អន្តរជាតិ
ចិន​បង្ហាញ​ពី​ការចូលរួមចំណែក​ខ្លួន​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចពិភពលោក តាមរយៈ​គំនិត​ផ្តួចផ្តើម BRI
06, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉េកាំង​៖ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី (Belt and Road Initiative) ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​ស៊ី ជិន​ភីង កាលពី​ឆ្នាំ​២០១៣​។ ដើម្បី​ឲ្យ​គំនិត​ផ្តួចផ្តើម​នេះ​កាន់តែ​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក គឺ​ត្រូវការ​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​, អាហ្វ្រិក​,​អាមេរិក​ឡាទីន និង​នៅ​អឺរ៉ុប ដែលជា​មិត្ត​របស់​ចិន​។​

 
​នេះ​ការលើកឡើង​របស់លោក​ស្រី  YUE Yanghua អនុប្រធាននាយកដ្ឋាន​អន្តរជាតិ នៃ​គណៈកម្មការ​កណ្តាល​បក្ស​កុម្មុយនីស្ត​ចិន ដែល​បានបញ្ជាក់​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​ជាង​២០​នាក់​ពី​បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​ទីក្រុង​ប៉េកាំង​។​


 
​លោកស្រី YUE Yanghua គូសបញ្ជាក់​ដូច្នេះ​ថា​៖« BRI នឹង​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​សង្គមជាតិ អាស្រ័យ​ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​មិត្ត នៅ​អាស៊ី​,​អាហ្វ្រិក​, អាមេរិក​ឡាទីន​, និង​អឺរ៉ុប ដើម្បី​ធានាបាន​នូវ​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​»​។​
 
​ក្នុងជំនួប​ពិភាក្សា​នោះ អនុប្រធាននាយកដ្ឋាន​អន្តរជាតិ​នៃ​គណៈបក្ស​កុ​ម្មុនី​ស្ត​ចិន បាន​គូសបញ្ជាក់​ផងដែរ​ពី មាន​តួនាទី និង​ទំនួល​ខុសត្រូវ​កាន់តែ​សំខាន់​របស់​ចិន ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រជាជាតិ​ទាំងមូល ដែល​គេ​មិនអាច​មើលរំលង​បាន ចាប់ពី​តាំងពី​បើកចំហរ​សេដ្ឋកិច្ច​មក​។ 


 
​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី សម្រេចបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ប្រែក្លាយ​ពី​ទ្រឹស្តី មកជា​សកម្មភាព​ជាក់ស្តែង​។ បច្ចុប្បន្ន​មាន​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ជាង​១០០​ហើយ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៃ​គំនិត​ផ្តួចផ្តើម​នេះ​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី YUE Yanghua រួច​បន្ត​ដោយ​រំពឹងថា​ប្រតិភូ​អ្នកសារព័ត៌មាន​នឹង​ទទួលបាន​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី ក៏ដូចជា​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលាយ​ពីរ​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទៅកាន់​ប្រជាជន​នៅក្នុង​ប្រទេស​របស់ខ្លួន​។ 
 


​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ អ្នកកាសែត​ខ្មែរ​៦​រូប​មកពី​អង្គភាព​សារព័ត៌មាន​ថ្មីៗ ដើមអម្ពិល និង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន​ប្រចាំឆ្នាំ​។ វេទិកា ត្រូវបាន​រៀបចំ​ដោយសារ​ព័ត៌មាន​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ដ៏​មាន​ឥទ្ធិពល​ឈ្មោះ People’s Daily ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​។ 
 
​រៀងរាល់ឆ្នាំ អ្នកកាសែត​ជាង​១០០​នាក់​មកពី​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ជជែក​ពិភាក្សា​លើ​ប្រធានបទ​នានា​ស្តីពី​សារព័ត៌មាន និង​គំនិត​ផ្តួចផ្តើម​នេះ​។ ទន្ទឹមគ្នា​នោះ​វេទិកា​សារព័ត៌មាន​១០ បូក​៣ ក៏ត្រូវ​បានរៀបចំ​ជាមួយគ្នា​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com