ជាតិ
សេដ្ឋកិច្ច
រ៉ែមាសនៅអូរខ្វាវខេត្តមណ្ឌលគិរី នឹងត្រូវទាញយកនៅឆ្នាំ២០២០
× ភ្នំពេញ៖ ក្រុមហ៊ុន Emerald Resources ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍រ៉ែមាស តំបន់អូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្ដើមទាញយករ៉ែមាសជាលើកដំបូងនៅដើមឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមយោងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
Emerald Resources ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនអូស្ដ្រាលីនេះ បានទទួលអាជ្ញាបណ្ណរុករករ៉ែ កាលពីខែកក្កដាឆ្នាំ២០១៧។ កាលពីចុងសប្ដាហ៍មុននេះ ក្រុមហ៊ុននេះបានប្រកាសថាប្រមូលទុនបាន ២៧លានដុល្លារអូស្ដ្រាលី (ប្រមាណជាង ១៩លានដុល្លារអាមេរិក) តាមរយៈការបោះផ្សាយលក់មូលបត្រ ដើម្បីជាប្រភពទុនអភិវឌ្ឍន៍អណ្ដូងរ៉ែមាសនៅអូរខ្វាវ។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ត្រូវបានស្រង់សំដីដោយការសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៥ខែតុលាថា ក្រុមហ៊ុននេះត្រូវបានរំពឹងថានឹងចាប់ផ្ដើមទាញយករ៉ែមាសជាលើកដំបូងនៅដើមឆ្នាំ២០២០។ ទោះយ៉ាងណាលោក យស មុនីរ៉ាត់ មិនអាចបញ្ជាក់ពីទំហំប្រាក់ចំណូលដែលរដ្ឋាភិបាលនឹងទទួលបានពីគម្រោងនេះឡើយ។
កាលពីខែឧសភាឆ្នាំ២០១៧ ក្រុមហ៊ុន Emerald Resources បានចេញរបាយការណ៍សិក្សារបស់ខ្លួនដែលបង្ហាញថា កម្រោងរ៉ែមាសអូរខ្វាវ អាចផលិតមាសបានជាមធ្យម ១០៦០០០អោនស៍ (ជាង៣០០០គីឡូក្រាម) ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះវាយតម្លៃថាប្រតិបត្តិការទាញយករ៉ែនេះនឹងមានរយៈពេល៧ឆ្នាំ និងប្រើទុនវិនិយោគ ៩៨លានដល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com