ជាតិ
នគរបាលជាតិ ត្រៀម​កងកម្លាំង​ជាង​២​ម៉ឺន​នាក់ ការពារ​សន្តិសុខ​ក្នុង​ពី​ធី​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​
07, Nov 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានរៀបចំ​កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ជាង​២​ម៉ឺន​នាក់​សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ នេះ​បើ​យោងតាម​កិច្ចប្រជុំ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។

 
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​និយាយថា កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមានឯករាជ្យ នឹងមាន​ចំនួន ១៣,៩៥០​នាក់ និង​នៅមុខ​ព្រះបរមរាជវាំង មាន​ចំនួន ១២,៣០០​នាក់​។ 
 
«  នេះ​ជា​កិច្ច​ការដែល​យើង​ត្រូវ​ធានា​ចំពោះ​រាជរដ្ឋាភិបាល ដើម្បី​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​អោយបាន​ទាំងស្រុង​»​។ លោក នេ​ត សាវឿន ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ ផ្តោតទៅលើ​បញ្ហា​ប្រឈម និង​សភាព​ការជាក់ស្តែង ក្នុង​ការធានា​សុវត្ថិភាព​ឲ្យ​បាន​១០០​ភាគរយ​។​
 
​គណៈកម្មការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​លោក ទូច ណារ៉ុថ បាន​បន្ថែមថា ក្រៅពី​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវគោក ក៏មាន​ការរៀបចំ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ តាមផ្លូវ​ទឹក ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ឆ្លងកាត់​នោះឡើយ ចាប់ពី​ម៉ោង​៥​ភ្លឺ រហូត​ទៅដល់​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​ទុក​ឲ្យ​ពិធី​មិ​ទ្ទិញ​ដំណើរការ​បានល្អ​។ 
 
​លោក ទូច ណារ៉ុថ ថា​៖«​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំនេះ គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ចំនួន​បី​ចំណុច​គឺ ទី​១.​នៅ​វិមានឯករាជ្យ ទី​២.​នៅ​ព្រះបរមរាជវាំង និង​ទី​៣.​នៅតាម​ដងផ្លូវ »​។​
 
​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា គឺ​ការ​រំ​ម្លឹ​ក​ខួប​៦៥​ឆ្នាំ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង ៕
 

Tag:
 បុណ្យ​ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com