុ​
  ទេសចរណ៍​
  ធនាគារ​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com