អន្តរជាតិ
លោកមហា​ធៀ ចង់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​រៀន «​ចេះ​ខ្មាស​» ដូច​ជប៉ុន​
06, Nov 2018 , 11:17 am        
រូបភាព
លោកមហាធៀ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (រូបភាព AFP)
លោកមហាធៀ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បានស្នើ​ឲ្យ​សាកលវិទ្យាល័យ​ជប៉ុន បើក​សាខា​នៅ​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ម៉ាឡេស៊ី​រៀនសូត្រ​តាម​។ លោក មហា​ធៀ ដែល​តែងតែ​ស្ងើចសរសើរ​វប្បធម៌​ធ្វើការ និង​សីលធម៌​របស់​ជប៉ុន​នោះ ចង់ឃើញ​វប្បធម៌​បែបនេះ​មាននៅ​ក្នុងសង្គម​ម៉ាឡេស៊ី​ដែរ​។ យ៉ាងណាមិញ លោក​ទទួលស្គាល់​ពី​កត្តា​ជាច្រើន​ដែល​ហាមឃាត់​គ្រឹះស្ថាន​អប់រំ​ជប៉ុន​បើក​សាខា​នៅឯ​បរទេស​។​

 
​នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​របស់​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានចាប់ផ្ដើម​ទស្សនកិច្ច​ការងារ​៣​ថ្ងៃ​នៅ​ជប៉ុន​ចាប់ពី​ថ្ងៃទី​៥ ខែវិច្ឆិកា ដែលជា​ទស្សនកិច្ច​លើក​ទី​២​របស់លោក​នៅ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​នេះ​។ នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក មហា​ធៀ បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ពី​សាកលវិទ្យាល័យ Tsukuba ជាទី​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​សាកលវិទ្យាល័យ​ជប៉ុន​បើក​សាខា​នៅ​ម៉ាឡេស៊ី​។​
 
​ពី​ទឹកដី​ជប៉ុន លោក មហា​ធៀ បាន​រំឭក​ពី​គោលនយោបាយ​សម្លឹង​ទៅ​ទិសខាងកើត ដែល​លោក​ដាក់ចេញ​ពេលធ្វើ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​១៩៨១ ហើយ​មាន​គោលដៅ​រៀនសូត្រ​ពី​ចំណេះដឹង អាកប្បកិរិយា ការរស់នៅ​របស់​ប្រទេស​នៅ​អាស៊ី​ខាងកើត​មួយ​នេះ​។ ដើម្បី​សម្រេច​គោលដៅ​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​និយាយថា វិធី​ដែល​ល្អ​ជាងគេ គឺ​បញ្ជូន​សិស្ស​ទៅ​រៀន​នៅ​ជប៉ុន ហើយ​យក​ចំណេះដឹង​មក​អនុវត្ត​ក្នុងប្រទេស​វិញ​។​
 
​សម្រាប់​ការ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​លើក​ទី​ពីរ​នេះ​វិញ លោក មហា​ធៀ អះអាងថា វប្បធម៌​ជប៉ុន​ដែល​លោក​សរសើរ​មិន​ដាច់​ពី​មាត់​នោះ បាន​កើនឡើង​តម្លៃ​ថែមទៀត​។ ដើម្បី​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​រៀន​តាម​បាន​នោះ ប្រមុខ​រដ្ឋាភិបាល​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​រូបនេះ​ក៏​សង្ឃឹមថា គ្រឹះស្ថាន​អប់រំ​ជប៉ុន​អាច​ជម្នះ​ឧបសគ្គ​ផ្នែក​ច្បាប់ និង​បញ្ញត្តិ​ផ្សេងៗ​ដើម្បី​បើក​សាខា​នៅ​ម៉ាឡេស៊ី ព្រោះ​ជួយ​កាត់បន្ថយ​ការចំណាយ ហើយ​ម៉ាឡេស៊ី​អាច​ក្លាយជា​មជ្ឈមណ្ឌល​សិក្សា​ជប៉ុន​នៅ​អាស៊ាន​ដែរ​។​
 
​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star រដ្ឋបុរស​ម៉ាឡេស៊ី​រូបនេះ​ចង់ឃើញ​អារម្មណ៍​ចេះ​ខ្មាស​របស់​ប្រជាជន​កើត​មាននៅ​ម៉ាឡេស៊ី​។ ដោយ​ប្រៀបធៀប​រវាង​ម៉ាឡេស៊ី និង​ជប៉ុន លោក​បញ្ជាក់ថា​៖ «​កាលពីដើម ពេល​មិនអាច​សម្រេច​ការងារ​បា​ន ប្រជាជន​ជប៉ុន​នឹងធ្វើ​អត្តឃាត​។ នៅ​ម៉ាឡេស៊ី​វិញ ពេលខ្លះ យើង​គ្មាន​អារម្មណ៍​ខ្មាស​ឡើយ ទោះជា​បរាជ័យ​ក្ដី​។ ជាការ​ពិត យើង​ឃើញ​មនុស្ស​ដើរចូល​គុក​ដោយ​មិន​គ្មាន​អៀនខ្មាស​អ្វី​ទេ និង​មាន​ទឹកមុខ​ញញឹមញញែម​ផង​។​»
 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៣​ឆ្នាំ​រូបនេះ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ​មិន​សមរម្យ ជាពិសេស​សីលធម៌​តែម្ដង​។ សម្រាប់​លោក ពេល​ប្រជាជន ឬ​មន្ត្រី​នៅ​ម៉ាឡេស៊ី​មាន​អារម្មណ៍​អៀនខ្មាស ពួកគេ​គួរ​ខិតខំ​ធ្វើការ​ងារ​ដែ​ល​ត្រូវ​បានដាក់​ឲ្យ​៕
 

Tag:
 ​ម៉ាឡេស៊ី​
  ជប៉ុន​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com