ONE Championship
កីឡាជាតិ
ជាតិ
សុខ ធី ត្រៀម​សងសឹក​ជើង​ខ្លាំង​ថៃ Lerdsila លើស​ង្វៀន ONE នៅ​ឥណ្ឌូណេស៊ី​
06, Nov 2018 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រដាល់​គុន​ខ្មែរ សុខ ធី នឹង​ឡើងប្រកួតសងសឹក​ជាមួយ​កំពូល​ជើងឯក​មួយ​ថៃ​ពិភពលោក កីឡាករ Lerdsila របស់​ក្លិប Phuket Top Team លើស​ង្វៀន ONE Super Series ។​

 
​ការប្រកួត​រវាង​ជើង​ខ្លាំង​ប្រចាំ​ក្រុម Cambodian Top Team (CTT) ទល់នឹង​កំពូល​កីឡាករ​ប្រដាល់​ថៃ​លើក​នេះ នឹងធ្វើ​ឲ្យ​សង្វៀន ONE: WARRIOR DREAM ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា នា​ពហុ​កីឡដ្ឋាន Istora ក្នុ​វ​រដ្ឋធានី​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី​កាន់តែ​កក្រើក​ថែមទៀត​។​
 
​ជើងឯក​កម្ពុជា សុខ ធី កំពុង​ត្រៀម​កន្តាប់ដៃ​សងសឹក​គូប្រកួត​មកពី​ប្រទេស​ថៃ Lerdsila​ដែល​ធ្លាប់​បានឈ្នះ​ពិន្ទុ​លើ​ខ្លួន​យ៉ាង​ចម្រូងចម្រាស់​លើ​ការប្រើ​ស្នៀត​ឈរ​របស់គេ ក្នុងការ​ប្រកួត​កាលពី​ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ​ហើយ​ជើង​ខ្លាំង​ទាំងពីរ​នេះ​នឹង​ជម្រះបញ្ជី​គ្នា​លើស​ង្វៀន​ក្បាច់គុន​មួយ​ថៃ ONE Super Series ឆាប់ៗ​នេះ​។​
 
​លោក Chatri Sityodtong នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន ONE Championship បាន​កោតសរសើរ​ដល់​គូប្រកួត​ទាំងពីរ​ក្រោយ​កាល​ប្រកួត​កន្លងមក ហើយ​បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំនួន ៥០០០​ដុល្លារដល់​សុខ ធី​ ដោយសារ​មើលឃើញថា​កីឡាករ​កម្ពុជា​រូបនេះ មាន​ទេពកោសល្យ​ខ្លាំង​ក្នុងការ​ប្រកួត ហើយ​ពិបាក​នឹងដាក់​ពិន្ទុ និង​សន្យា​រៀបចំ​ការប្រកួត​ម្តងទៀត​ដោស្វ័យប្រវត្តិ​»​។​
 
​បច្ចុប្បន្ននេះ សុខ ធី កំពុង​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​នៅ​ក្លិប CTT ជាមួយ​លោក ហ៊ុន ចាន់​រាជ ដ៏​ដូចជា​លោកគ្រូ​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​ សាន សៅ​យ៉ាន់ ដើម្បី​ឡើង​សង្វៀន​ម្តងទៀត​។​
 
​លោក ហ៊ុន ចាន់​រាជ លើកឡើងថា​៖ «​អ្នកគាំទ្រ​ជាច្រើន​ចង់ឃើញ​គាត់​ប្រកួត​​ព្រោះ​គាត់​មានឈ្មោះ​ល្បី​នៅ​ប្រទេស​ថៃ​ហើយ​កំពុង​លេចធ្លោ​នៅក្នុង​ប្រទេស​កម្ពុជា​អញ្ចឹង​ហើយ​យើង​ក៏​សម្រេចចិត្ត​ឲ្យ​គាត់​ប្រកួត​ក្នុង​សង្វៀន​អន្តជាតិ​ដូចជា ONE Championship តែម្តងទៅ​។​ ​គាត់​ប្រហែលជា​អ្នក​ប្រយុទ្ធ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​អាច​ក្លាយជា​ជើងឯក​ក្បាច់គុន​មួយ​ថៃ​ពិភពលោក​បាន»​។​
 
​សុខ ធី ទើបតែ​មាន​អាយុ ២០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មានបទពិសោធន៍​លើស​ង្វៀន​ជាង ១០០​ការប្រកួត​រួចមកហើយ​។ ហើយ​លើក​នេះ​ខ្លួន​មាន​ទំនុកចិត្ត​ខ្ពស់​ថា ខ្លួន​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​វាយយក​ខ្សែក្រវ៉ាត់​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​និង​អាចមាន​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​លើទឹក​ដី​កំណើត​របស់គាត់​បាន​៕

​អត្ថបទ​៖ Matias Andre
 

© រក្សាសិទ្ធិដោយ thmeythmey.com