ជាតិ
លោកស្រី រ៉ូ​ណា​ល់ ស្មី​ត​៖ ស្ថានភាព​កម្ពុជា​ផ្លាស់ប្ដូរ​គ្រប់ពេលវេលា​! ពេលខ្លះ​«​ប្រសើរឡើង​» ហើយ​ពេលខ្លះ​«​មាន​បញ្ហា​»
06, Nov 2018 , 3:44 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
​ភ្នំពេញ​៖ ស្ថានភាព​កម្ពុជា​ផ្លាស់ប្ដូរ​គ្រប់ពេលវេលា ដោយពេល​ខ្លះ​«​ប្រសើរឡើង​» ហើយ​ពេលខ្លះ​«​មាន​បញ្ហា​» ។ នេះ​ជាការ​លើក​របស់​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ក្រោយ​ជំនួប​លោក កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា​។​


 
​បញ្ហា​ដែល​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​លើក​ទៅ​និយាយ​ជាមួយ​លោក កែវ រ៉េមី គឺ​ផ្ដោត​សំខាន់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​។ លោកស្រី ស្មី​ត បានស្នើ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រក​ផ្លូវ​ជំរុញ​ដំណើរការ​វឌ្ឍនភាព នៃ​សេរីភាព យុត្តិធម៌ ជាពិសេស​ការគោរព និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​រឹងមាំ​។ សម្រាប់​លោកស្រី ស្មី​ត អ្វីដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​សហការ​ជាមួយ​លោកស្រី ឲ្យ​បាន​មុតមាំ​នោះ គឺ​ត្រូវការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​


រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
 
​នៅពេលដែល​អ្នកកាសែត​សួរថា តើ​លោកស្រី មើលឃើញ​ដូចម្ដេច អំពី​ស្ថានការណ៍​ប្រទេស​កម្ពុជា ? លោកស្រី ស្មី​ត បាន​និយាយថា ស្ថានភាព​កម្ពុជា​ផ្លាស់ប្ដូរ​គ្រប់ពេលវេលា ដោយពេល​ខ្លះ​«​ប្រសើរឡើង​» ហើយ​ពេលខ្លះ​«​មាន​បញ្ហា​» ។ 
 
​ថ្លែង​ចំពោះមុខ​អ្នកកាសែត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា នៅពេល​ខ្ញុំ​មក​កម្ពុជា ហើយ​ខ្ញុំ​ត្រឡប់​ទៅវិញ​ពី ៣​ខែ ៤​ខែ ឬ​៥​ខែ ក្រោយមក យើង​ឃើញថា​ស្ថានភាព​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូ​រ​គ្រប់ពេលវេលា​។ ១០​ឆ្នាំ​កន្លងមកនេះ មាន​សញ្ញា​ឡើង​ចុះ​ដោយ​ពេលខ្លះ​«​ល្អប្រសើរ​ឡើង​» ហើយ​ពេលខ្លះ​«​មាន​បញ្ហា​» វា​ភាព​ប្រហាក់ប្រហែលគ្នា​»​។


រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ 
​ជុំវិញ​ស្ថានការណ៍​ប្រឈមមុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​វិញ លោកស្រី ស្មី​ត បាន​និយាយថា ផ្លូវ​ដែល​រដ្ឋាភិបាល​ត្រូវ​ដើរទៅ​មុខ​នោះ គឺ​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស ហើយ​វា​មិនមែន​ធ្វើបែបនេះ ដើម្បី​ផ្គាប់ចិត្ត​សហភាព​អឺរ៉ុប​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវធ្វើ​បែបនេះ សម្រាប់​ប្រទេស​កម្ពុជា​។​
 
«​ខ្ញុំ​ថា វា​តែងតែមាន​បញ្ហា ហើយ​តែងតែ​ត្រូវ​ឲ្យ​មាន​ដំណោះស្រាយ​។ ហើយ​បើ​អ្នក​(​រដ្ឋាភិបាល​) ដើរ​លើផ្លូវ​មួយ​ដ៏​ល្អ​នោះ អ្នក​នឹងមាន​ដំណោះស្រាយ​ពិតប្រាកដ​មួយ​សមស្រប​។ សម្រាប់​ខ្ញុំ​គិតថា បើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​បាន​ហើយ នោះ​បញ្ហា​EBA និង​បញ្ហា​ផ្សេងៗ លែង​កើតមាន​សម្រាប់​ក​ម្ពុ​ជា​ទៀតហើយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក​ស្រី រ៉ូ​ណា​ល់ ស្មី​ត ឆ្លើយតប​នឹង​សំនួរ​អ្នកព័ត៌មាន​ជុំវិញ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​


រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
 
​ទោះជា​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្តី ប៉ុន្តែ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត មិនបាន​លើក​ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​និយាយ​ជាមួយ​លោក កែវ រ៉េមី ឡើយ ។ បើតាម​លោកស្រី ស្មី​ត មូលហេតុ​ដែល​ខ្លួន​មិន​លើកយក​ករណី​លោក កឹម សុខា ទៅ​ពិភាក្សាគ្នា​នេះ ព្រោះ​បញ្ហា​នេះ​លោកស្រី ធ្លាប់​អំពាវនាវ​ជាច្រើនលើក​មកហើយ​។ លោកស្រី ស្មី​ត ក៏​គ្មាន​គម្រោង​ជួប​ជាមួយ​មេធាវី​លោក កឹម សុខា ផងដែរ​។ នេះ​ជាការ​បញ្ជាក់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​


រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
 
​ទាក់ទង​នឹង​បញ្ហា​នេះ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​លោកស្រី ស្មី​ត ថា កម្ពុជា ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស និង​មានការ​យោគយល់ នៅក្នុង​ការអនុវត្ត​ច្បាប់ ដោយ​ភ្ជាប់​ករណី​លោក កឹម សុខា ដែល​ផ្ទេរ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ មក​ឃុំ​នៅក្នុង​ផ្ទះ​វិញ​។ លោក កែវ រ៉េមី ចាត់ទុក​ទង្វើ​របស់​តុលាការ​មកលើ​លោក កឹម សុខា នេះ គឺជា​ការយោគយល់​ផ្នែក​ច្បាប់​មួយ និង​ជាការ​គោរព​សិទ្ធិមនុស្ស​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា លោកស្រី រ៉ូ​ណា​ល់ ស្មី​ត មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រឈមមុខ​បញ្ហា​ដក ឬ​មិន​ដក​ការអនុគ្រោះ​ពន្ធ​វិញ ពី​សហភាព​អឺរ៉ុប ។ សហភាព​អឺរ៉ុប ត្រូវការ​រយៈពេល​១​ឆ្នាំ ដើម្បី​ត្រួតពិនិត្យ និង​ប្រមូល​ព័ត៌មាន​ស្ថានភាព​ប្រទេស​កម្ពុជា មុននឹង​សម្រេច​ចុងក្រោយ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ក្រោយ​បញ្ចប់​បេសកកម្ម​ខ្លួន​នេះ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត នឹងធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ខ្លួន​៕
 

Tag:
 Rhona Smith
  កែវ រ៉េមី​
 UN
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com